កម្ពុជា៖ ឥទ្ធិពលអាកាសធាតុ កំពុងគំរាមកំហែងខេត្តមួយចំនួន
អាជ្ញាធរដែនដីក្នុងខេត្តក្រុងចំនួន១៤ កំពុងប្រុងប្រៀបបង្កើន ការយកចិត្តទុកដាក់យ៉ាងខ្លាំង ចំពោះបញ្ហាឥទ្ធិពលព្យុះ បន្ទាប់ពីមានការជូនដំណឹង ជាច្រើនលើកច្រើនសារ អំពីស្ថានភាពអាកាស ដែលប្រទេសកម្ពុជានឹងទទួលរងនូវឥទ្ធិពលទាំងនេះ ក្នុងរយៈពេល១ខែ គឺចាប់ពីចុងខែមិនា រហូតដល់ចុងខែមេសា ឆ្នាំ២០១៣។
សេចក្តីជូនដំណឹង របស់ក្រសួងធនធានទឹក និងឧត្តុនិយមនាដើមសប្តាហ៌នេះ ដែលនេះជាការជូនដំណឹងលើកទី៣ បានឲ្យដឹង ចាប់ពីចុងខែមិនា ឆ្នាំ២០១៣នេះ រហូតដល់ចុងខែមេសា ឆ្នាំ២០១៣ នេះព្រះរាជាណាចក្រកម្ពុជាបាន និងកំពុងទទួលរងឥទ្ធិពលកម្រិតសម្ពាធទាប (Low Pressure Gradient) ចាប់ពីផ្ទៃដីរហូតដល់រយះកំពស់៦០០ម៉ែត្រ។ ប៉ុន្តែចាប់ពីកំពស់៦០០ ម៉ែត្ររហូតដល់រយះកំពស់៥.៥០០ ម៉ែត្រ ព្រះរាជាណាចក្រកម្ពុជាបាន និងកំពុងទទួលរងឥទ្ធិពលកម្រិតសម្ពាធខ្ពស់ (Hight Pressure Grandient) វិញ។
សម្ពាធបរិយាកាសទាំងពីរខាងលើនេះ និងបង្កឲ្យព្រះរាជាណាចក្រកម្ពុជា មានសីតុណ្ហភាព អតិបរមាកើនឡើងខ្លាំង (ពី៣៩ ទៅ៤០ អង្សាសេ) ព្រមជាមួយនឹងការកកើតឡើងបន្ថែម ទៀតនូវបាតុភូតធម្មជាតិគ្រោះថ្នាក់មួយចំនួនដូចជា ភ្លៀង ផ្គរ រន្ទះ ខ្យល់កន្រ្តាក់ ខ្យល់គួច ពិសេសបណ្តាខេត្តមួយចំនួននៅក្នុងតំបន់ទំនាបកណ្តាល។
ក្រសួងធនធានទឹក និងឧត្តុនិយម បានឲ្យដឹងដែរថា ខេត្តដែលប្រឈម នឹងការប៉ះទង្គិច នឹងឥទ្ធិពលបាតុភូតធម្មជាតិនេះ មានដូចជាខេត្តក្រចេះ កំពង់ចាម សៀមរាប កំពង់ធំ បន្ទាយមានជ័យ បាត់ដំបង ពោធិសាត់ កំពង់ឆ្នាំង កណ្តាល ព្រៃវែង ស្វាយរៀង កំពង់ស្ពឺ តាកែវ និងរាជធានីភ្នំពេញ។
ក្រសួងបានធ្វើការអំពាវនាវ ដល់ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដី និងប្រជាពលរដ្ឋ ដែលរស់នៅក្នុងខេត្តទាំងនោះ ឲ្យបង្កើន ការការពារ និងយកចិត្តទុកដាក់ខ្ពស់ដើម្បីចៀសវាងនូវគ្រោះថ្នាក់ផ្សេងៗដែលអាចកើតមានឡើងជាយថាហេតុ។ ជាមួយគ្នានេះដែរ ក្រសួងនៅតែបន្តការតាមដាន ពីស្ថានភាពអាកាសធាតុនេះជាប់ជាប្រចាំ និងផ្តល់ការជូនដំណឹងបន្ថែមទៀត ក្នុងករណីចាំបាច់ណាមួយ។
លោកឌៀប ឈុន អភិបាលស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ នៅតែបន្តធ្វើការអំពាវនាវ ដល់ប្រជាពលរដ្ឋរបស់ខ្លូន ឲ្យមានការប្រុងប្រយ័ត្នចំពោះព្យុះភ្លៀង ដែលអាចនឹងកើតមានចំពោះពួកគេ។ កាលពីជាងមួយសប្តាហ៌មុននេះ ផ្ទះប្រជាពលរដ្ឋជាង៣០០ខ្នង ត្រូវបានរងការខូចខាតយ៉ាងដំណំ និងមានមនុស្សម្នាក់បានស្លាប់ និងពីរនាក់បានរងរបួស ដោយសារព្យុះភ្លៀង។
លោកបានថ្លែងថា៖ «អាជ្ញាធរមានការប្រុងប្រយ័ត្នជានិច្ច និងធ្វើការផ្សព្វផ្សាយដល់ពលរដ្ឋទាំងអស់ កុំឲ្យមានការធ្វេសប្រហែសក្នុងការការពារខ្លួន ជាពិសេសពួកគេគូរតែធ្វើជំរកបណ្តោះអាសន្នដើម្បីការពារសុវត្ថិភាពពេលមានព្យុះភ្លៀង»។
មន្រ្តីនៃគណកម្មាការជាតិ គ្រប់គ្រងគ្រោះមហន្តរាយបានឲ្យដឹងថា ផ្ទះប្រមាណជាជាង១០០០ខ្នង ត្រូវបានទទួលរងការខូចខាត ជីវិតមនុស្សជិត១០នាក់បានស្លាប់ និងជាង១០នាក់បានរងរបួសធ្ងន់ស្រាល៕
-----------------------------------------------
ដោយ ៖ គិន ហត្ថារ៉ូ - ភ្នំពេញ ថ្ងៃទី២៨ ខែមិនា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ