វិបត្តិឧបទ្វីបកូរ៉េ៖ អាមេរិកនិងកូរ៉េខាងត្បូង បង្កើនការត្រួតពិនិត្យយោធាដល់«កម្រិតលេខ២»
- ដោយ: សេក មនោរកុមារ
- កែប្រែចុងក្រោយ: April 10, 2013
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
នៅចំពោះការគម្រាមរបស់កូរ៉េខាងជើង ដែលចេះតែកើនឡើង ប្រទេសកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក បានតម្លើងការត្រួតពិនិត្យយោធា ទៅដល់កម្រិតទីពីរ នៅថ្ងៃពុធទី១០ខែមេសានេះ។ កម្រិតនៃការត្រួតពិនិត្យនេះ ត្រូវបានដាក់ ដើម្បីឆ្លើយតបនឹង «ការគម្រាមដល់អាយុជីវិត» នៃប្រទេសផងខ្លួន។ រីឯជប៉ុនវិញ និយាយថា បានដាក់ប្រទេស ក្នុងស្ថានភាព «ប្រកាសសញ្ញា»មួយ ហើយកំពុងត្រៀមខ្លួន ទប់ទល់។
អគ្គមគ្គុទេសវ័យក្មេងកូរ៉េខាងជើងលោក គីម ជុងអ៊ុន ក្នុងពេលទៅជួបកម្លាំងយោធារបស់ខ្លួន។
ទីភ្នាក់ងារព័ត៌មានយ៉ុងហាប់ (Yonhap) បានធ្វើរបាយការណ៍ថា នៅថ្ងៃពុធទី១០ខែមេសានេះ ប្រទេសកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក បានបានតម្លើងការត្រួតពិនិត្យយោធា ទៅដល់កម្រិតទីពីរ នៅចំពោះការគម្រាម ពីការបាញ់កាំជ្រួចរបស់កូរ៉េខាងជើង។ ទីភ្នាក់ងារបានពន្យល់ថា កម្រិតនៃការត្រួតពិនិត្យ «លេខ២» ត្រូវបានដាក់អោយអនុវត្តន៍ ដើម្បីឆ្លើយតបនឹង «ការគម្រាមដល់អាយុជីវិត» នៃប្រទេសផងខ្លួន ដោយបានលើកយកប្រភព ជាអ្នកទទូលខុសត្រូវយោធាម្នាក់ តែមិនបានបញ្ចេញឈ្មោះមកអះអាងផង។
ក្នុងពេលធម្មតា ឬពេលសន្តិភាព កម្រិតនៃការត្រួតពិនិត្យយោធា មានត្រឹមលេខ៤ ខណៈកម្រិតលេខ៣ ជាកម្រិតត្រូវនឹងការគម្រាមណាមួយ ដែលមានលក្ខណៈ«ជាបានការ» តែមិនមានលក្ខណៈ ជាការវាយលុកនោះទេ។
បើតាមភ្នាក់ងារព័ត៌មានរបស់កូរ៉េខាងត្បូងនេះដដែល ទីក្រុងព្យុងយ៉ាងបានត្រៀមខ្លួនរួចជាស្រេច ក្នុងការបាញ់កាំជ្រួច។ ប្រភពពីខាងយោធា ដែលយ៉ុងហាប់បានស្រង់សម្ដី បានអះអាងថា «បើគិតពីបញ្ហាបច្ចេកទេស ពួកគេអាចបាញ់ នៅថ្ងៃស្អែក»។
កាំជ្រួចប៉ាទ្រីយ៉ូត នៅកណ្ដាលទីក្រុងតូក្យូ
ចំណែកឯប្រទេសជប៉ុនវិញ រដ្ឋមន្ត្រីក្រសួងការពារជាតិ លោក អ៊ីតស៊ូម៉ូរី អូណូដេរ៉ា (Itsunori Onodera) បានអះអាងនៅព្រឹកថ្ងៃពុធដដែលថា ប្រទេសលោកកំពុងស្ថិត ក្នុងស្ថានភាព«ប្រកាសសញ្ញា» ដើម្បីទប់ទល់ ប្រសិនបើកាំជ្រួចកូរ៉េខាងជើងណាមួយ ហោះសំដៅមករកខ្លួន។ កម្លាំង«ស្វ័យការពារ» របស់ជប៉ុន បានតម្លើងនៅថ្ងៃអង្គារមួយថ្ងៃមុន នូវកាំជ្រួចប៉ាទ្រីយ៉ូត នៅចំកណ្ដាល និងនៅជុំវិញរាជធានីតូក្យូ ដើម្បីទុកប្រឈមនឹង រាល់ការបាញ់កាំជ្រួចទាំងឡាយ របស់ប្រទេសកូរ៉េខាងជើង។ ប្រព័ន្ធស្វ័យការពារទាំងនេះ ក៏ត្រូវបានតម្លើងរួចជាស្រេចដែរ នៅលើកោះ អូគីណាវ៉ា (Okinawa)។
គណកម្មាធីការសម្រាប់សន្តិភាព នៅអាស៊ីប៉ាស៊ីភិក ដែលជាស្ថាប័នមួយរបស់កូរ៉េខាងជើង បានជម្រុញអោយ បណ្ដាអង្គការអន្តរជាតិ ក្រុមហ៊ុនឯកជន និងអ្នកទេសចរណ៍ទាំងអស់ អោយត្រៀមរៀបចំ នូវវិធានការ«ជម្លៀសខ្លួនចេញ»។ កាលពីថ្ងៃសុក្រសប្ដាហ៍មុន ប្រទេសកុម្មុយនីស ក៏បានប្រាប់ទៅស្ថានទូត និងអង្គការអន្តរជាតិ ដែលមានវត្តមាននៅទីក្រុងព្យុងយ៉ាងថា ខ្លួនលែងធានាសុវត្ថិភាព អោយអ្នកទាំងនោះ ចាប់តាំងពីថ្ងៃ១០ខែមេសានេះទៅ។ ប៉ុន្តែ មិនមានពួកអ្នកបំពេញបេសកកម្មការទូតណាម្នាក់ គិតថា វាជាការចាំបាច់ ក្នុងការជម្លៀសបុគ្គលិករបស់ផងខ្លួន នោះទេ។ ផ្ទុយទៅវិញ ក្រុមអ្នកការទូត បានចាត់ទុកសេចក្ដីជូនដំណឹងនេះ ថា ជាវិធីសាស្ត្រកូរទឹកអោយល្អក់។
កាលពីថ្ងៃច័ន្ទ ទីក្រុងព្យុងយ៉ាង រងការចោទប្រកាន់ថា កំពុងត្រៀមសាកល្បង នូវកាំជ្រួចអន្តរទ្វីប និងអាវុធនុយក្លេអ៊ែរបស់ខ្លួន ក្នុងសប្ដាហ៍ខាងមុខ។ អ្នកទទូលខុសត្រូវជានខ្ពស់ម្នាក់ របស់សហគមន៍អ៊ឺរ៉ុប បានថ្លែងនៅទីក្រុងប៊្រុយស៊ែលថា សហគមន៍អ៊ឺរ៉ុប កំពុងគិតទៅដល់លទ្ធភាពបន្ថែមទណ្ឌកម្មថ្មីទៀត ប្រឆាំងប្រទេសកូរ៉េខាងជើង ប្រសិនបើប្រទេសនេះ បន្តបញ្ឆេះភាពតានតឹង ឬក៏ធ្វើការបាញ់កាំជ្រួច ឬការសាកល្បងនុយក្លេអ៊ែរ។
ដោយឡែកប្រទេសចិន សម្ព័ន្ធមិត្តតែមួយគត់ របស់កូរ៉េខាងជើង បានសាកល្បងជាថ្មីទៀត កាលពីថ្ងៃអង្គារ រំងាប់ភាពតានតឹង ដោយបានពន្យល់ថា ខ្លួនមិនចង់អោយមាន រឿងជម្លោះ«ទាស់ទែង» កើតមាននៅក្បែរទ្វារបងរបសខ្លួនទេ។ សេតវិមាន បានស្វាគមន៍ ការខិតខំប្រឹងប្រែងរបស់ចិន និងរ៉ូស្សី ដើម្បីជួយរំលឹកប្រទេសកូរ៉េខាងជើង អោយគោរពកតព្វកិច្ចអន្តរជាតិរបស់ប្រទេសនេះ។ មន្ទីរប៉ងតាហ្គោន បានរំពឹងយ៉ាងមុតមាំថា «ចិន អាចមានតួនាទីសំខាន់ ក្នុងការនិយាយពន្យល់ កូរ៉េខាងជើង» ដើម្បីភាពសាន្ដត្រាណក្នុងតំបន់៕
-------------------------------------------------------
ដោយ សេក មនោរកុមារ - ប៉ារីស ថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៣
ប្រភពយោង៖ AFP
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ