ម្ចាស់ក្លឹបម៉ាឡាកា បន្ទោសបក្សពួកនិយម បន្ទាប់ពីក្រុមរបស់គាត់ធ្លាក់
- ដោយ: វិន ជីវ័ន្ត
- កែប្រែចុងក្រោយ: April 11, 2013
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ម្ចាស់ក្លឹបបាល់ទាត់អេស្ប៉ាញ ម៉ាឡាកា (Malaga) លោក ស្ស៊េក អាបឌុឡា អាថានី (Sheikh Abdullah Al-Thani) បានប្រាប់ដល់សហព័ន្ធយូហ្វា (Uefa) ឲ្យមានការស៊ើបអង្កេតឡើងវិញ ហើយគាត់យល់ថា ក្រុមរបស់គាត់ចាញ់ក្រុម ដតម័ន (Dortmund) ក្នុងការប្រកួតឆែមពានលីក (Champions League) នេះ ជាលទ្ធផល «មិនយុត្តិធម៌»។
ក្រុមអាជ្ញាកណ្ដាល នៃការប្រកួតរវាង ម៉ាឡាកា និងដតម័ន។
ក្រុម ដតម័ន បានរកគ្រាប់បាល់បានចំនួន ២គ្រាប់ ក្នុងម៉ោងបន្ថែម ដែលធ្វើឲ្យពួកគេទទួលបានជ័យជំនះ ៣-២ ហើយអាចឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រជាបន្ត។ ប៉ុន្តែគ្រាប់បាល់របស់កីឡាករ ហ្វីលីប សាន់តាណា (Felipe Santana) ជាគ្រាប់បាល់អូហ្វសាយ (offside) ហើយម្ចាស់ក្លឹបសញ្ជាតិកាតារូបនេះ គិតថាក្រុមគាត់គួរតែជាអ្នកឈ្នះ។
គាត់បាននិយាយ នៅលើបណ្តាញសង្គម ធ្វីតធឺ (Twitter) ថា «ខ្ញុំសោកស្តាយណាស់ ដែលក្រុមធ្លាក់ចេញ ទាំងមិនយុត្តិធម៌។»
លោក អាថានី ដែលជាគ្រួសាររាជ្យវង្ស នៃប្រទេសកាតា បានក្លាយជាម្ចាស់ក្លឹបម៉ាឡាកា ចាប់តាំងពីខែមិថុនា ឆ្នាំ២០១០ បន្ទាប់ពីបុរសវ័យ ៥៣ឆ្នាំ បានទិញយកក្លឹបអេស្ប៉ាញមួយនេះ។ ដោយសារតែជួបវិបត្តិផ្នែកហិរញ្ញវត្ថុ យ៉ាងធ្ងន់ធ្ងរនោះ ក្រុម ម៉ាឡាកា ត្រូវជាប់ពិន័យមិនឲ្យចូលរួមប្រកួត ក្នុងក្របខ័ណ្ឌអ៊ឺរ៉ុប នៅឱកាសក្រោយ។
គាត់បានបន្ថែមថា «នេះមិនមែនជាបាល់ទាត់ទេ ប៉ុន្តែវាជាភាពលំអៀង។ ខ្ញុំសង្ឃឹមថាយូហ្វា នឹងធ្វើការស៊ើបអង្កេតឡើងវិញ ចំពោះការធ្លាក់របស់ក្រុមអេស្ប៉ាញមួយនេះ។»
គ្រូបង្វឹកក្រុម ម៉ាឡាកា លោក ម៉ាញ៉ូអែល ប៉េឡេក្រីនី (Manuel Pellegrini) បាននិយាយថា «បាល់ទាត់ ជាសកម្មភាព ដែលរួមបញ្ចូលគ្រប់កត្តាទាំងអស់។ គ្រាប់ទី៣ ជាគ្រាប់អូហ្វសាយ ច្បាស់ណាស់ ហើយអ្នកគ្រប់គ្នាក៏បានឃើញដែរ។»
ចំណែកឯកីឡាករ ខ្សែប្រយុទ្ធរបស់ក្រុម ម៉ាឡាកា រ៉ុក សាន់តាគ្រូស (Roque Santa Cruz) ដែលជាកីឡាករខ្ចីជើងមកពីក្រុម ម៉ែនឆេស្ទើ ស៊ីធី (Manchester City) ក៏បាននិយាយថា «យើងសល់រយះពេលត្រឹមតែ ៤នាទីទៀតតែប៉ុណ្ណោះ នឹងអាចឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។ វាជាការសោកស្តាយដ៏ធំមួយ សំរាប់ពួកយើង ដែលត្រូវបាត់បង់ឱកាសក្នុងដៃរបស់ខ្លួនឯង»៕
----------------------------------------------------
ដោយ៖ វិន ជីវ័ន្ត - ភ្នំពេញ ថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ