រញ្ជួយដី​នៅ​អេក្វាទ័រ៖ តុល្យភាព​មនុស្ស​ស្លាប់​ឡើង​ដល់ ២៣៨នាក់

គ្រោះរញ្ជួយដី ដែលបានកើតឡើង នៅក្នុងប្រទេស អេក្វាទ័រ នៅថ្ងៃសៅរ៍កន្លងមកនេះ បាន​សម្លាប់​មនុស្ស​យ៉ាង​តិច ២៣៥នាក់ ខណៈចំនួនអ្នករបួស កើនឡើងដល់ ១៥៥៧នាក់។ នេះ​បើ​តាម​តុល្យភាព​ចុង​ក្រោយ ដែល​ផ្ដល់​ដោយ​ប្រធានាធិបតី នៃ​ប្រទេស​អេក្វាទ័រ លោក រ៉ាហ្វាអែល កូរ៉េអា (Rafael Correa)។
រញ្ជួយដី​នៅ​អេក្វាទ័រ៖ តុល្យភាព​មនុស្ស​ស្លាប់​ឡើង​ដល់ ២៣៨នាក់
គំនរបាក់បែក បន្ទាប់ពីគ្រោះរញ្ជួយដី ដែលមានកម្លាំង ៧,៨ រិចឆ្ទ័រ នៅក្នុងប្រទេសអេក្វាទ័រ កាលពីល្ងាចថ្ងៃសៅរ៍។ (រូបថត AFP)
Loading...
  • ដោយ: សុបិន្ដ អត្ថបទ៖ សុបិន្ត ([email protected]) - ម៉ុងរ៉េអាល់ ថ្ងៃទី១៧ មេសា ២០១៦
  • កែប្រែចុងក្រោយ: April 18, 2016
  • ប្រធានបទ: គ្រោះធម្មជាតិ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

គ្រោះរញ្ជួយដី ដែលបានអង្រួនប្រទេសអេក្វាទ័រ នៅក្នុងកម្រិត៧,៨រីចឆ្ទ័រ កាលពីល្ងាចថ្ងៃសៅរ៍នេះ បានសម្លាប់​មនុស្សយ៉ាងតិច ២៣៨នាក់។ នេះជាការប្រកាសឲ្យដឹង របស់ប្រធានាធិបតីនៃប្រទេសអេក្វាទ័រ លោក រ៉ាហ្វាអែល កូរ៉េអា (Rafael Correa) នៅក្នុងថ្ងៃអាទិត្យ។ រីឯចំនួនអ្នករបួសវិញ បានកើតឡើងដល់ទៅ ១៥៥៧នាក់។

ជាគ្រោះរញ្ជួយដី ដែលមានកម្លាំងខ្លាំង និងមិនដែលធ្លាប់កើតមាន រាប់ចាប់តាំងពីឆ្នាំ១៩៧៩​កន្លងមក ហើយ​ដែល​បានវាយប្រហារ នៅក្នុងតំបន់ឆ្នេរសមុទ្រ សម្រាប់ពួកអ្នកទេសចរណ៍ និងតំបន់កំពង់ផែ សម្រាប់​អ្នក​នេសាទ​សមុទ្រ ស្ថិតនៅចំងាយ ប្រមាណជា១៧០គីឡូម៉ែត្រ ភាគពាយ័ព្យពីរដ្ឋធានី គីតូ (Quito)។

ប៉ុន្តែរដ្ឋធានី គីតូ ក៏ទទួលរងឥទ្ធិពល ពីគ្រោះរញ្ជួយដីនេះដែរ។ មនុស្សម្នាបានចេញ មកឈរព្រោងព្រាត នៅ​តាមដងផ្លូវ ខណៈពេលអាគារទាំងឡាយ នៅក្នុងរដ្ឋធានី កំពុងគ្រវីខ្លួន។ ហេតុការណ៍នេះ បានធ្វើឲ្យ​ដាច់​ចរន្ត​អគ្គិសនី នៅក្នុងសង្កាត់ជាច្រើន និងអាគារមួយចំនួន បានដួលរលំ។

លោកប្រធានាធិបតី កូរ៉េអា បានអះអាងពីតុល្យភាពខាងលើ នៅលើគណនីទ្វីសធើរ​ផ្លូវការរបស់លោក ខណៈ​លោកកំពុងមានវត្តមាន នៅលើយន្ដហោះដែលចេញ ពីរដ្ឋធានី រ៉ូម Rome( ប្រទេសអ៊ីតាលី) ត្រឡប់​ទៅ​មាតុ​ប្រទេសវិញ។ នៅមុននេះ អាជ្ញាធរអេក្វាទ័របានអះអាងថា មនុស្សស្លាប់៧៧នាក់ និងរបួស៥៨៨នាក់។

នៅពេលទស្សនកិច្ច ក្នុងប្រទេសអ៊ីតាលី លោក រ៉ាហ្វាអែល កូរ៉េអា បានចុះហត្ថលេខាលើក្រិត្យមួយ ដើម្បី​ដាក់​ប្រទេសទាំងមូល ទៅក្នុងភាពអាសន្ន ហើយលោកបានបញ្ចប់​ទស្សនកិច្ចផ្លូវការរបស់លោក នៅមុន​កាល​កំណត់។ នៅក្នុងក្រិត្យនោះ លោកប្រធានាធិបតីបានស្នើ ឲ្យប្រជាជនអេក្វាទ័រទាំងអស់ មានជំហររឹងមាំ និង​ចូលរួម​ជាមួយ​អាជ្ញាធរ ដើម្បីដោះស្រាយវិបត្តិ ដែលកើតឡើងក្រោយគ្រោះរញ្ជួយដី។

លោក កូរ៉េអា បានថ្លែងតាមទូរស័ព្ទ ក្នុងកញ្ចក់ទូរទស្សន៍ថា៖ «អ្វីៗទាំងអស់អាចសាងសង់ឡើងវិញបាន លើក​លែងតែជីវិតមនុស្ស។ ហើយនេះ ជាអ្វីដែលធ្វើឲ្យយើងក្ដុកក្ដួល ខ្លាំងជាងគេទាំងអស់។»

អាជ្ញាធរអេក្វាទ័រ បានឲ្យដឹងថា ភ្នាក់ងារនគរបាលចំនួន ៤៦០០នាក់ និងទាហានចំនួន ១០ ០០០នាក់ ត្រូវ​បាន​បញ្ជូនទៅកាន់តំបន់ ដែលរងការប៉ះពាល់ខ្លាំងជាងគេ ដើម្បីបន្ថែមកម្លាំង ទៅឲ្យក្រុមជួយសង្គ្រោះ ដែល​កំពុង​ជីក​កកាយគំនរបាក់បែក និងកំពុងចាត់ចែងលើជន ដែលបានរួចរស់មានជីវិត។

មជ្ឈមណ្ឌលស្រាវជ្រាវ ផ្នែកភូមិសាស្ត្ររបស់អាមេរិក បានគណនានាពេលដំបូង ឃើញកម្រិតនៃការរញ្ជួយ មាន​ត្រឹមតែ៧,៤រិចឆ្ទ័រប៉ុណ្ណោះ ប៉ុន្តែក្រោយមកបានតម្លើង ដល់៧,៨រិចឆ្ទ័រវិញ។ ការរញ្ជួយនៅពេលដំបូង ដែល​ចាប់ផ្ដើមនៅម៉ោង ១៨ និង៥៨នាទី (ម៉ោងក្នុងស្រុក) មាន​រយៈពេលប្រមាណជា ១នាទី តែបានបន្តរញ្ជួយ ចំនួន​ជិត​២០០ដងទៀត។ អាជ្ញាធរបានព្រមានថា ការ​រញ្ជួយ​ដ៏ខ្លាំងក្លា នឹងអាចកើតមានជាថ្មីទៀត នៅក្នុង​ប៉ុន្មាន​ថ្ងៃ ឬប៉ុន្មាន​ម៉ោង​ខាងមុខ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...