អ៊ឺរ៉ូ២០១៦៖ បារាំងម្ចាស់ផ្ទះដេញអាល្លឺម៉ង់ជើងឯកពិភពលោក ដើម្បីឡើងទៅផ្ដាច់ព្រ័ត្រ
- ដោយ: ជ័យវិបុល អត្ថបទ ៖ ជ័យវិបុល ([email protected]) - ប៉ារីស ថ្ងៃទី០៧ កក្កដា ២០១៦
- កែប្រែចុងក្រោយ: July 08, 2016
- ប្រធានបទ: អ៊ឺរ៉ូ ២០១៦
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ទីបំផុតទៅ ម្ចាស់ផ្ទះនៃព្រឹត្តិការណ៍ «អ៊ឺរ៉ូ២០១៦» បានឡើងទៅដល់វគ្គផ្ដាច់ព្រ័ត្រហើយ បន្ទាប់ពីបានជម្រុះចេញ នូវក្រុមជម្រើសជាតិនានា ដែលខ្លួនបានជួបប្រកួតជាមួយ ជាបន្តបន្ទាប់។ នាយប់នេះជាថ្មីទៀត ជាមួយគ្រាប់បាល់ទាំងពីរគ្រាប់ របស់កីឡាករខ្សែប្រយុទ្ធ អង់ទ័ន គ្រីស្មាន់ (Antoine Griezmann) ក្រុមមាន់គកបារាំង បានជម្រុះក្រុមអាល្លឺម៉ង់ ដែលកំពុងកាន់ពានជើងឯកពិភពលោក ឆ្នាំ២០១៤ នៅនឹងដៃនៅឡើយ ឲ្យត្រឡប់ទៅផ្ទះវិញ ទាំងសោកស្ដាយ និងនៅចំពោះអ្នកចូលទស្សនា ក្នុងកីឡាដ្ឋានក្រុង ម៉ារសីយ៍ (ភាគខាងត្បូង) ប្រមាណជាង ៦ម៉ឺន៤ពាន់នាក់។
យ៉ាងណាក៏ដោយ នៅចំពោះក្រុមអាល្លឺម៉ង់ ដែលមានសាច់បាល់ដ៏ល្អ បច្ចេកទេសទាត់ ការគ្រប់គ្រង និងការវាយសន្ធាប់ដ៏ខ្លាំងក្លានោះ ក្រុមបារាំងដង្ហក់មិនស្ទើរឡើយ ជាពិសេសនៅ ក្នុងពាក់កណ្ដាលម៉ោងទីមួយ ដែលក្រុមឥន្ទ្រីយ៍ដែកអាល្លឺម៉ង់ គ្រប់គ្រងសាច់បាល់បានរហូត ដល់ទៅជាង៣០នាទី។ ក្រុមបារាំងមានឱកាសវាយសន្ធាប់ ទៅលើក្រុមអាល្លឺម៉ង់ តែប៉ុន្មាននាទីដំបូង ដែលបើកឱកាសឲ្យកីឡាករ អង់ទ័ន គ្រីស្មាន់ ទទួលបាល់ពីកីឡាករ ប្ល៊េស្ស៍ ម៉ាទ្វីឌី (Blaise Matuidi) ទាត់បញ្ចូលទីបានមុនគេភ្លាមៗ នៅនាទីទី៦។
នៅចំពោះកីឡាករអាល្លឺម៉ង់ ម៉ានុយអែល ណឺយើរ (Manuel Neuer) ដែលល្បីថាជាកំពូលកីឡាករចាំទី របស់ពិភពលោកនោះ គ្រាប់បាល់ដំបូងនោះ មិនបានធ្វើឲ្យរង្គើរដល់ក្រុមអាល្លឺម៉ង់ សូម្បីបន្តិចឡើយ។ ហើយចាប់ពីពេលនោះមក ក្រុមឥន្ទ្រីយ៍ដែក បានគ្រប់គ្រងបាល់ និងបានសង្កត់ពីលើក្រុមមាន់គករហូត។ ប៉ុន្តែនៅនាទីចុងក្រោយ នៃពាក់កណ្ដាលម៉ោងទីមួយ កីឡាករអាល្លឺម៉ង់ បាស្ទៀង ស្វេនស្តេងជ័រ (Bastian Schweinsteiger) បានយកដៃប៉ះបាល់ នៅក្នុងតំបន់គ្រោះថ្នាក់របស់ខ្លួន ដែលអនុញ្ញាតឲ្យអាជ្ញាកណ្ដាល ផ្ដល់ឱកាសឲ្យកីឡាករបារាំង អង់ទ័ន គ្រីស្មាន់ ទាត់បាល់ពិន័យចំងាយ១១ម៉ែត្រ រកពិន្ទុឲ្យក្រុមខ្លួន បាន១ទល់នឹង០។
ពិន្ទុនាំមុខរបស់បារាំង បានធ្វើឲ្យក្រុមអាល្លឺម៉ង់ ត្រឡប់ចូលមកក្នុងការប្រកួត ក្នុងវគ្គពាក់កណ្ដាលម៉ោងទីពីរ ជាមួយនឹងការវាយសន្ធាប់ខ្លាំងជាងមុន។ ប៉ុន្តែគម្រោង ដែលធ្វើការវាយលុកខ្លាំង មិនប្រាកដថា ខ្សែការពារនៅផ្នែកខាងក្រោយ មានសភាពរឹងមាំខ្លាំងដែរនោះទេ។ ដោយសារតែហេតុនេះហើយ ទើបកីឡាករ ប៉ូល ប៉ូគបា (Paul Pogba) នៃក្រុមបារាំងបានឆក់ឱកាស នៃការធ្វេសប្រហែស របស់ខ្សែការពារអាល្លឺម៉ង់ និងបានឆក់បាល់បញ្ជូនមកកណ្ដាលទីលាន ឲ្យកីឡាករខ្សែប្រយុទ្ធ អូលីវីយ៉េ ហ្សីរូ (Olivier Giroud) តែត្រូវកីឡាករចាំទី អាល្លឺម៉ង់ ទះចេញបានមុន។ ផ្ទុយទៅវិញ ការទះបាល់ចេញនេះ ហាក់ដូចជាឲ្យ«កាដូ»សម្រាប់កីឡាករបារាំង អង់ទ័ន គ្រីស្មាន់ ដែលគ្រាន់តែយកជើង«ធាក់»បាល់ បញ្ចូលទីនៅតាមចន្លោះជើង របស់កីឡាករចាំទីអាល្លឺម៉ង់ នឹងអាលរកពិន្ទុឲ្យក្រុមមាន់គកមួយទៀត (២-០) នៅនាទីទី៧២។
នៅក្នុងការប្រកួតផ្ដាច់ព្រ័ត្រ នាយប់ថ្ងៃអាទិត្យទី១០ ខែកក្កដា ខាងមុខនេះ ក្នុងកីឡាដ្ឋានធំរបស់បារាំង ឈ្មោះ «Stade de France» (ខាងជើងជាប់រដ្ឋធានីប៉ារីស) ក្រុមបារាំងនឹងត្រូវជួប ជាមួយក្រុមព័រទុយហ្គាល់ ដែលទើបនឹងបំបាក់ក្រុម វៀល្ស៍ កាលពីយប់ម្សិលម៉ិញ ដោយពិន្ទុពីរទល់នឹងសូន្យ។ ការប្រកួតក្នុងវគ្គផ្ដាច់ព្រ័ត្រនេះ ក៏អាចចាត់ទុកថា ជាដៃគូសងសឹកដែរ។ កីឡាករបារាំង អង់ទ័ន គ្រីស្មាន់ ដែលកំពុងទាត់ឲ្យក្រុមអាជីព អាត្លេទីកូម៉ាឌ្រីត (Atletico Madrid) ទើបតែបានប្រកួតចាញ់ កីឡាករអន្តរជាតិល្បីឈ្មោះ របស់ក្រុមព័រទុយហ្គាល់ គ្រីស្ទៀណូ រ៉ូណាល់ដូ (Cristiano Ronaldo) ដែលកំពុងទាត់ឲ្យក្រុម រៀលម៉ាឌ្រីត (Real Madrid) ក្នុងក្របខណ្ឌ «Champions Leagues ២០១៦» កាលពីថ្ងៃទី២៨ ខែឧសភាកន្លងទៅ (រូបថតខាងលើ)៕
--------------------
» ទស្សនាការប្រកួតនេះ ដោយសង្ខេបឡើងវិញ៖