៣០តួលេខ នៅក្នុងល្បែងកីឡាអូឡាំពិក នាទីក្រុងឡុងដ៍
Loading...
- ដោយ: មនោរម្យ.អាំងហ្វូ
- កែប្រែចុងក្រោយ: August 15, 2012
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ល្បែងកីឡាអូឡាំពិក នៅទីក្រុងឡុងដ៍ បានបញ្ចប់ទៅហើយ។ ទង់ជ័យនៃការជួបជុំដ៏ធំរបស់ កីឡាករមកពីគ្រប់ទិសទី ក្នុងពិភពលោកនេះ ត្រូវបានគេហុចបន្ត ទៅអោយទីក្រុងរីយ៉ូ នៃប្រទេសប្រេស៊ីល ជាអ្នកផ្លាស់វេន ក្នុងការរៀបចំល្បែង កីឡាអូឡាំពិកនេះ នៅ៤ឆ្នាំក្រោយ ពោលគឺនៅឆ្នាំ ២០១៦។ មនោរម្យព័ងអាំងហ្វូ បានដឹងពីតួលេខបូកសរុប នៅក្រោយ ពេលដែល ការជួបជុំកីឡានេះ បានបញ្ចប់ទៅកាលពីថ្ងៃ១២សីហា កន្លងទៅមិញ ហើយសូមលើកយកតួលេខចំនូន ៣០តួលេខ ដែលក្នុងនោះមាន ១៣ផ្នែកធំៗ មកជំរាបជូនលោកអ្នក ។
ពិធីបិតការប្រកួត នៃល្បែងកីឡាអូឡាំពិក២០១២ នៅទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស។
- ១១លានសំបុត្រ ត្រូវបានលក់ដាច់ សំរាប់កីឡាអូឡាំពិក និង កីឡាអូឡាំពិកនៃជនពិកា ដែលក្នុងនោះ ៦,៦លាន បានលក់ទៅអោយ ទស្សនិកជនជាជនជាតិអង់គ្លេស។ ៧៥%នៃសំបុត្រ ត្រូវបានលក់ដាច់ នៅក្នុងប្រទេសអង់គ្លេស។ រីឯចំនួនដែលនៅសល់ ត្រូវបានលក់ដាច់ ដោយគណកម្មាធិការអូឡាំពិកចំនួន ៥% អ្នកជួយឧបត្ថម្ភចំនួន ៨% និងគណកម្មាធិការអូឡាំពិក នៃបណ្ដាជាតិនីមួយៗចំនួន ១២%៕
- កីឡាករចំនួន ១០ ៤៩០នាក់ មកពីគ្រប់ទិសទីក្នុងពិភពលោក បានចុះឈ្មោះចូលប្រកួត ទៅលើប្រភេទកីឡាចំនួន ២៦ កំណត់ដោយគណកម្មាធិការអូឡាំពិក ដោយបានបែងចែកចេញជា ៣០២វិញ្ញាសារ។ កីឡាករចំនួន ៥ ០០០នាក់ ត្រូវបានគេត្រួតពិនិត្យ ពីបញ្ហាប្រើថ្នាំជំនួយកំលាំង។
- បាល់ទឺនីស ចំនួន ២៦ ៤០០បាល់, បាល់បាស្កេត ចំនួន ៦០០បាល់, ផ្ទាំងមុខព្រួញ ដែលទទួលការបាញ់ព្រួញចំនួន ៦ ០០០ ផ្ទាំង ... និងមានប្រមាណជា ១លានប្រដាប់ប្រដា ត្រូវបានគេយកមកប្រើប្រាស់ នៅក្នុងការប្រកួតល្បែង លើកនេះ។
- ស្រោមអនាម័យចំនួន ១៥០ ០០០ ត្រូវបានគេដាក់អោយប្រើប្រាស់ នៅក្នុងសង្កាត់ស្នាក់នៅ នៃកីឡាករទាំងអស់។
- កីឡាដ្ឋានចំនួន ៣៤កន្លែង ត្រូវបានរៀបចំ នៅទូទាំងប្រទេសអង់គ្លេស សំរាប់ល្បែងកីឡាអូឡាំពិក លើកនេះ ក្នុងនោះមាន ៩កីឡាដ្ឋាន ស្ថិតនៅក្នុងសួនកីឡាអូឡាំពិក នៃទីក្រុងឡុងដ៍។ គេបានចំណាយរយះពេល បីឆ្នាំ និង ដែកទំងន់ ១០ ០០០តោន ដើម្បីសាងសង់កីឡាដ្ឋានអូឡាំពិកមួយ ស្ថិតនៅកណ្ដាលសួននេះ។
- ១០ ០០០បង្គន់អនាម័យ ជាលក្ខណៈបន្ដោះអាសន្ន ត្រូវបានគេសាងសង់ឡើង នៅជុំវិញកីឡាដ្ឋានទាំង ៣៤។ ចំនួននេះ នៅមិនទាន់គ្រប់គ្រាន់នៅឡើយ សំរាប់តំរូវការក្នុងពេលជាមួយគ្នា របស់បណ្ដាជនអ្នកមកចូលរួម។
- អ្នកមកទស្សនា បានរងចាំនៅទីក្រុងឡុងដ៍មានចនួន ២លាននាក់ ហើយបានធ្វើដំណើរចុះឡើងចំនួន ២០លានដង នៅក្នុងអំឡុងពេលប្រកួត ដែលក្នុងនោះ មាន៣លានដង ជាដំណើរប្រចាំថ្ងៃ ហើយបានធ្វើអោយមធ្យោបាយ ដឹកជញ្ជូនសារធារណៈ នៅទីក្រុងឡុងដ៍ មានលក្ខណៈពេលហៀរយ៉ាងខ្លាំង។
- ដំឡូង ទំងន់ ២៣២តោន សាច់ទំងន់ ១០០តោន ទឹកដោះគោចំណុះ ៧៥ ០០០លីត្រ និងផ្លៃឈើផ្សេងទៀត ទំងន់ ៣៣០តោន ត្រូវបានបណ្ដាជន អាស្រ័យជាអារហារ ដែលគិតជាតួលេខមានប្រមាណជា ១៤លានអាហារពេល។
- ម៉ាកដូណាល (McDonald) ដែលបានសង់ភោជនីយដ្ឋានរបស់ខ្លួន ដ៏ធំជាងគេនៅតាមបណ្ដាកីឡាដ្ឋាន បានលក់ ដាច់ ៥០ ០០០ ប៊ិចម៉ាក (Big Macs) ១៨០ ០០០កញ្ចប់ដំឡូងបារាំង និង៣០ ០០០ទឹកក្រឡុក។
- កម្មករ ចំនួន ៤៦ ០០០ នាក់បានសាងសង់ សួនកីឡាដ្ឋាន និងសង្កាត់ស្នាក់នៅអូឡាំពិក។ ជារួម មានបណ្ដាជន ចំនួន ២០០ ០០០នាក់ បានធ្វើការសំរាប់ល្បែងកីឡាអូឡាំពិក ដែលក្នុងនោះមាន ១០០ ០០០នាក់ មានកិច្ចសន្យា ការងារ និង ៧០ ០០០នាក់ផ្សេងទៀត ជាអ្នកធ្វើការស្ម័គ្រចិត្ត។
- អ្នកកាន់ភ្លើងគុប បានរត់នៅលើចំងាយផ្លូវ ១២ ៨៧៥គីឡូមែត្រ មុននឹងបានយកភ្លើងនេះមកដុតបញ្ឆេះ នៅក្នុង កីឡាដ្ឋានពេលបើកប្រកួតដំបូង។
- សត្វចៀម ៧០ក្បាល សេះ ១២ក្បាល គោ ៣ក្បាល ពពែ ២ក្បាល មាន់ ១០ក្បាល និងឆ្កែ៣ក្បាល ត្រូវបានគេបញ្ជូន មកធ្វើពិធីបើកប្រកួតដំបូង។
- ទឹកប្រាក់ចំនួន ៩,៣កោដលីវ ត្រូវជា១១,៦កោដអ៊ឺរ៉ូ ត្រូវបានចំណាយក្នុងការរៀបចំ នៃការប្រកួតល្បែងទាំងនេះ។ ចំនួននេះ បានកើនឡើងជិត៤ដង បើប្រៀបធៀបនឹងការប៉ាន់ប្រមាណ កាលពីឆ្នាំ២០០៥ នៅពេលដែលទីក្រុង ឡុងដ៍ បានដាក់បេក្ខភាព ជាអ្នកទទួលរៀបចំកីឡានេះ។ ថវិការចំណាយ បានកើនឡើងទ្វេដង ទៅលើផ្នែកសន្តិសុខ (៥៥៣លានលីវ/៦៩០លានអ៊ឺរ៉ូ) និងការរៀបចំពិធីបើក-បិទ ល្បែងកីឡាអូឡាំពិក (៨១លានលីវ/១០១លានអ៊ឺរ៉ូ)៕
-------------------------------------------------------
ដោយ ៖ មនោរម្យព័ងអាំងហ្វូ - ប៉ារីស ថ្ងៃទី ១៤ ខែសីហា ឆ្នាំ២០១២
ប្រភព៖ ទីភ្នាក់ងារពត៌មានបារាំង អាហ្វេប៉េ (AFP)
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ