សមាជិក​ព្រឹទ្ធសភា​អាមេរិក​ទាមទារ​ដាក់​មន្ត្រី​រដ្ឋាភិបាល​ខ្មែរ ទៅ​ក្នុង​បញ្ជី​ខ្មៅ

ការទាមទារដាក់មន្ត្រីរដ្ឋាភិបាលខ្មែរ ទៅក្នុងបញ្ជីខ្មៅរបស់សហរដ្ឋអាមេរិក ជាការទាមទារមួយ ពីក្នុងចំណោមការទាមទារ ចំនួន៨ចំណុច នៃអត្ថបទស្នើសេចក្ដីសម្រេចមួយ ដែលសមាជិកព្រឹទ្ធសភាអាមេរិកពីររូប បានស្នើដាក់ចូល ទៅកាន់ស្ថាប័នសភាជាន់ខ្ពស់អាមេរិក កាលពីថ្ងៃអង្គារម្សិលម៉ិញ។
សមាជិក​ព្រឹទ្ធសភា​អាមេរិក​ទាមទារ​ដាក់​មន្ត្រី​រដ្ឋាភិបាល​ខ្មែរ ទៅ​ក្នុង​បញ្ជី​ខ្មៅ
ពីឆ្វេងទៅស្ដាំ៖ លោក​ ចន ម៉ាកខេន (John McCain) សមាជិក​ព្រឹទ្ធសភា មកពីគណបក្សសាធារណរដ្ឋ ​និង​ជា​ប្រធាន​គណៈកម្មាធិការ​សេវាកម្ម​អាវុធ ​របស់​ព្រឹទ្ធសភាអាមេរិក និងលោក ហ៊ុន សែន នាយករដ្ឋមន្ត្រី និងជាប្រធានគណបក្សប្រជាជនកម្ពុជា។ (រូបថត WikiPedia)
Loading...
  • ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ភ្នំពេញ ថ្ងៃទី០៤ តុលា ២០១៧
  • កែប្រែចុងក្រោយ: October 04, 2017
  • ប្រធានបទ: នយោបាយខ្មែរ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

«ក្រសួង​ការបរទេស​សហរដ្ឋអាមេរិក ​ត្រូវសហការ​គ្នា ​ជាមួយ​ការិយាល័យ​​ត្រួតពិនិត្យ​ទ្រព្យសម្បត្តិ​​បរទេស នៃ​នាយកដ្ឋាន​រតនាគារ ដើម្បីពិចារណា​ដាក់​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា ទាំងឡាយ​ណា ដែល​ជាប់​ពាក់ព័ន្ធ​ នឹង​ការ​រំលោភបំពាន​សិទ្ធិ (សិទ្ធិមនុស្ស សិទ្ធិពលរដ្ឋ សិទ្ធិនយោបាយ សិទ្ធិសេរីភាព​នៃសារព័ត៌មាន។ល។) ឲ្យ​ចូល​ទៅ​ក្នុង​បញ្ជី​ខ្មៅ​ នៃ​ជន​ដែលមាន​គ្រោះថ្នាក់ ដែលត្រូវ​បង្កក​ទ្រព្យ​សម្បត្តិ និងហាម​ឃាត់​ មិន​ឲ្យ​ចូល​ទឹកដី​អាមេរិក»។

ឃ្លាខាងលើនេះ ជាដំណកស្រង់ទាំងស្រុង នៃចំណុចទី៤ ពីក្នុងចំណោមការទាមទារ ចំនួន៨ចំណុច នៃការស្នើសេចក្ដីសម្រេចមួយ ដែលសមាជិកព្រឹទ្ធសភាអាមេរិក ចំនួនពីររូប បានដាក់ចូល ទៅកាន់​កិច្ច​ប្រជុំ​សភា​ពេញ​អង្គ នៃព្រឹទ្ធសភារបស់ប្រទេសមហាអំណាច កាលពីថ្ងៃអង្គារទី៣ ខែតុលា ឆ្នាំ២០១៧ម្សិលម៉ិញ​។ 

លោក​ ចន ម៉ាកខេន (John McCain) សមាជិក​ព្រឹទ្ធសភា មកពីគណបក្សសាធារណរដ្ឋ ​និង​ជា​ប្រធាន​គណៈកម្មាធិការ​សេវាកម្ម​អាវុធ ​របស់​ព្រឹទ្ធសភា​ រួមនិង​លោក ឌិក ឌើប៊ីន (Dick Durbin) ​សមាជិក​ព្រឹទ្ធសភា មកពី​គណបក្ស​ប្រជាធិបតេយ្យ​ បាន​ស្នើ​សេចក្តី​សម្រេចខាងលើនេះ ក្នុងគោលបំណងដែលលោកទាំងពីរអះអាងថា ដើម្បី«ស្វែងរក​យុត្តិធម៌ និងការពារ​សិទ្ធិ​មនុស្ស និង សេរីភាព​ជូន​ប្រជាពលរដ្ឋ​កម្ពុជា»។

សេចក្តី​ថ្លែងការណ៍ នៃការស្នើ​សេចក្តី​សម្រេច​នោះ​ បានសរសេរឲ្យដឹងថា៖ ​«រដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្រ្តី ​ហ៊ុន សែន ​បាន​ចាប់​ផ្តើម​ការ​បង្ក្រាប​ ដ៏​ព្រៃផ្សៃ​ ទៅ​លើអ្នក​នយោបាយ​ប្រឆាំង​ និង​អង្គការ​សង្គម​ស៊ីវិល ​មុន​ពេល​ការ​បោះឆ្នោត​ជាតិ ​ក្នុង​ខែ​កក្កដា ​ឆ្នាំ២០១៨ខាងមុខ។ ​សេចក្តី​សម្រេច​នោះ ថ្កោល​ទោស ​អំពើ​ហិង្សា​នយោបាយ​គ្រប់​ទម្រង់​ទាំងអស់ ក្នុង​ប្រទេស​កម្ពុជា ដោយ​ជំរុញ​ឲ្យ​ដោះលែង​លោក កឹម ​សុខា ​ប្រធានគណបក្ស​ប្រឆាំង​ជា​បន្ទាន់ ​ហើយ​អំពាវនាវ​ ឲ្យ​មាន​ការ​បោះឆ្នោត​ ដោយ​សេរី​និង​យុត្តិធម៌​ និង​មាន​ការ​ឃ្លាំ​មើល​ការ​បោះឆ្នោត​ ឆ្នាំ​២០១៨។»។

លោក ចន ម៉ាកខេន ​បានថ្លែង នៅ​ក្នុង​សេចក្តីថ្លែងការណ៍ដដែល​ថា៖ «ទោះជាមានការ​យក​ចិត្ត​ទុកដាក់ ​របស់​សហរដ្ឋ​អាមេរិក​ និង​អន្តរជាតិ​ជា​ច្រើន​ទសវត្សរ៍​ ដើម្បី​លើកស្ទួយ​ប្រព័ន្ធ​ពហុភាព ​និង​ប្រជាធិបតេយ្យ​ក៏ដោយ តែ​ស្ថានភាព​ក្នុង​ប្រទេស​កម្ពុជា ​នៅ​តែ​មានសភាព​ធ្ងន់ធ្ងរ។​ លោកនាយករដ្ឋមន្ត្រី ​ហ៊ុន សែន បាន​គ្រប់គ្រង​ប្រទេស​ ដោយ​និទ្ទណ្ឌភាព ​តាំងពី​ជាង​៣​ទសវត្សរ៍មកហើយ។ ​លោក​ ហ៊ុន សែន បាន​ប្រើប្រាស់​គ្រប់​មធ្យោបាយ​ទាំងអស់ ​ដើម្បី​បំបាត់សម្លេច​គណបក្ស​ប្រឆាំង​ ដែល​ជា​គណបក្ស​នយោបាយ​ស្រប​ច្បាប់ ​យាយីរ៉ៅឆាន​អង្គការ​សង្គម​ស៊ីវិល​ ដាក់​កំហិត​បរិយាកាស​ប្រព័ន្ធផ្សព្វផ្សាយ ​ហើយ​បដិសេធ​ ការ​ប្រាថ្នា​ចង់​បាន​លទ្ធិប្រជាធិបតេយ្យ ​របស់​ប្រជា​ពលរដ្ឋ​កម្ពុជា។»។

ចំណែកឯលោក​សមាជិក​ព្រឹទ្ធសភា ឌិក ឌើប៊ិន បានបញ្ជាក់បន្ថែមថា៖ ​«ការធ្វើ​ឲ្យ​ចុះ​ខ្សោយដោយចេតនា ​នូវ​លទ្ធិ​ប្រជាធិបតេយ្យ​ ពីសំណាក់រដ្ឋាភិបាលកម្ពុជា ចាំបាច់​ត្រូវ​​បញ្ឈប់។​ យើង​អំពាវនាវ​ ដល់​លោកនាយករដ្ឋមន្រ្តី ​ហ៊ុន សែន ​និង​គណបក្ស​កាន់​អំណាច​ ឲ្យ​គោរព​នីតិរដ្ឋ ​សិទ្ធិ​មនុស្ស​ និង​បែបបទ​ប្រជាធិបតេយ្យ​ ជា​មូលដ្ឋាន។​ ពិភព​លោក​ កំពុង​ឃ្លាំមើល​កម្ពុជា‍។»។

«ទណ្ឌកម្មធ្ងន់ធ្ងរ ដោយផ្ទាល់សម្រាប់មន្ត្រីរដ្ឋាភិបាល»

ប្រសិនជាការស្នើសេចក្ដីសម្រេចខាងលើ ត្រូវបានអនុម័ត្រ និងចូលជាធរមាននោះ មន្ត្រីរដ្ឋាភិបាលកម្ពុជា អាចនឹងរងទណ្ឌកម្មធ្ងន់ធ្ងរ ពីសំណាក់រដ្ឋាភិបាលអាមេរិក ហើយបណ្ដាប្រទេសសម្ព័ន្ធមិត្ត របស់អាមេរិក អាចនឹងធ្វើតាមសហរដ្ឋអាមេរិក។ នេះ បើតាមការលើកឡើង របស់លោក ព្រហ្ម គិត អតីតមន្ត្រីច្បាប់មួយរូប ដែលកំពុងរស់នៅចូលនិវត្តន៍ នៅក្នុងប្រទេសបារាំង។ អ្នកឃ្លាំមើលបញ្ហាកម្ពុជារូបនេះ បានអះអាងបន្ថែមថា ទណ្ឌកម្មដែលរាប់បញ្ជូល ទាំងការបង្កកទ្រព្យសម្បត្តិ និងហាមមិនឲ្យជាន់ទឹកដីអាមេរិកនោះ នឹងមានវិសាលភាពខ្លាំងក្លាណាស់ ដោយសារតែប្រព័ន្ធហិរញ្ញវត្ថុ សឹងតែនៅគ្រប់ប្រទេស នៅក្នុងពិភពលោក សុទ្ធតែមាន​ទំនាក់ទំនង​ជាមួយ ឬឆ្លងកាត់តាម សហរដ្ឋអាមេរិក។

លោក ព្រហ្ម គិត បានមានប្រសាសន៍ទៀតថា៖ «ទណ្ឌកម្មដោយផ្ទាល់ ទៅលើមន្ត្រី ឬសមាជិករដ្ឋាភិបាលនេះ ជាជំហានដំបូងមួយ មុននឹងសហរដ្ឋអាមេរិក ឈានទៅដាក់ទណ្ឌកម្មផ្នែកសេដ្ឋកិច្ច ដែលនឹងមានផលប៉ះពាល់ជាទូទៅ សម្រាប់ប្រទេសកម្ពុជាទាំងមូល។ ហើយទណ្ឌកម្មរបស់អាមេរិកខាងលើ នៅមិនទាន់គិតពីទណ្ឌកម្ម របស់សហភាពអ៊ឺរ៉ុប ដែលជាលំហនាំចេញ ដ៏សំខាន់ និងធំជាងគេរបស់កម្ពុជា នោះផងទេ។»។

កាលពីប៉ុន្មានសប្ដាហ៍មុន ក្រសួងការបរទេសអាមេរិក តាមរយៈស្ថានទូតខ្លួន ប្រចាំនៅក្នុងប្រទេសកម្ពុជា បានប្រកាសផ្អាកការផ្ដល់ទិដ្ឋការ ទៅមន្ត្រីជាន់ខ្ពស់ (រួមនឹងក្រុមគ្រួសាររបស់មន្ត្រីទាំងនោះផង) នៃក្រសួងការបរទេសកម្ពុជារួចហើយ។ ការផ្អាកការផ្ដល់ទិដ្ឋការនោះ ធ្វើឡើងក្រោមមូលហេតុថា កម្ពុជាបានបដិសេធមិនទទួលយក ឬប្រើប្រាស់ហេតុផល ដែលមិនសមស្រប ដើម្បីពន្យារពេល ទទួល​យក​ពលរដ្ឋ​ នៃ​ប្រទេស​របស់​ពួកគេ​វិញ។

ប៉ុន្តែក្រសួងការបរទេសកម្ពុជា បានប្រតិកម្មតបវិញ ដោយហៅការសម្រេចផ្អាកទិដ្ឋការនោះ ថាមានលក្ខណៈមិនសមហេតុផល។ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានប្រកាសឆ្លើយតបដែរនៅពេលនោះ ពីការសម្រេចរបស់កម្ពុជា ក្នុងការផ្អាកការស្វែងរកធាតុ របស់យុទ្ធជនអាមេរិក ដែលបានពលីជីវិត ក្នុងសង្គ្រាម នាទសវត្សន៍ឆ្នាំ៧០។

«ព្រមាន មិនទទួលស្គាល់លទ្ធផល នៃការបោះឆ្នោត»

សូមបញ្ជាក់ដែរថា ការស្នើសេចក្ដីសម្រេច របស់សមាជិកព្រឹទ្ធសភាអាមេរិក មានរួមទាំងការថោលទោស ប្រឆាំងរាល់​ទម្រង់​ នៃ​ការ​រំលោភបំពាន​ផ្នែក​នយោបាយ នៅកម្ពុជា ហើយបានទាមទារ​ ឲ្យ​លោក​នាយករដ្ឋមន្ត្រី​​ ហ៊ុន សែន និង គណបក្ស​ប្រជាជន​កម្ពុជា បញ្ឈប់​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ និងការ​គំរាម​កំហែង​ មក​លើ​គណបក្ស​ប្រឆាំង និងបញ្ឈប់ការរំលោភសិទ្ធិមនុស្ស ដែលចេះតែកើតមាន ជាបន្តបន្ទាប់ នៅក្នុងប្រទេសនេះ។

ការស្នើសេចក្ដីសម្រេច ក៏បានទាមទារដែរ ទៅកាន់​រដ្ឋាភិបាល​កម្ពុជា ឲ្យ​ដោះលែង​ប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ជា​បន្ទាន់ និងដោយ​ឥត​លក្ខខណ្ឌ។ នៅក្នុងចំណុចទី៦ នៃការស្នើសេចក្ដីសម្រេចចិត្ត មានសរសេរជាអាទិ៍ថា៖ «ទាមទារ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា គោរព​សិទ្ធិ​សេរីភាព​សារព័ត៌មាន និង សិទ្ធិ​ពលរដ្ឋ​របស់​ខ្លួន​ រួមមាន​សិទ្ធិ​ក្នុង​ការ​​ជួប​ប្រជុំ​ សិទ្ធិ​ធ្វើ​បាតុកម្ម​ និងតវ៉ា និងសិទ្ធិ​ក្នុង​ការ​រិះគន់​រដ្ឋាភិបាល​ ដោយ​គ្មាន​ការ​រឹត​ត្បិត»។

ក្រៅពីប្រកាសគាំទ្រ នូវកិច្ច​ខិតខំ​ប្រឹងប្រែង កែទម្រង់​ប្រព័ន្ធ​រៀប​ចំ​ការ​បោះឆ្នោត ​នៅកម្ពុជា និងគាំទ្រ​ឲ្យ​មាន​ការ​បោះឆ្នោត​ជាតិ​នៅ​ឆ្នាំ ២០១៨ ដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌នោះ ការស្នើសេចក្ដីសម្រេច នៅបានព្រមានរដ្ឋាភិបាលកម្ពុជាសព្វថ្ងៃថា ​រដ្ឋាភិបាល​សហរដ្ឋអាមេរិក នឹងមិន​ទទួលស្គាល់​ ការ​បោះឆ្នោត​ជាតិ​ឆ្នាំ ២០១៨ ខាង​មុខ​នេះទេ បើ​រដ្ឋាភិបាល​កម្ពុជា មិន​អើពើ​ទៅ​នឹង​អនុសាសន៍​ របស់​សហគមន៍​អន្តរជាតិ ហើយនៅ​បន្ត​ឲ្យ​បរិយាកាស​នយោបាយ ដែលពោរពេញ ដោយ​ភាព​រឹតត្បិត និងការ​គំរាម​កំហែង ដូច​ពេល​បច្ចុប្បន្ន​នេះ​តទៅ​ទៀត៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...