វីគីលីគ្ស បញ្ចេញឯកសារសម្ងាត់ការទូតអាមេរិក១,៧លានច្បាប់
- ដោយ: សេក មនោរកុមារ ដោយ៖ សេក មនោរកុមារ ([email protected]) - ប៉ារីស ថ្ងៃទី០៩ មេសា ២០១៣
- កែប្រែចុងក្រោយ: November 22, 2015
- ប្រធានបទ: ភូមិសាស្ត្រ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ការទម្លាយថ្មីៗ ស្ដីពីទូរសាររវាងពីឆ្នាំ១៩៧៣ មកដល់ឆ្នាំ១៩៧៦ បានបង្ហាញឲ្យដឹង ជាសាធារណៈ នូវអ្វីដែលជា«អាថ៌កំបាំង និងការឃុបឃិតគ្នា» រវាងសហរដ្ឋអាមេរិក និងបណ្ដាប្រទេសជាសម្ព័ន្ធមិត្ត។ នោះជាឯកសារទូរសារ ដែលបានឆ្លើយឆ្លង ជាមួយនឹងរដ្ឋមន្ត្រីការបរទេសអាមេរិក លោក ហេនរី គីស៊ីនជ័រ (Henry Kissinger) កាលពីសម័យកាលនោះ។
ស្ថាបនិករបស់ វីគីលីគ្ស៍ (WikiLeaks) លោក ជូលៀន អាសាញ (Julian Assange) បានថ្លែងឲ្យដឹងថា៖ «នេះ ជាការផ្សព្វផ្សាយ ដ៏អស្ចារ្យ មិនដែលធ្លាប់មានពីមុនមក នូវឯកសារភូមិសាស្ត្រនយោបាយ»។ ការថ្លែងរបសលោក បានធ្វើឡើង ខណៈគេហទំព័ររបស់ វីគីលីគ្ស៍ បានបញ្ចេញមកជាសាធារណៈ នូវឯកសារឆ្លើយឆ្លងនៃប្រព័ន្ធការទូតអាមេរិក ប្រមាណជា១,៧លានច្បាប់ នៅក្នុងទសវត្សន៍ឆ្នាំ៧០។
ធ្វើបទអន្តរាគមន៍ផ្សាយផ្ទាល់ តាមវីដេអូ ពីស្ថានទូតនៃប្រទេសអេក្វាទ័រ ប្រចាំអង់គ្លេស លោក អាសាញ បានឲ្យដឹងទៀតថា កំណត់សម្គាល់ របាយការណ៍ និងរាល់ការទាក់ទងទាំងនេះ បានអះអាងពីឥទ្ធិពលដ៏ធំ របស់សហរដ្ឋអាមេរិក នៅជុំវិញពិភពលោក នាសម័យកាលនោះ។
ទូរសារទាំងនេះ ត្រូវបានរដ្ឋាភិបាលអាមេរិក ប្រមូលទុកជាឯកសារ និងលែងរវីរវល់ទៀតហើយ។ ហើយគេអាចរកឯកសារទាំងនេះបាន លុះត្រាតែចូលទៅកាន់ ផ្នែកផ្ទុកឯកសារជាតិអាមេរិក ជាទម្រង់មួយ ដែលសាធារណៈជនទូទៅមិនអាច ចេះតែយកមកមើលបាន ដោយពាក្យមួយម៉ាត់ពីរនោះឡើយ។ លោក អាសាញ បានបន្តទៀតថា៖ «វា (ឯកសារខាងលើ) ត្រូវបានលាក់ទុក នៅក្នុងតំបន់មួយ ដែលមានព្រំដែន កើតឡើងដោយការសម្ងាត់ និងការឃុបឃិតគ្នា។»
គួររំលឹកដែរថា ស្ថាបនិក វីគីលីគ្ស៍ ដែលល្បីល្បាញ ខាងទម្លាយឯកសារសម្ងាត់ និងឯកសារការទូត នៃប្រទេសធំៗនៅក្នុងពិភពលោកនេះ បានចូលទៅជ្រកកោន នៅក្នុងស្ថានទូតនៃប្រទេសអេក្វាទ័រ ប្រចាំនៅរាជធានីឡុងដ៍ ដើម្បីគេចចេញពីការធ្វើបត្យាប័ន ទៅកាន់ប្រទេសស៊ុយអែដ នៅក្នុងសំនុំរឿងចាប់ំលោភ និងការបំពានខាងផ្លូវភេទ។ ការធ្វើបត្យាប័ន ដែលលោក អាសាញ បានសង្ស័យថា លោកនឹងអាចត្រូវបញ្ជូនខ្លួន ជាបន្តទៅកាន់ទិសដៅចុងក្រោយ៖ សហរដ្ឋអាមេរិក។
លោក ជូលៀន អាសាញ បានបង្កកំហឹងក្ដៅក្រេវក្រោប ដល់សហរដ្ឋអាមេរិក កាលពីឆ្នាំ២០១០កន្លងទៅ ដោយសារលោក និងក្រុម វីគីលីគ្ស៍ របស់លោក បានផ្សាយនូវឯកសារជាច្រើនរយពាន់ ទាក់ទងនឹងការសម្ងាត់នានា នៅក្នុងសង្គ្រាមនៅប្រទេសអៀរ៉ាក់ និងនៅប្រទេសអាហ្វហ្គានីស្ដង់។ វីគីលីគ្ស ក៏បានបង្កឲ្យមានប្រតិកម្ម កក្រើកពេញទាំងពិភពលោកដែរ ក្រោយពីបានទម្លាយចេញជាសាធារណៈ នូវសារអេឡិចត្រូនិកជាច្រើន ដែលមានលក្ខណៈការទូត និងការសម្ងាត់ របស់រដ្ឋាភិបាលនៃប្រទេសផ្សេងទៀត៕