អ៊ឺរ៉ូ២០១២៖ បារាំងផ្ដួលអ៊ុយក្រែន ដើម្បីឡើងខ្ពស់ រីឯស៊ុយអែដអស់សង្ឃឹម ក្រោយជួបអង់គ្លេស
- ដោយ: មនោរម្យ.អាំងហ្វូ
- កែប្រែចុងក្រោយ: June 16, 2012
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ក្រោយពីការប្រកួតត្រូវបានផ្អាក ចំនួន៥៦នាទី ដោយមូលហេតុ ពីភ្លៀងធ្លាក់រន្ទះផ្គរយ៉ាងខ្លាំង នៅទីក្រុង ដូណេតស្ក (Donetsk ប្រទេសអ៊ុយក្រែន) ក្រុមជំរើសជាតិបារាំងបានត្រឡប់មកវិញ ដើម្បីសំដែងមហិទ្ធិរិទ្ធ របស់ខ្លួន ក្នុងការ បំបាក់ ក្រុមជំរើសជាតិរបស់ប្រទេសអ៊ុយក្រែន ដែលជាប្រទេសសហការរៀបចំ អ៊ឺរ៉ូ២០១២ ក្នុងពិន្ទុ ២ទល់នឹង០។ រីឯអង់គ្លេស ក៏បានបង្អាក់ស៊ុយអែដ មិនត្រឹមតែមិនអោយឡើងទៅ ១ភាគ៤ផ្ដាច់ព្រ័ត្រ ប៉ុណ្ណោះទេ តែបានផាត់ ស៊ុយអែដ អោយចេញពីអ៊ឺរ៉ូ ២០១២ នេះរួចទៅហើយ បើទោះជានៅសល់មួយប្រកួត ទៀតក៏ដោយ។
ភ្លៀងធ្លាក់ខ្លាំងដូចគេចាក់ទឹក ពេលចាប់ផ្ដើមប្រកួតរវាង បារាំង និងអ៊ុយក្រែន នៅអ៊ឺរ៉ូ ២០១២ / Crédit Photo: uefa.com
នៅមុនការប្រកួត ក្រុមបាល់ទាត់របស់ប្រទេសបារាំង បានសំដែងនូវការព្រួយបារម្ភយ៉ាងខ្លាំង អំពីសីតុណ្ហភាព នៅក្នុង ប្រទេសអ៊ុយក្រែន ដែលឡើងខ្ពស់ជាង ៣០°ដឺក្រេ។ តែនៅពេលដែលការប្រកួតបានចាប់ផ្ដើម សីតុណ្ហភាពនេះ មិនមែន ជាបញ្ហាចំបង ដែលក្រុមបារាំងភ័យព្រួយនោះទេ។ គឺភ្លៀងផ្គរន្ទះខ្លាំង ដូចគេចាក់ទឹក នៅកីឡាដ្ឋាន ដុនបាស្ស (Donbass) នោះទៅវិញទេ ដែលបានបង្ខំអោយអាជ្ញាកណ្ដាលផ្អាកការប្រកួត នៅត្រឹមនាទីទី ៤។ ហើយនៅ៥៦នាទីក្រោយមក ការប្រកួតបានធ្វើជាបន្តទៅទៀត ដោយបារាំងបានបង្ហាញពី បំណងដ៏មុតមាំរបស់ខ្លួន ក្នុងការដណ្ដើមពិន្ទុអោយបាន ដើម្បីអាចមានសង្ឃឹម ឡើងទៅ ១ភាគ៤ផ្ដាច់ព្រ័ត្រ ហើយបានសង្កត់ក្រុមបាល់ទាត់អ៊ុយក្រែន រហូតដល់ចុងបញ្ចប់នៃ ការប្រកួត ក្នុងពិន្ទុ ២ទល់នឹង០។
ការប្រកួតរវាង បារាំង និងអ៊ុយក្រែន នៅអ៊ឺរ៉ូ ២០១២ / Crédit Photo: uefa.com
បើវិភាគពីចំនុចខ្សោយ និងចំនុចខ្លាំង គេបានមើលឃើញ ពីក្រុមជំរើសជាតិមួយ ដែលបានបន្សល់ទុកចន្លោះប្រហោង ជាច្រើន ជាពិសេសខាងខ្សែរការពារតែម្ដង ជាហេតុធ្វើអោយបារាំង មានឱកាសនឹងស៊ុតបញ្ចូលទី បានយ៉ាងច្រើន នៅក្នុង ការប្រកួតនេះ។ តែនៅពាក់កណ្ដាលម៉ោងដំបូង បារាំងមិនសូវជាបានបង្ហាញ ពីប្រសិទ្ធិភាព ក្នុងការស៊ុតបញ្ចូលទីអ៊ុយក្រែន ប៉ុន្មាននោះទេ។ រហូតដល់នាទីទី ៥៣ ក្នុងពាក់កណ្ដាលម៉ោងទីពីរ ដែលកីឡាករបារាំង មេណេស (Ménez) បានទទួល បាល់ពី ប៊ែនហ្សេម៉ា (Benzema) ហើយស៊ុតបញ្ចូលទីអ៊ុយក្រែន បានមួយគ្រាប់។ បន្ទាប់ក្រោយពី គ្រាប់ទីមួយ បានតែ៣នាទី ប៉ុណ្ណោះ កីឡាករបារាំងម្នាក់ទៀត ឈ្មោះ កាបៃ (Cabaye) បានស៊ុតបញ្ចូលទី បានមួយគ្រាប់ទៀត។
នេះជាលើកទីមួយ នៅក្នុងប្រវត្តិបាល់ទាត់ ដែលបារាំងបានបម្បាក់ ក្រុមជំរើសជាតិរបស់ប្រទេសអ្នករៀបចំការប្រកួត នៅក្រោមសំលេង ស្រែកហ៊ោកងរំពង និងយ៉ាងក្លៀវក្លា របស់អ្នកគាំទ្រ ខាងគូប្រជែងនោះ។ បារាំងនឹងគ្រប់គ្រងជោគ វាសនារបស់ខ្លួន ដោយផ្ទាល់ នៅពេលជួបជាមួយនឺងស៊ុយអែដ ក្នុងបួនថ្ងៃខាងមុខ ដោយយកត្រឹមតែស្មើជាមួយនឹង ស៊ុយអែដប៉ុណ្ណោះ បារាំងនឹងច្បាស់ជាបានឡើងទៅ ១ភាគ៤ផ្ដាច់ព្រ័ត្រ។ តែជាការសោយស្ដាយមួយ សំរាប់ក្រុមជំរើសជាតិ របស់ប្រទេសស៊ុយអែដ ដែលក្រោយពីជួបជាមួយអង់គ្លេស នៅថ្ងៃដដែលនេះហើយ ក្រុមជំរើសជាតិស៊ុយអែដ ត្រូវបានផាត់ ចេញពីការដណ្ដើមពានរង្វាន់ អ៊ឺរ៉ូ ២០១២ ដោយសារតែការប្រកួតចាញ់ទាំងពីរដង។
ការប្រកួតរវាង បារាំង និងអ៊ុយក្រែន នៅអ៊ឺរ៉ូ ២០១២ / Crédit Photo: uefa.com
ស៊ុយអែដបាននាំមុខ អង់គ្លេស មួយម៉ោងដំបូង ក្នុងពិន្ទុ ២-១។ តែបច្ចេកទេស របស់ប្រទេសអង់គ្លេស ដែលជាប់ឈ្មោះជា ប្រទេសខ្លាំងខាងបាល់ទាត់ នៅតែជាបច្ចេកទេស ដែលមិនអាចកាច់បំបាក់ បានដោយងាយៗនោះទេ។ ពេលដែលដឹងថា ក្រុមរបស់ខ្លួនត្រូវបាននាំមុខ គ្រូបង្វឹករបស់អង់គ្លេស បានធ្វើការផ្លាស់ប្ដូរភ្លាម ដោយបានដាក់បញ្ចូលកីឡាករ តេអូ វ័លកុត (Theo Walcott) ទៅក្នុងខ្សែរប្រយុទ្ធ ហើយគឺកីឡាករនេះហើយ ដែលបាននាំអោយអង់គ្លេសបានពិន្ទុ ស្មើ ២-២មកវិញ នៅនាទីទី៦៤។ ជ័យជំនះរបស់អង់គ្លេស ត្រូវបានបញ្ជាក់សារជាថ្មី ដោយកីឡាករមា្នក់ទៀត ឈ្មោះ វែលប៊ិក (Welbeck) នៅនាទីទី ៧៨ ដែលបានរុញក្រុមស៊ុយអែដ អោយចេញពីអ៊ឺរ៉ូ២០១២ ទាំងយំមិនចេញ។
អង់គ្លេស និងអ៊ុយក្រែន ត្រូវជួបគ្នាក្នុងការប្រកួតចុងក្រោយ នៃជុំជំរុះក្រុមD ហើយអង់គ្លេសនឹងយកត្រឹមតែស្មើ ខណៈ អ៊ុយក្រែនត្រូវតែប្រកួតអោយឈ្នះ អង់គ្លេស ដើម្បីមានសំណាងបានឡើង ទៅ ១ភាគ៤ផ្ដាច់ព្រ័ត្រ។ រីឯស៊ុយអែដវិញ នឹងត្រូវជួបប្រកួតជាមួយបារាំង មិនមែនដើម្បីដណ្ដើមឡើងទៅ ១ភាគ៤ផ្ដាច់ព្រ័ត្រ នោះទេ តែគឺដើម្បីរកកិត្តិយស អោយដល់ក្រុម និងប្រទេសរបស់ខ្លួនតែប៉ុណ្ណោះ។ ស៊ុយអែដ ជាប្រទេសទីពីរ បន្ទាប់ពីអៀរឡង់ ដែលគេបានដឹងច្បាស់ នៅពេលនេះថា ដំណើរក្នុងការដណ្ដើម ពានរង្វាន់អ៊ឺរ៉ុប បានបិទបញ្ចប់៕
ស៊ុយអែដអស់សង្ឃឹមដោយត្រូវផាត់ចេញពីអ៊ឺរ៉ូ ២០១២ ក្រោយពេលចាញ់អង់គ្លេស / Crédit Photo: uefa.com
---------------------------------------------------------
ដោយ ៖ មនោរម្យព័ងអាំងហ្វូ - ប៉ារីស ថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ២០១២
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ