មេធាវី​ព្រះ​សង្ឃ​ខ្មែរ​ក្រោម៖ ជា​គោលការណ៍ ​ត្រូវ​ដោះ​លែង​កូន​ក្តី​ខ្ញុំ

មេធាវីការពារក្តី ឱ្យអតីតព្រះសង្ឃកម្ពុជាក្រោមពីរអង្គ បានបញ្ជាក់ថា ជាគោលការណ៍កូនក្តីរបស់លោកស្រីទាំងពីរ គួរត្រូវបានដោះលែង ប៉ុន្តែបែរជាតុលាការបដិសេធទៅវិញ។
Loading...
  • ដោយ: ប្រាថ្នា អត្ថបទ៖ ប្រាថ្នា ([email protected]) យកការណ៍៖ ស្រ៊ុន ទិត្យ - ភ្នំពេញ ថ្ងៃទី០៩ មករា ២០១៥
  • កែប្រែចុងក្រោយ: January 09, 2015
  • ប្រធានបទ: យុត្តិធម៌
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

អ្នកស្រី សាម សុគន្ធា ជា​មេធាវី​មក​ពី​អង្គការ​លីកាដូ ដែល​ការពារ​ក្តី​ឱ្យ​ព្រះ​សង្ឃ ដែល​ជា​ជន​ជាប់​ចោទ ឃិត វណ្ណៈ និង ថាច់ សាង (ហៅ សាន កុសល) បាន​ឱ្យ​ដឹង​ពី​មូលហេតុ ដែល​តុលាការ​សម្រេច​មិន​ឱ្យ​ជន​ជាប់​ចោទ​ទាំង​ពីរ នៅ​ក្រៅ​ឃុំ​ថា ដោយ​តុលាការ​សម្អាង​រឿង​ក្តី ស្ថិត​នៅ​ក្នុង​ការ​ស៊ើប​អង្កេត និង​ដោយ​សារ​តែ​ការ​សុំ​នៅ​ក្រៅ​ឃុំ របស់​កូន​ក្តី​លោក​ស្រី​មិន​មាន​ហេតុ​ផល។

ប៉ុន្តែ​ការ​សម្រេច​របស់​សាលា​ឧទ្ធរណ៍ មិន​ឱ្យ​កូន​ក្តី​លោក​ស្រី​នៅ​ក្រៅ​ឃុំ​នេះ ជា​រឿង​មិន​សម​ហេតុ​ផល។ មេធាវី​ការពារ​ជន​ជាប់​ចោទ​រូប​នេះ អះ​អាង​ថា ជា​គោល​ការណ៍​កូន​ក្តី​របស់​អ្នក​ស្រី គួរ​ត្រូវ​បាន​ឲ្យ​នៅ​ក្រៅ​ឃុំ ព្រោះ​វា​ជា​បទ​មជ្ឈឹម។ មួយ​វិញ​ទៀត មាន​វិមតិសង្ស័យ​ជា​ច្រើន ទាក់​ទង​នឹង​ការ​ចោទ​ប្រកាន់ ពី​បទ​ចូល​រួម​ជា​មួយ​សមាគម​ជន​ទុច្ចរិត​នេះ។

អ្នកស្រី សាម សុគន្ធា ពន្យល់ថា៖ «ដោយសារតែមិនមានសកម្មភាពណាមួយ ជាធាតុផ្សំនៃបទល្មើស ដែល​អាចចោទប្រកាន់ហ្នឹងបានឡើយ»។ អ្នកស្រីបន្ថែមថា កូនក្តីរបស់អ្នកស្រីមិនសុខចិត្តនោះទេ និងសំណូមពរ ឱ្យបន្តប្តឹងទៅតុលាការកំពូលបន្តទៅទៀត។

រីឯម្តាយរបស់អតីតព្រះសង្ឃកម្ពុជាក្រោមម្នាក់អ្នកស្រី ថិត យ៉ាង កំពុងតែអំពាវនាវឱ្យអង្គការសង្គមស៊ីវិល ក៏ដូច​ជារដ្ឋាភិបាលជួយរកយុត្តិធម៌ ឱ្យដោះលែងកូនប្រុសរបស់គាត់ដែលកំពុងជាប់ឃុំ បន្ទាប់ពីសាលាឧទ្ធរណ៍​នៅ​ព្រឹកថ្ងៃទី០៩ មករានេះ សម្រេចមិនឱ្យនៅក្រៅឃុំ។

អ្នកស្រី ថិត យ៉ាង បានថ្លែងឡើងថា៖ «អត់ឱ្យនៅក្រៅឃុំ អយុត្តិធម៌កូនខ្ញុំណាស់ លោកអត់មានកំហុសអីទៀត ហេតុអីដាក់នៅក្រៅឃុំមិនឱ្យទៀត?»។ ម្តាយរបស់ជនជាប់ចោទរូបនេះបន្តថា កូនអ្នកស្រីមិនបានធ្វើអីខុសទេ គ្រាន់តែដឹកទង់សាសនា និងទង់ជាតិតែប៉ុណ្ណោះ ប៉ុន្តែកូនអ្នកស្រីត្រូវបានគេចោទប្រកាន់ ពីបទចូលរួមជាមួយ​ជនទុច្ចរិត។ អ្នកស្រីបន្តថា កូនអ្នកមិនជាប់ពាក់ព័ន្ធ ជាមួយនឹងរឿងនយោបាយអ្វីឡើយ កូនអ្នកស្រីគ្រាន់តែ​ជួយ​តវ៉ារឿងដីធ្លីជាមួយប្រជាពលរដ្ឋរងគ្រោះ។ អ្នកស្រីអំពាវនាវឱ្យរដ្ឋាភិបាល និងអង្គសិទ្ធិមនុស្សជួយ​រក​យុត្តិធម៌​ជូនកូនអ្នកស្រី ដើម្បីឱ្យមានការដោះលែងឱ្យនៅក្រៅឃុំ។

មន្ត្រីសិទ្ធិមនុស្សនៅអង្គការលីកាដូ លោក អំ សំអាត ដែលបានតាមដានករណីនេះ បាននិយាយ ថាការចាប់​ព្រះកាយព្រះសង្ឃទៅឃុំខ្លួន ជារឿងខុសនីតិវិធី ព្រោះព្រះសង្ឃទាំងបីអង្គ មិនបានប្រព្រឹត្តបទល្មើសអ្វី​ខុស​ឡើយ។

លោកអះអាងថា៖ «លោកគ្រាន់តែដឹកទង់ជាតិ និងទង់សាសនា វាអត់មានបទល្មើលទេ ព្រោះថាលោកមិន​ប្រើទង់ជាតិ និងទង់សាសនា ហើយវាមានអីត្រូវបទល្មើស? ហើយចោទថាចូលរួមជាមួយសមាគម​នៃជន​ទុច្ចរិត។ លោកមានបំណងយកទង់សាសនា និងទង់ជាតិហ្នឹង ទៅឱ្យប្រជាពលរដ្ឋដែលមកពីព្រះវិហារ ដែល​ធ្វើការតវ៉ាទាក់ទងរឿងដីធ្លី ដែលមានគេរំលោភបំពានដីធ្លីរបស់ពួកគាត់។ អញ្ចឹងវាអត់មានអីត្រូវមានបទ​ល្មើស ហើយសួរថាប្រជាពលរដ្ឋ មកពីព្រះវិហារហ្នឹងជាជនទុច្ចរិត ហើយអ្នកណាជាអ្នករំលោភយកដីគាត់ ឱ្យគាត់​តវ៉ា?»៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...