វីគីលីគ្ស៖ ជូលៀន អាសហ្ស ធ្វើអោយ អង់គ្លេសនិងអេក្វាទ័រ មើលគ្នាលែងចំ
- ដោយ: សេក មនោរកុមារ
- កែប្រែចុងក្រោយ: August 17, 2012
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ប្រទេសអេក្វាទ័រ បានសំរេចចិត្ត ផ្ដល់សិទ្ធជ្រកកោននយោបាយ ដល់អ្នកបង្កើតវីគីលីគ្ស (WikiLeaks) លោក ជូលៀន អាសហ្ស (Julian Assange) ដែលបានចូលមកជ្រកកោន ក្នុងស្ថានទូតរបស់ប្រទេសនេះប្រចាំនៅអង់គ្លេស តាំងពីថ្ងៃ១៩ មិថុនាកន្លងមក ដើម្បីគេចចេញពីការចាប់បញ្ជូនខ្លួន របស់អាជ្ញាធរប្រទេសអង់គ្លេស ទៅកាន់ប្រទេសស៊ុយអែដ។ ផ្ទុយនឹង ការផ្ដល់សិទ្ធជ្រកកោននយោបាយនេះ ប្រទេសអង់គ្លេសបានគ្រោងថា នឹងចាប់បញ្ជូលខ្លួន ជូលៀន អាសហ្ស អោយខាង តែបាន។
រូបលោក ជូលៀន អាសហ្ស នៅលើគំរបសៀវភៅមួយ ដែលនិយាយពីជីវប្រវត្តិរបស់លោក។
ទីក្រុងគីតូ (Quito) នៃប្រទេសអេក្វាទ័រ បានផ្ដល់សិទ្ធិជ្រកកោននយោបាយទៅអោយ លោកជូលៀន អាសហ្ស ដោយហេតុ ផលម្យ៉ាងចាត់ទុកថា លោកជូលៀន អាសហ្ស នឹងមិនមានសិទ្ធិអាចមាន សវនាការមួយត្រឹមត្រូវឡើយ បើសិនណាជា លោកត្រូវគេចាប់បញ្ជូនទៅកាន់ប្រទេសអាមេរិក ជាបន្ដនោះ។ នេះជាការប្រកាសអោយដឹង របស់លោក ប៉ាទីណូ (Patiño) រដ្ឋមន្ត្រីការបរទេសនៃប្រទេសអេក្វាទ័រ នៅក្នុងក្រសួងរបស់លោក កាលពីថ្ងៃព្រហស្បត្តិ៍ទី១៦កក្កដានេះ។
តុលាការរបស់ប្រទេសស៊ុយអែដ បានចោទលោក ជូលៀន អាសហ្ស ពីបទរំលោភសេពសន្ធវៈមួយ ហើយតុលាការកំពូល នៃប្រទេសអង់គ្លេសបាន សំរេចជាចុងក្រោយថា នឹងត្រូវចាប់បញ្ជូនខ្លួន ទៅអោយប្រព័ន្ធយុត្តិធម៌របស់ប្រទេសស៊ុយអែដ។ លោកជូលៀន អាសហ្ស បានសង្ស័យថា នេះជាជំហ៊ានទីមួយរបស់ប្រទេសស៊ុយអែដ ដែលលោកអាចនឹងត្រូវគេបញ្ជូន ខ្លួនជាបន្ត ទៅប្រទេសអាមេរិក ក្នុងបទធ្វើចាកម្ម ក្នុងពេលដែលបណ្ដាញគេហទំព័រ វីគីលីគ្ស បានបញ្ចេញផ្សាយឯកសារ សម្ងាត់ប្រមាណជា ២៥០ ០០០សន្លឹក ទៅលើវិស័យការទូតរបស់ប្រទេសអាមេរិកនោះ។
ប្រទេសស៊ុយអែដ បានឆ្លើយតបទៅនឹងការខ្វល់ខ្វាយរបស់ប្រទេសអេក្វាទ័រនេះ ហើយបានទាត់ចោលយ៉ាងមុតមាំមួយ នូវការចោទប្រកាន់ទាំងឡាយ ដែលថាប្រព័ន្ធយុត្តិធម៌របស់ខ្លួន មិនធានានូវការសិទ្ធការពារក្ដីរបស់ចុងចោទ។ ហើយ ប្រទេសនេះ ក៏បានហៅឯកអគ្គរដ្ឋទូត របស់ប្រទេសអេក្វាទ័រប្រចាំនៅទីក្រុងស្ដុកខូល អោយមកពន្យល់ពីការចោទប្រកាន់ នេះ ផងដែរ។
ទីក្រុងឡុងដ៍ ចង់ចាប់បញ្ជូនខ្លួន លោក អាសហ្ស អោយខាងតែបាន
លោក ប៉ាទីណូ បានបន្ថែមថា «ប្រទេសអេក្វាទ័ នឹងទុកចិត្តប្រទសអង់គ្លេស ក្នុងការផ្ដល់នូវការធានាពិតប្រាកដមួយ និង ការដឹកជញ្ជូនលោក អាសហ្ស ដោយសុវត្ថិភាព ចេញពីអង់គ្លេសទៅតាមស្ថានភាពជាក់ស្ដែង។» តែប្រទេសអង់គ្លេសវិញ បានតបថា នឹងមិនអនុញ្ញាតិអោយ៊លោកជូលៀន អាសហ្ស ចេញពីអង់គ្លេស ដោយបែបនោះដែរ។ តាមរយះរដ្ឋមន្ត្រី ក្រសួងការបរទេសអង់គ្លេស លោក វីល្លីយ៉ាម ហាហ្គ (William Hague) បានិយាយថា ការប្រកាសរបស់ទីក្រុងគីតូ នឹងមិន អាចផ្លាស់ប្ដូរ បំណងដ៏មុតមាំរបស់ប្រទេសអង់គ្លេស ក្នុងការចាប់បញ្ជូន លោកជូលៀន អាសហ្ស ទៅស៊ុយអែដនោះទេ។ ប្រទេសអង់គ្លេស អាចនឹងត្រៀមវាយលុក ទៅលើអាគារស្ថានទូតរបស់ប្រទេសអេក្វាទ័រ ដោយបានលើកយកច្បាប់មួយ នៅឆ្នាំ១៩៨៧របស់ខ្លួន ដែលនឹងអនុញ្ញាតិអោយរំលង ពីលើអភ័យឯកសិទ្ធិរបស់ស្ថានទូត នោះ។ ការគំរាមនេះបានត្រូវតបតរ ដោយរដ្ឋមន្ត្រីការបរទេសអេក្វាទ័រ ដោយបាននិយាយថា «ជាអំពើរអមិត្ត រំលោភបំពាន និងមិនអាចអត់អោនអោយបាន។» លោករដ្ឋមន្ត្រីអេក្វាទ័រដដែល បានរំលឹកទីក្រុងឡុងដ៍ថា «សម័យកាលទន្ទ្រានកាន់កាប់ បែបអាណានិគមនិយម បានបិទ បញ្ចប់ជាយូយារណាស់មកហើយ។»
នៅចំពោះជំហរដ៏រឹងមាំរបស់ទីក្រុងឡុងដ៍ រដ្ឋាភិបាលអេក្វាទ័រ នឹងមិនបោះបង់ចោល នូវជម្រើសមួយរបស់ខ្លួន ដែលនឹងប្ដឹង ឡើងទៅតុលាការយុត្តិធម៌អន្តរជាតិ (CIJ) នោះទេ។ ចំណែកឯទីក្រុង វ៉ាស៊ីនតោនវិញ បានច្រានចោលនូវការសង្ស័យ របស់លោក ជូលៀន អាសហ្ស ដែលថាបានបង្ខំអោយប្រទេសអង់គ្លេស ធ្វើការចាប់បញ្ជូនខ្លួនលោក។ សហរដ្ឋអាមេរិក បានអះអាងថា «ខ្លួនមិនមានការពាក់ព័ន្ធអ្វីសោះឡើយ នៅក្នុងជម្លោះទាស់ទែងរវាង ប្រទេសអង់គ្លេស និងប្រទេស អេក្វាទ័រ ជុំវិញបញ្ហាលោក ជូលៀន អាសហ្ស។»
អ្នកគាំទ្រធ្វើបាតុកម្ម
បណ្ដាគេហទំព័រ វីគីលីគ្ស បានអំពាវនាវអោយ ចូលរួមធ្វើបាតុកម្មគាំទ្រលោក ជូលៀន អាសហ្ស នៅក្រោយពេល ដែល ប្រទេសអេក្វាទ័រ បានលើកឡើងថា នឹងអាចមានការវាយដណ្ដើមយកលោក ជូលៀន អាសហ្ស ចេញពីស្ថានទូតអេក្វាទ័រ នៅទីក្រុងឡុងដ៍ នៅថ្ងៃពុធទី១៥ និងព្រហស្បត្តិ៍ទី១៦សីហានេះ។ ហើយនៅថ្ងៃព្រហស្សត្តិ៍ មនុស្សជាច្រើនបានមកជួបជុំគ្នា ដង្ហែជាក្បួន លើកប៉ាដា ដើម្បីសុំអោយគេដោះលែងលោក ជូលៀន អាសហ្ស នៅពីមុខស្ថានទូតរបស់ប្រទេសអេក្វាទ័រ ស្ថិតនៅក្នុងសង្កាត់ដ៏ល្អស្អាត នៃទីក្រុងឡុងដ៍។
នៅល្ងាចថ្ងៃព្រហស្សត្តិ៍ បណ្ដាគេហទំព័រ វីគីលីគ្ស បានបន្ថែមថា ប្រធានរបស់ខ្លួន លោក ជូលៀន អាសហ្ស អាចនឹងចេញ មកធ្វើសេចក្ដីថ្លែងការណ៍ផ្ទាល់ខ្លួនមួយ ខាងមុខស្ថានទូត នៅថ្ងៃអាទិត្យខាងមុខ។ ការចេញមកនេះ អាចជាការបញ្ចេញ ខ្លួនអោយឃើញជាសាធារណៈមួយទៀត ដ៏កំររបស់លោក បន្ទាប់ពីបានធ្វើលើកមុន នៅខែមិនាឆ្នាំ២០១២។
អង្គការនៃបណ្ដារដ្ឋនៅទ្វិបអាមេរិក (OEA) បានកោះប្រជុំជាបន្ទាន់មួយ នៅម៉ោង ៤ម៉៣០រសៀល ថ្ងៃព្រហស្បត្តិ៍ ក្នុងទីក្រុង វ៉ាស៊ីនតោន ដើម្បីនិយាយពីចំណងទាក់ទង រវាងប្រទេសអេក្វាទ័រ និងប្រទេសអង់គ្លេស បន្ទាប់ពីការមើលមុខគ្នាមិនចំនេះ៕
-----------------------------------------------
ដោយ៖ សេក មនោរកុមារ - ប៉ារីស ថ្ងៃទី ១៦ ខែសីហា ឆ្នាំ២០១២
ប្រភព៖ ទីភ្នាក់ងារសារពត៌មានបារាំង អាអេហ្វប៉េ (AFP)
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ