អាមេរិក​ស្នើរ ថៃ ម៉ាឡេស៊ី និង​ឥណ្ឌូនេស៊ី ឲ្យ​ទទួល​ជន​ភៀស​ខ្លួន

សហរដ្ឋអាមេរិក បានបន្ថែមសម្ពាធ ដាក់លើប្រទេសនានា ក្នុងតំបន់អាស៊ីអាគ្នេយ៍ ឲ្យទទួលឲ្យជ្រកកោន ជាបណ្ដោះអាសន្ន នូវជនភៀសខ្លួនតាមទូក ដែលកំពុងរងក្នុងស្ថានភាព កាន់តែលំបាកឡើងៗ ក្នុងពេលនេះ។
Loading...
  • ដោយ: កេសរ កូល អត្ថបទ៖ កេសរកូល ([email protected]) - ភ្នំពេញ ថ្ងៃទី១៦ ឧសភា ២០១៥
  • កែប្រែចុងក្រោយ: May 17, 2015
  • ប្រធានបទ: អន្តោរប្រវេសន៍
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

រដ្ឋមន្ត្រីការបរទេសអាមេរិក លោក ចន ឃែរី (John Kerry) បានជួបជជែកជាមួយ ដៃគូសន្ទនារបស់លោក រដ្ឋមន្ត្រីការ​បរទេស​ថៃ ដើម្បីពិភាក្សា ពីស្ថានភាពនៃជនភៀសខ្លួន តាមទូក នៅក្នុងសមុទ្រ អាដាមាន (Andaman) និងពីលទ្ធភាព សម្រាប់​ប្រទេស​ថៃ ក្នុងការផ្ដល់ជម្រកបណ្ដោះអាសន្ន ឲ្យក្រុមជនភៀសខ្លួនទាំងនោះ។

អ្នកនាំពាក្យ ក្រសួងការបរទេសអាមេរិក លោក ចេហ្វ រ៉ាធឃេ (Jeff Rathke) បានថ្លែងឲ្យដឹងថា៖ »យើងអំពាវនាវ ដល់​បណ្ដារដ្ឋាភិបាល នៃប្រទេសនៅក្នុងតំបន់ ធ្វើយ៉ាងណា កុំឲ្យរុញទូកទាំងនោះ ចេញទៅក្នុងសមុទ្រវិញ»។

សម្រាប់នាយករដ្ឋមន្ត្រីម៉ាឡេស៊ី វិញ បានស្នើសុំឲ្យមានការរួមចំណែក ពីប្រទេសភូមា ដែលជនភៀសខ្លួនមួយភាគ ជា​បណ្ដា​ជន​ភាគតិច រ៉ូហ្គិនយ៉ា (Rohingyas) កាន់សាសនាឥស្លាម នៅក្នុងប្រទេសមួយនេះ។ ប៉ុន្តែរដ្ឋាភិបាលក្រុង រ៉ង់ហ្គូន បាន​ឆ្លើយ​មកវិញរួចហើយថា រឿងនេះ មិនមែនជាបញ្ហារបស់ខ្លួនទេ។

នយោបាយបង្ក្រាបរបស់ថៃ

ជនភៀសខ្លួន ដែលមានប្រភពពីប្រទេសបង់ក្លាដេស និងភូមាទាំងនោះ បានកើតមានជាហូរហែ តាំងពីច្រើនឆ្នាំមកហើយ ក្រោមមូលហេតុគេចចេញ ពីជីវភាពក្រលំបាក និងការធ្វើទុក្ខបុកម្នេញ នៅក្នុងភូមិស្រុករបស់ពួកគេ។ ប៉ុន្តែការភៀសខ្លួន បានពង្រីកខ្លួន កាន់តែមាន​ចំនួនច្រើនឡើង នៅក្នុងរយៈពេលចុងក្រោយនេះ។

ចំពោះប្រទេសថៃវិញ បានបង្កើតនូវនយោបាយបង្ក្រាប និងរិតត្បិត ទៅលើជនអន្តោប្រវេសន៍ យ៉ាងចាស់ដៃ។ ហើយដោយ​សារតែ​មិន​អាច​ចូលមកជាន់ ទឹកដីថៃនេះហើយ ទើបមេខ្យល់ និងមេបណ្ដាញជួញដូរមនុស្ស បានទុកជនភៀសខ្លួន ប្រមាណ​ជា៨ពាន់នាក់ នៅកណ្ដាលសមុទ្រ។ កាលពីប៉ុន្មានថ្ងៃមុននេះ ជនភៀសខ្លួនមួយចំនួន បានអណ្ដែត មកដល់​តំបន់​ឆ្នេរ​សមុទ្រ របស់ប្រទេសម៉ាឡេស៊ី និងឥណ្ឌូនេស៊ី។

នគរបាលឥណ្ឌូនេស៊ី បានរៀបរាប់ ពីការជ្រួលច្របល់ របស់ជនភៀសខ្លួន ដោយមានអ្នកខ្លះ បានលោតចេញ ពីក្នុងទូក​របស់​ខ្លួន មកក្នុងទឹក មុននឹងពួកគេត្រូវបានស្រង់ ឡើងមកវិញ។ នាយនគរបាលមួយរូប នៃខេត្តជាប់ឆ្នេរ របស់​ប្រទេស​ឥណ្ឌូនេស៊ី បាននិយាយថា៖ «ដោយសារទូក មានមនុស្សជិះច្រើនពេក អញ្ចឹងត្រូវតែដេញទម្លាក់ទឹក មនុស្ស​មួយ​ចំនួន​ចេញ... ហើយអ្នកទាំងនោះ កំពុងតែតដៃការពារខ្លួន»។

ប៉ុន្តែទូកមួយនេះ ត្រូវបានរុញចូលមកកណ្ដាលសមុទ្រវិញ ដោយប្រទេសឥណ្ឌូនេស៊ី និងបន្ទាប់មក ត្រូវបានរុញចេញមក ជាថ្មីទៀត ដោយ​ប្រទេស​ម៉ាឡេស៊ី។

ឥណ្ឌូនេស៊ី បដិសេធជនភៀសខ្លួន

កាលពីថ្ងៃព្រហស្បត្តិ៍ អគ្គលេខាធិការ របស់អង្គការសហប្រជាជាតិ លោក បាន គីមូន (Ban Ki-moon) បានអំពាវនាវទៅ​ដល់ប្រទេស ដែលពាក់ព័ន្ធខាងលើ ឲ្យជួយសង្គ្រោះ ជនភៀសខ្លួនទាំងនេះ។ លោក Zeid Ra'ad Al Hussein ស្នងការ​ជាន់​ខ្ពស់ ទទួលបន្ទុកសិទ្ធិមនុស្ស របស់អង្គការពិភពលោកមួយនេះ ក៏បានបញ្ជាក់បន្ថែម នៅថ្ងៃសុក្រ ពីកង្វល់ និងការ​ព្រួយ​បារម្ភ របស់លោក ពីការស្លាប់ នៃជនភៀសខ្លួនទាំងនោះ ដែលអាចមានចំនួនច្រើន។ ប៉ុន្តែ សម្រាប់ប្រទេសឥណ្ឌូនេស៊ី បាន​​បញ្ជាក់ហើយបញ្ជាក់ទៀត ពីជំហររបស់ខ្លួនថា ជនអន្តោប្រវេសន៍ខុសច្បាប់ មិនត្រូវបានអនុញ្ញាតឲ្យចូល ក្នុងតំបន់​នេះ​ឡើយ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...