គោរមងារ​«សម្ដេច»៖ ក្រសួង​ព័ត៌មាន​បង្ខំ តែ ហ៊ុន សែន ថា​«ទេ»

មិនយល់! នៅក្នុងស្ថាប័ននិតិប្រតិបត្តិតែមួយ តែក្រសួងព័ត៌មាន​ជាអ្នកបង្ខំ ស្រាប់តែនាយករដ្ឋមន្ត្រី ចេញ​មុខ​មក​«ទាត់​ចោល» ករណីប្រាប់ឲ្យសារព័ត៌មាន ត្រូវសរសេរ ឬហៅនៅក្នុងអត្ថបទព័ត៌មាន ឬសេចក្ដីរាយការណ៍​របស់​ពួក​គេ ពី​គោរមងារ​«សម្ដេច»។ បើសិនជាក្រសួងព័ត៌មានអះអាងថា ការចាប់បង្ខំនេះ ដើម្បីគោរពទៅ​ដល់​ព្រះ​រាជ​ក្រិត្យ របស់​ព្រះ​មហាក្សត្រ​នោះ អញ្ចឹងតើការទាត់ចោលការចាប់បង្ខំនេះ របស់នាយករដ្ឋមន្ត្រី​កម្ពុជា លោក ហ៊ុន សែន មាន​ន័យ​ជា​អ្វី​ទៅ​វិញ?
គោរមងារ​«សម្ដេច»៖ ក្រសួង​ព័ត៌មាន​បង្ខំ តែ ហ៊ុន សែន ថា​«ទេ»
លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា។ (រូបថត Reuters)
Loading...
  • ដោយ: ដារា រិទ្ធ អត្ថបទ និងយកការណ៍៖ ដារា រិទ្ធ ([email protected]) - ភ្នំពេញ ថ្ងៃទី០៧ កក្កដា ២០១៦
  • កែប្រែចុងក្រោយ: July 08, 2016
  • ប្រធានបទ: គោរមងារ«សម្ដេច»
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

តើករណីនេះ វាជាការសម្ដែងល្ខោនជាថ្មីទៀតឬ? ដោយម្នាក់ធ្វើជាតួកាច ខណៈម្នាក់ទៀត​ចេញមក​តាម​ក្រោយ ធ្វើជាតួស្លូត ដើម្បីសង្គ្រោះ​អស់អ្នកសារព័ត៌មាន ដ៏កំសត់ទាំងឡាយ ពីការចាប់បង្ខំឲ្យសរសេរ ឬ​​ហៅ នៅ​ក្នុង​អត្ថបទ​ព័ត៌មាន​របស់​ខ្លួន តាមគោរមងារ«សម្ដេច» របស់មេដឹកនាំឬ?

លោក ផៃ ស៊ីផាន អ្នកនាំពាក្យ និងជារដ្ឋលេខាធិការ ទីស្ដីការគណរដ្ឋមន្ត្រី បានសរសេរឲ្យដឹង នៅមុននេះ​បន្តិច នៅលើទំព័រហ្វេសប៊ុករបស់លោក ពី​លទ្ធផល​ត្រួសៗ នៃកិច្ចប្រជុំគណៈរដ្ឋមន្ត្រី នាព្រឹកថ្ងៃទី៨ ខែកក្កដា ឆ្នាំ​២០១៦​នេះថា លោក ហ៊ុន សែន បាន​ប្រកាស​ឲ្យ​«ទាត់ចោល» នូវសេចក្តីណែនាំរបស់ក្រសួងព័ត៌មាន ស្តីពីការ​ប្រើ​ប្រាស់​គោរមងារ​«សម្តេច» ចុះ​ថ្ងៃ​ទី០៦ ខែ​កក្កដា ឆ្នាំ២០១៦។

កាលពី​ថ្ងៃ​ទី​៦ ខែ​កក្កដា ក្រសួង​ព័ត៌មានកម្ពុជា បាន​ចេញ​សេចក្ដី​ព្រមានជាថ្មី និង​ជា​លើក​ចុង​ក្រោយ បន្ទាប់​ពី​សេចក្ដី​ព្រមានម្ដងជាពីរដង ឲ្យ​ស្ថាប័ន​សារព័ត៌មាន​ទាំងឡាយ អនុវត្ត​តាម​ការ​បង្ខំ​របស់ក្រសួង ថាត្រូវ​សរសេរ និង​​ហៅ​​​តាម​គោរមងារ «សម្ដេច» នៅក្នុងអត្ថបទព័ត៌មាន ឬសេចក្ដីរាយការណ៍របស់ពួកគេ ចំពោះ​មេ​ដឹកនាំ​ធំៗ ដែល​ត្រូវ​បាន​ព្រះមហាក្សត្រ ព្រះរាជទានតែងតាំង។

សេចក្ដីព្រមាននោះ បានបញ្ជាក់ទៀតថា នៅក្នុង​ខែ​កក្កដានេះ ក្រសួង​ព័ត៌មាន​នឹង​បិទ​មិន​ឲ្យ​ផ្សាយ ចំពោះ​អង្គភាព​សារព័ត៌មាន​ណា ​ដែល​មិន​ប្រើ​គោរម​ងារ​ «សម្ដេច»​។

រហូតមកដល់ថ្ងៃនេះ ស្ថាប័ន​ដែល​មិន​ប្រើ​គោរម​ងារ «សម្ដេច» រួម​មាន​វិទ្យុ​បរទេស ផ្សាយជាខេមរភាសា​នៅ​កម្ពុជា កាសែត​ភ្នំពេញ​ប៉ុស្តិ៍ (Phnom Penh Post) កាសែត​ខ្មែរ​ថែមស៍ (Khmer Times) និង​ព្រឹត្តិបត្រ ឌឹ​ខេមបូឌា​ដេលី (The Cambodia Daily) ដោយមិនភ្លេចផងទេ ពីទស្សនាវដ្ដីចេញផ្សាយ តាមបណ្ដាញ​អ៊ិនធឺណែត មនោរម្យ.អាំងហ្វូ ខ្លួនឯងនេះផង។

បើទោះជាគ្មានច្បាប់ ឬក្រមវិជ្ជាជីវៈ ចែងពីការកំណត់ឲ្យអ្នកសារព័ត៌មាន ត្រូវសរសេរ ឬហៅអស់លោក​«ធំៗ»​ទាំង​នោះ ទៅតាមគោរមងារជា«សម្ដេច» នោះក៏ដោយ តែសម្រាប់ក្រសួងព័ត៌មាន ​បានពន្យល់ថា ប្រទេស​កម្ពុជា​មាន​ព្រះមហាក្សត្រ​ ដែល​ឡាយព្រះហស្តលេខា​ ឲ្យ​ប្រើ​រដ្ឋធម្មនុញ្ញ ច្បាប់​នានា និង​ព្រះរាជក្រឹត្យ​ តាម​សេចក្ដី​ស្នើ​សុំ​​របស់​​គណៈរដ្ឋមន្ត្រី។ ដូច្នេះ ការ​ប្រើ​គោរម​ងារ «សម្ដេច» គឺ​អនុវត្ត​តាម​ព្រះរាជក្រឹត្យ​​តែងតាំង។

តើបើនៅក្នុងពេលនេះ លោក ហ៊ុន សែន បានប្រកាសទាត់ចោល ពីការអះអាងខាងលើនេះទៅវិញ មិន​ដូច​ជា​បាន​សេចក្ដីថា ការពន្យល់របស់ក្រសួងព័ត៌មាន ទាក់ទងនឹងព្រះរាជតួនាទី របស់ព្រះមហាក្សត្រ នៅក្នុង​លិខិត​ព្រមាន​នោះ គ្រាន់​តែ​ជា​«លេស» ឬជាការ«លេងសើច»ទេឬយ៉ាងណា?

យ៉ាងណា ការសម្រេចចិត្តរបស់លោក ហ៊ុន សែន ត្រូវបានអ្នកស្រី ចក់ សុភាព នាយិកា​ប្រតិបត្តិ​​នៃ​មជ្ឈមណ្ឌល​​សិទ្ធិ​​​មនុស្ស​ក​ម្ពុជា សម្ដែងការសាទរ និងបានហៅករណីនេះ ថាជាការសម្រេចចិត្តមួយ ដ៏ត្រឹមត្រូវ។ អ្នកស្រី​បាន​សរសេរ នៅលើគណនីហ្វេសប៊ុករបស់អ្នកស្រីថា៖ «ការគោរពមិនស្តែង​ត្រឹម​តែ​តាម​រយៈ​គោរមងារ​នោះ​ទេ តែ​តាម​សកម្មភាព សម្មាវាចា (...) ខ្ញុំយល់ថា កិច្ចការមួយចំនួន តួយ៉ាងដូចជាការដាក់លិខិត​ជាផ្លូវការជាដើម យើង​ត្រូវ​ដើរតាមនីតិវិធីបែបបទរដ្ឋបាល ប៉ុន្តែបើគ្រាន់តែជាការរាយការណ៍ព័ត៌មាន ឬភាសានិយាយនោះ វា​មិន​ចាំ​បាច់ ហើយ​ក៏​មិន​ចាំបាច់ រហូតដល់ត្រូវចេញបង្គាប់ ឬពិន័យដោយសារ ការ​មិនប្រើគោរមងារនោះដែរ»៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...