«Symphony of the seas» នាវាទេសចរណ៍យក្សធំជាងគេ ចេញយាត្រាលើសមុទ្រ
- ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ប៉ារីស ថ្ងៃទី២៤ មីនា ២០១៨
- កែប្រែចុងក្រោយ: March 25, 2018
- ប្រធានបទ: ទេសចរណ៍
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ការចរចេញយាត្រាដំបូង របស់នាវាទេសចរណ៍ដែលធំជាងគេ នៅក្នុងពិភពលោកនេះ ធ្វើឡើងក្រោមក្រសែរភ្នែកមនុស្ស រាប់រយ-ពាន់នាក់ ដែលបានប្រមូលគ្នាមកជួបជុំ នៅក្បែរការដ្ឋានសាងសង់នាវា នៃក្រុង សាំងណាស៊ែរ (Saint-Nazaire) ជាប់មហាសមុទ្រអាត្លង់ទិក ភាគខាងលិច នៃប្រទេសបារាំង ដើម្បីទស្សនាការរំកិលខ្លួន នៅលើផ្ទៃសមុទ្រដំបូង របស់នាវាមួយនេះ ដែលពោរពេញដោយ ផ្ទាំងទស្សនីយភាពដ៏អស្ចារ្យ។
នាវា «Symphony of the seas» ជាសមិទ្ធផលរបស់សហគ្រាសសង់នាវាបារាំង ឈ្មោះ «STX France» តាមការបញ្ជាទិញ របស់សហគ្រាសទេសចរណ៍អាមេរិក ឈ្មោះ «Royal Caribbean Cruises Ltd (RCCL)» ដែលមានទីតាំងកណ្ដាល ក្នុងក្រុងមីអាមី រដ្ឋផ្លរីដា សហរដ្ឋអាមេរិក និងសាខាធ្វើអាជីវកម្មច្រើនកន្លែង នៅក្នុងពិភពលោក ជាពិសេសក្នុងតំបន់ការ៉ាអីប និងសមុទ្រមេឌីទែរ៉ាណេ។ នាវានេះ មានប្រវែងបណ្ដោយ ៣៦២ម៉ែត្រ ទទឹង៦៦ម៉ែត្រ កំពស់ផុតពីទឹក ៧០ម៉ែត្រ និងមានចំណុះជិត ៦៥០ ០០០ម៉ែត្រគូប (គិតជារង្វាស់របស់អ្នកដើរសមុទ្រ ស្មើនឹង ២២៨ ០០០ Gross Tonnage)។
» ខាងក្រោមនេះ ជាការប្រៀបធៀបខ្លះៗ (រង្វាស់មួយចំនួន ជារង្វាស់ប្រហាក់ប្រហែល)៖
ចាប់ផ្ដើមសាងសង់ តាំងពីចុងខែតុលា ឆ្នាំ២០១៥នោះមក នាវា «Symphony of the seas» បានប្រើកម្លាំងការងារ ច្រើនជាង ២៣០០នាក់ ហើយមានបណ្ដោយវែងជាង និងមានបន្ទប់ស្នាក់នៅច្រើនជាង នាវាមុនឈ្មោះ «Harmony of the seas» ដែលមុនមកដល់ថ្ងៃនេះ ជាប់ឯកត្តកកម្ម ជានាវាធំជាងគេ នៅលើពិភពលោក (សាងសង់ដោយ STX និងជាកម្មសិទ្ធិរបស់ RCCL ដូចគ្នា)។
ទឹកប្រាក់ដែលត្រូវបានចំណាយ ក្នុងការសាងសង់នាវា «Symphony of the seas» មានប្រមាណជាង ១ពាន់លានអ៊ឺរ៉ូ (ប្រមាណជា ១,៣ពាន់លានដុល្លារ)។ នាវាយក្សថ្មីនេះ មានសមត្ថភាព អាចទទួលមនុស្ស ច្រើនជាង៨៨០០នាក់ ដែលក្នុងនោះ២២០០នាក់ ជាបុគ្គលិកបម្រើការ ក្នុងនាវា។
«Symphony of the seas» ចាប់ផ្ដើមរំកិលខ្លួន នៅលើទឹកសមុទ្រនៅវេលាម៉ោង ៨ និង៣០នាទី ម៉ោងក្នុងប្រទេសបារាំង មុននឹងចាកចេញ ពីឆកសមុទ្រនៃក្រុង សាំងណាស៊ែរ នៅមួយម៉ោងក្រោយមក ឆ្ពោះទៅកាន់ក្រុង ម៉ាឡាហ្គា (Malaga) ដែលស្ថិតនៅភាគខាងត្បូង នៃប្រទេសអេស្ប៉ាញ។ នាវាទេសចរណ៍យក្សមួយនេះ នឹងត្រូវដាក់ឲ្យប្រើប្រាស់ សម្រាប់មួយរយៈពេលនៃការសម្ពោធដំបូង នៅក្នុងសមុទ្រមេឌីទេរ៉ាណេសិន ទើបបន្តដំណើរឆ្លងមហាសមុទ្រអាត្លង់ទិក ឆ្ពោះទៅកាន់កំពង់ផែពិសេសរបស់វា នៅឯក្រុងមីអាមី សហរដ្ឋអាមេរិក។
តើនៅលើនាវា ដែលមានមាឌប៉ុនភ្នំមួយនេះ មានអ្វីខ្លះ?
បើនិយាយទៅ គេត្រូវដាក់ឈ្មោះឲ្យវា ថាជា«ទីក្រុងអណ្ដែតលើទឹក»មួយ ដែលមានសព្វគ្រប់បែបយ៉ាង ទាំងការរស់នៅ ទាំងការកំសាន្ដ។ គ្រាន់តែផ្ទៃក្រឡា សម្រាប់ធ្វើជាភោជនីយដ្ឋាន និងទីកន្លែងលំហែ មានដល់ទៅ ៦៦០០០ម៉ែត្រការ៉េ ក្នុងនោះ មានសួនឧទ្យានធម្មជាតិមួយ ដែលមានសណ្ឋាន ដូចឧទ្យាន «Central Park» កណ្ដាលក្រុងញ៉ូយក និងដែលមានរុក្ខជាតិដុះ ប្រមាណជា១២០០០ប្រភេទ។ ផ្ទៃក្រឡាលំហែនេះ ក៏មានផងដែរ នូវរោងល្ខោន រង្គសាល សួនលេងទឹក ទីលានជិះស្បែកជើងរអិល ក្លិបលេងល្បែង (...) និងទីកន្លែងសម្រាប់ជួល ជាលក្ខណៈឯកជនជាច្រើនទៀត៕