កោះល័នតា​នៅ​កម្ពុជា៖ កម្មវិធី​ទូរទស្សន៍​លប់​ចោល ក្រោយ​មរណភាព​បេក្ខជន

ទូរទស្សន៍បារាំង ប៉ុស្ដ៍លេខមួយ បានសម្រេចចិត្ត«លប់ចោល» វគ្គទី១៦ឆ្នាំ២០១៣នេះជាស្ថាពរ នូវកម្មវិធី«កោះល័នតា (Koh Lanta)»ដ៏ល្បី ដែលទើបនឹងចាប់ផ្ដើមថត កាលថ្ងៃសុក្រទី២២ខែមិនានេះ នៅកម្ពុជា បន្ទាប់ពីបេក្ខជនម្នាក់អាយុ២៥ឆ្នាំ បានស្លាប់ដោយសារជម្ងឺគាំងបេះដូង។ «អ្វីដែលច្បាស់ គឺវគ្គនេះនៅកម្ពុជា ត្រូវបានបញ្ចប់ជាស្ថាពរ (...)។ គ្រប់គ្នាកំពុងត្រៀមខ្លួន ត្រឡប់ទៅប្រទេសបារាំងវិញ»។ នេះជាការថ្លែងបញ្ជាក់ របស់អ្នកទទួលខុសត្រូវខាងព័ត៌មាន លោក អាឡិចសដ្រ៍ ពើទី (Alexandre Petit) តែមិនបាននិយាយពីការបន្តជីវិត នៃកម្មវិធីនេះ នៅពេលក្រោយទៀត ឬយ៉ាងណានោះទេ។ លោកពើទី បានបន្ថែមថា «វាមិនមែនជាសំនួរពិតប្រាកដ ដែលត្រូវសួរ នៅក្រោយហេតុការណ៍ ដ៏រន្ធត់បែបនេះនោះទេ»។
Loading...
  • ដោយ: សេក មនោរកុមារ
  • កែប្រែចុងក្រោយ: March 23, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

សាកសពបេក្ខជន នៅក្នុងកម្មវិធីទូរទស្សន៍បារាំង ដែលសង្ស័យបានស្លាប់ នឹងជម្ងឺ«គាំងបេះដូង» នៅក្នុងពេលដំណើរ​ការ​ថតនោះ ត្រូវបានដឹកទៅដល់រាជធានីភ្នំពេញរួចរាល់ហើយ។ ទូរទស្សន៍បារាំង ប៉ុស្ដ៍លេខមួយ ដែលជាម្ចាស់កម្មវិធី បាន​សម្រេចចិត្ត«លប់ចោល» វគ្គ២០១៣នេះ ដែលកំពុងតែថត នៅលើកោះរ៉ុង ក្នុងផ្ទៃសមុទ្រខ្មែរ។


រូបថតឯកសារ បង្ហាញពីបេក្ខជន និងពិធីករ កាលពីរគ្គទី១២ ក្នុងប្រទេសម៉ាឡេស៊ី។

ទូរទស្សន៍បារាំង ប៉ុស្ដ៍លេខមួយ បានសម្រេចចិត្ត«លប់ចោល» វគ្គទី១៦ឆ្នាំ២០១៣នេះជាស្ថាពរ នូវកម្មវិធី«កោះល័នតា (Koh Lanta)»ដ៏ល្បី ដែលទើបនឹងចាប់ផ្ដើមថត កាលថ្ងៃសុក្រទី២២ខែមិនានេះ នៅកម្ពុជា បន្ទាប់ពីបេក្ខជនម្នាក់អាយុ ២៥ឆ្នាំ បានស្លាប់ដោយសារជម្ងឺគាំងបេះដូង។

«អ្វីដែលច្បាស់ គឺវគ្គនេះនៅកម្ពុជា ត្រូវបានបញ្ចប់ជាស្ថាពរ (...)។ គ្រប់គ្នាកំពុងត្រៀមខ្លួន ត្រឡប់ទៅប្រទេសបារាំងវិញ»។ នេះជាការថ្លែងបញ្ជាក់ របស់អ្នកទទួលខុសត្រូវខាងព័ត៌មាន លោក អាឡិចសដ្រ៍ ពើទី (Alexandre Petit) តែមិនបាន​និយាយពីការបន្តជីវិត នៃកម្មវិធីនេះ នៅពេលក្រោយទៀត ឬយ៉ាងណានោះទេ។ លោកពើទី បានបន្ថែមថា «វាមិនមែន​ជាសំនួរពិតប្រាកដ ដែលត្រូវសួរ នៅក្រោយហេតុការណ៍ ដ៏រន្ធត់បែបនេះទេ»។

បេក្ខជនរងគ្រោះ លោក ហ្សេរ៉ា បាបាំង (Gérald Babin) អាយុ២៥ឆ្នាំ បានចុះឈ្មោះចូលលេងកម្មវិធីទូរទស្សន៍ នៅឆ្នាំនេះ បានធ្លាក់ខ្លួន«គាំងបេះដូង» នៅថ្ងៃដំបូងនៃ​ការថត នៅលើកោះរ៉ុង ស្ថិតនៅឆកសមុទ្រកំពង់សោម ផ្នែកនារតីនៃ​ប្រទេស​កម្ពុជា។ លោកបាបាំងបានស្លាប់ នៅក្នុងមន្ទីពេទ្យក្រុងព្រះសីហនុ នៅក្រោយពេលត្រូវបានដឹកតាមឧទ្ធម្ភាគចក្រ ជាបន្ទាន់​នោះ។ ក្នុងពេលនេះ សាកសពរបស់លោក ត្រូវបានដឹកជាបន្តមកដល់ រាជធានីភ្នំពេញហើយ ដោយក្រុមអ្នក​ទទួល​ខុស​ត្រូវ​បារាំង និងមន្ត្រីខ្មែរមកពីក្រសួងទេសចរណ៍កម្ពុជា។

ស្ថានទូតបារាំងប្រចាំកម្ពុជា ត្រូវបានគេប្រាប់អោយដឹង ពីចំណាត់ការបញ្ជូនសាកសព ទៅកាន់ប្រទេសបារាំងវិញ ដោយ​ផលិតកម្ម ដែលផលិតកម្មវិធីទួរទស្សន៍នេះ ប៉ុន្តែមិនបាននិយាយប្រាប់ថា នៅពេលណាទេ។ ផលិតកម្ម ដែលមានឈ្មោះ​ថា អេវេនឈើ ឡាញ (Adventure line productions - ALP ) បាននិយាយយ៉ាងមុតមាំថា នឹងមិនផ្ដល់ព័ត៌មានលំអិតអ្វី​បន្ថែម​ឡើយ ទាក់ទងនឹងការបញ្ជូនត្រឡប់មកកាន់មាតុភូមិវិញ នៃសាកសព ក្នុងមូលហេតុ«គោរពជីវិតឯកជន» របស់​គ្រួសារនៃជនរងគ្រោះ។

ហេតុការណ៍ដ៏សោកសៅបែបនេះ ជារឿងទីមួយសម្រាប់ប្រទេសបារាំង និងសម្រាប់កម្មវិធីទូរទស្សន៍ ដែលមានលក្ខណៈ​បែបនេះ។ កម្មវិធីនេះ មានលក្ខណៈជាការផ្សាយផ្ទាល់ ពីជីវិតរស់នៅតាមបែបផ្សងព្រេង ក្នុងធម្មជាតិ ដែលក្នុងនោះ​មាន​វិញ្ញាសារជាច្រើន សម្រាប់ធ្វើការប្រលងប្រណាំងរវាងបេក្ខជន។ ក្នុងការរៀបចំវិញ្ញាសារទាំងនេះ បេក្ខជនត្រូវចូលរួមលេង ដោយប្រើប្រាស់ទាំងកម្លាំងកាយ និងកម្លាំងបញ្ញា ជាមួយនឹងចំណោទជាច្រើន ដែលត្រូវធ្វើនៅក្នុងទឹក នៅលើខ្សាច់ ឬនៅ​ក្នុងព្រៃជាដើម។ ដើម្បីបានឈ្នះក្នុងកម្មវិធីនេះ បេក្ខជនត្រូវបំពេញលក្ខខ័ណ្ឌពីការ «ទ្រាំទ្រ»របស់ខ្លួន ក្នុងការរស់នៅតាម​ធម្មជាតិ បានយូរបំផុត។

កម្មវិធីនេះ ស្ថិតក្នុងចំណោមកម្មវិធីទូរទស្សន៍ របស់ប្រទេសផ្សេងទៀតជាច្រើន ដែលបានយកគំរូតាមកម្មវិធីដើមមួយ របស់ទូរទស្សន៍អង់គ្លេស មានឈ្មោះថា «ស័រវ៉ាយវ័រ (Survivor)»។ កម្មវិធីទូរទស្សន៍ដែលមានទម្រង់ដូចគ្នា នឹង​«ស័រវ៉ាយវ័រ» បានជួបហេតុការណ៍ដ៏អាក្រក់បែបនេះ ចំនួនពីរដងរួចមកហើយ កាលពីឆ្នាំ១៩៩៧ក្នុងប្រទេសស៊ុយអែដ និងម្ដងទៀត នៅឆ្នាំ២០០៩ ក្នុងប្រទេសប៊ុលហ្គារី៕

--------------------------------------------------------
ដោយ សេក មនោរកុមារ - ប៉ារីស​ ថ្ងៃទី២៣ ខែមិនា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...