ថ្ងៃ​ចន្ទ​ពណ៌​ខ្មៅ៖ អ្នក​នាំ​ពាក្យ CNRP ថា​សំដី អេង ឆៃអ៊ាង ធ្វើ​ឡើង​ជា​បុគ្គល

រវាងការលើកឡើង ថាជាករណីបុគ្គល និងការដកខ្លួនថយ ពីយុទ្ធនាការថ្ងៃចន្ទពណ៌ខ្មៅ ព្រោះ​ការ​​ព្រមាន​​​​របស់​​សាលា​រាជធានី តើ​មាន​អ្វី​ខុស​គ្នា? ពិតជាមាន ហើយអាច​ជាកំហុស​​មួយ​​ថែម​ទៀត។ កំហុស​នោះ ដោយហេតុ​ថា គណបក្ស​សង្គ្រោះ​ជាតិ​ធ្លាប់ប្រកាសថា ខ្លួនតែងធ្វើ​ការងារ​អ្វីៗ ជា​«ក្រុម» និង​បាន​ឆ្លង​កាត់​ការ​យល់​ព្រម ពី​គណកម្មការ​នាយក​ជាមុន​ហើយ។
ថ្ងៃ​ចន្ទ​ពណ៌​ខ្មៅ៖ អ្នក​នាំ​ពាក្យ CNRP ថា​សំដី អេង ឆៃអ៊ាង ធ្វើ​ឡើង​ជា​បុគ្គល
លោក យឹម សុវណ្ណ អ្នកនាំពាក្យរបស់គណបក្សសង្គ្រោះជាតិ។ (រូបថត MONOROOM.info/ O. Vary)
Loading...
  • ដោយ: ដារា រិទ្ធ អត្ថបទ និងយកការណ៍៖ ដារា រិទ្ធ ([email protected]) - ភ្នំពេញ ថ្ងៃទី១៣ សីហា ២០១៦
  • កែប្រែចុងក្រោយ: August 13, 2016
  • ប្រធានបទ: នយោបាយ-កម្ពុជា
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ទន្ទឹមនឹងការប្រកាសដកខ្លួន ចេញពីយុទ្ធនាការថ្ងៃចន្ទពណ៌ខ្មៅ អ្នកនាំពាក្យរបស់គណបក្សសង្គ្រោះជាតិ ថែម​ទាំង​បាន​អះអាងថា ការលើកឡើងរបស់លោក អេង ឆៃអ៊ាង កាលពីថ្ងៃចន្ទ ដើមសប្ដាហ៍នេះ ថាជាការលើកឡើង ដោយ​បុគ្គលខ្លួនលោក ដែល​មាន​បំណងចង់សម្ដែងមតិ និងមិនឆ្លុះបញ្ចាំង ពីយន្ដការរបស់គណបក្សនោះទេ។

នៅក្នុងការថ្លែងកាលពីថ្ងៃចន្ទ មន្ត្រីជាន់ខ្ពស់ និងជាតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោក អេង ឆៃអ៊ាង បាន​ថ្លែង​ទៅកាន់​អ្នក​សារព័ត៌មាន និងអ្នកគាំទ្រច្រើនសិបនាក់ នៅក្នុងទីស្នាក់ការកណ្ដាលថា គណបក្ស​ប្រឆាំង​មួយ​នេះ នឹង​​ចូលរួម​​ធ្វើ​យុទ្ធនាការ«ពាក់អាវខ្មៅ» ជាមួយក្រុមអង្គការសង្គមស៊ីវិល ដើម្បីទាមទារឲ្យទម្លាក់ចោល នូវ​ការ​ចោទ​ប្រកាន់ និង​ដោះ​លែង​សកម្មជនការពារសិទ្ធិមនុស្ស និងមន្ត្រីរៀបចំការបោះឆ្នោត ដែលកំពុង​ជាប់ឃុំ​ជា​បណ្ដោះ​អាសន្ន នៅ​​ក្នុង​​ពន្ធនាគារ​​ព្រៃស។

ប៉ុន្តែអ្នកនាំពាក្យគណបក្សប្រឆាំង លោក យឹម សុវណ្ណ បានថ្លែងផ្ទុយមកវិញ នៅព្រឹកថ្ងៃសៅរ៍នេះ បន្ទាប់​ពី​គណបក្ស​សង្គ្រោះជាតិ បានទទួលលិខិតព្រមានមួយ កាលពីថ្ងៃម្សិលម៉ិញ ពីសំណាក់សាលារាជធានី ដែល​បាន​ហាម​គណបក្សប្រឆាំង មិនឲ្យធ្វើយុទ្ធនាការនេះឡើយ។ លោក យឹម សុវណ្ណ បានថ្លែងនៅចំពោះអ្នកគាំទ្រ និង​អ្នក​សារព័ត៌មាន ថាតាមពិតទៅ គណបក្សសង្គ្រោះជាតិ មិនមានផែនការរៀបចំយន្តការ ដើម្បីសម្ដែងមតិ​តាម​រយៈ​​ការ​ស្លៀក​ពាក់​​ខោអាវខ្មៅ នៅតាមទីធ្លាសាធារណៈទេ។

លោក យឹម សុវណ្ណ បានបញ្ជាក់ថា៖ «គណបក្សសង្គ្រោះជាតិ មិនមានផែនការរៀបចំយន្តការ ដើម្បីសម្ដែងមតិ តាមរយៈការស្លៀកពាក់ខោអាវខ្មៅ នៅតាមទីធ្លាសាធារណៈទេ។ ដូច្នេះ ខ្ញុំសូមបញ្ជាក់ទៅរាជរដ្ឋាភិបាល ក៏ដូច​ជា​អាជ្ញាធរ មានសមត្ថកិច្ចថា កុំឲ្យមានការបារម្ភ»។

បន្ថែមពីលើនេះ អ្នកនាំពាក្យគណបក្សរូបនេះ បានចាត់ទុកការលើកឡើង របស់លោក អេង ឆៃអ៊ាង កាលពី​ថ្ងៃ​ចន្ទ​ដើម​សប្ដាហ៍ ថាបានធ្វើឡើង តាមឆន្ទៈរបស់បុគ្គលម្នាក់ ឬថ្នាក់ដឹកនាំម្នាក់ៗ ដែលមានបំណងចង់​សម្ដែង​មតិ។ លោកបានឲ្យដឹងដូច្នេះថា៖ «កន្លងមក គណបក្សបានធ្វើតាម គោរពតាមឆន្ទៈរបស់បុគ្គលិកម្នាក់ ថ្នាក់​ដឹក​នាំ​​ម្នាក់ៗ ដែលមានបំណងចង់សម្ដែងមតិ។ សម្ដែងមតិនេះ មិនមែនជាការគំរាមកំហែងអីទេ គ្រាន់តែ​សម្ដែង​មតិ​ដើម្បី​​ដោះ​​ស្រាយ​​បញ្ហា ដោះស្រាយយុត្តិធម៌​ជូនអ្នក​រងគ្រោះ​តែ​ប៉ុណ្ណោះ»។

ការលើកឡើង របស់អ្នកនាំពាក្យរបស់គណបក្សប្រឆាំង បានបង្កភាពមន្ទិល ពីរបៀបរបបធ្វើការងារ​របស់​គណបក្ស​​នេះ ខណៈ​មន្ត្រីជាន់​ខ្ពស់​ដទៃទៀត​​របស់គណបក្ស តែងបានលើកឡើងថា គណបក្សខ្លួនមាន​របៀប​ធ្វើការ «ជាក្រុម» ហើយ​ការសម្រេចអ្វី​ក៏ដោយ គឺជាការសម្រេច ​​របស់គណកម្មការ​នាយក​​របស់​​គណបក្ស។

ភា្លមៗក្រោយការប្រកាសនោះ មនុស្សជាច្រើននាក់ នៅលើបណ្ដាញសង្គម បានរិះគន់ថា គណបក្ស​សង្គ្រោះ​ជាតិ​កំពុង​ធ្វើខ្លួន ឲ្យក្លាយជា«ទឹកនៅលើស្លឹកឈូក» និងគ្មានជំហរយុទ្ធសាស្ត្រ​​នយោបាយ​​ច្បាស់លាស់។ សម្រាប់​អ្នក​ខ្លះ​ទៀត បានគិតថា ការផ្លាស់ប្ដូរ​ក្នុងកម្រិត​១៨០អង្សារនេះ ដោយហេតុថា​គណបក្សប្រឆាំង មិនចង់ប្រឈមនឹង​ការ​ព្រមាន​របស់​សាលា​រាជធានី ដែលបានចេញលិខិត​ហាមគណបក្ស មិនឲ្យធ្វើយុទ្ធនាការ «ថ្ងៃចន្ទពណ៌ខ្មៅ» ដែល​អាជ្ញាធរ​​ចាត់​​ទុក​ថា ជាយុទ្ធនាការមាននិន្នាការ ចង់ផ្ដួលរដ្ឋាភិបាល។

សូម្បីលោក យឹម សុវណ្ណ ខ្លួនលោក​ ក៏បានទទួលស្គាល់ដែរ ពីបំណងចង់ឲ្យ«សុខស្រួល» ខាងផ្នែក​នយោបាយ។ លោកបានថ្លែង នៅព្រឹកថ្ងៃសៅរ៍នេះដដែលថា៖ «យើងមិនចង់ឃើញបញ្ហានយោបាយ ដែលចេះ​តែ​ជាប់​គាំង ដែល​​ចេះ​​តែ​ធ្វើ​ឲ្យ​រំខាន​អារម្មណ៍ នៅក្នុងការបំពេញការងារ របស់យើងម្នាក់ៗនោះទេ»៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...