ក្ដាបញ្ជា ហ្គាឡាស៊ី ណោទ របស់ស៊ាមស៊ុង បានចេញលក់
ស៊ាមស៊ុង បានបញ្ចេញមកក្នុងទីផ្សារ ជាបណ្ដើរៗ ក្នុងសប្ដាហ៍នេះ នូវប្រភេទក្ដាបញ្ជាមួយ ឈ្មោះហៅថា ហ្គាឡាស៊ី ណោទ ១០,១ មានទំរង់រូបរាង ប្រហាក់ប្រហែលនឹងទូរស័ព្ទដៃធំរបស់ខ្លួនដែរ គ្រាន់តែក្ដាបញ្ជាមានទំហំធំជាង។
រូបផ្សាយផលិតផល ហ្គាឡាស៊ីណោទ ១០,១ របស់ស៊ាមស៊ុង។
ស៊ាមស៊ុងដឹងថា ខ្លួនមានភាពយឺតយ៉ាវក្នុងផ្នែក ផលិតផលក្ដាបញ្ជា ដែលមិនមានវត្តមានច្រើននៅលើទីផ្សារ មិនដូចក្ដា បញ្ជារបស់អាប់ផ័ល ដែលបានលក់ផលិតផលក្ដាបញ្ជា (iPad) របស់ខ្លួន បានរហូតដល់ទៅ ២ភាគ៣ នៃក្ដាបញ្ជាទាំងអស់ ក្នុងពិភពលោកនោះទេ។
កាលពីថ្ងៃអង្គារទី០៧កក្កដាមុននេះ ក្រុមហ៊ុនបច្ចេកវិទ្យា របស់កូរេខាងត្បូងមួយនេះ បានផ្សាយនូវការដាក់លក់ នូវប្រភេទ ក្ដាបញ្ជា ហ្គាឡាស៊ីណោទ ១០,១ (Galaxy Note 10.1) ដែលមានសុក្រិដ្ឋភាពជាងផលិតផលមុនៗ មានទំរង់ដូចទូរស័ព្ទដៃ ដោយគ្រាន់តែជាមួយនឹងក្ដាបញ្ជានេះ ស៊ាមស៊ុងបានបន្ថែមប៊ិចសរសេរ (stylet) មួយ មកជាមួយ។
ផលិតផលនេះដាក់លក់នៅក្នុងទីផ្សារនៃប្រទេសអាឡឺម៉ង់និងប្រទេស អេមៀរ៉ាដ អារ៉ាប់រួម (Emirats Arabes Unis) តាំងពី ថ្ងៃច័ន្ទទី០៦កក្កដាមកម្លេះ ហើយគំរោងចេញផ្សាយនៅក្នុងទីផ្សារនៃប្រទេសអាមេរិក ប្រទេសអង់គ្លេស និងប្រទេសកូរ៉េ ខាងត្បូងខ្លួនឯង នឹងត្រូវធ្វើនៅថ្ងៃទី១៥កក្កដាខាងមុខ។
ក្ដាបញ្ជាហ្គាឡាស៊ីណោទ ១០,១ និងទូរស័ព្ទដៃ ហ្គាឡាស៊ី អេស្ស
ក្ដាបញ្ជានេះ ដើរជាមួយនឹងប្រព័ន្ធមេ អង់ឌ្រ័ដ (Android) របស់ហ្គោហ្គ័ល (Google) មានទំហំអេក្រង់ប្រមាណជា ១០,១ អ៊ីង ធំជាងពីរដងទៅនឹង ក្ដាបញ្ជាហ្គាឡាស៊ីណោទ លើកមុន។ អ្វីដែលលក្ខណៈពិសេសផ្សេងទៀត របស់ក្ដាបញ្ជាលើក នេះ គឺគេអាចប្រើប្រាស់វាជាទូរស័ព្ទបាន ហើយមានទំហំប្រូសេស័រ (processeur) ដ៏ខ្លាំងមួយ មានចង្វាក់ដើរ ១,៤GHz និងកំរិត នៃភាពចងចាំបានរហូត ២Go។ អេក្រង់របស់វា អាចបែងចែកជាពីរផ្នែក សំរាប់កម្មវិធីពីរ អាចដំណើរការបាន ក្នុងពេល ដំណាលគ្នា។
ក្រុមហ៊ុនយក្សរបស់កូរ៉េខាងត្បូងនេះ ក៏នឹងគ្រោងចេញមកលក់ផងដែរ ក្នុងចុងខែសីហានេះ នូវប្រភេទក្ដាបញ្ជាមួយទៀត មានឈ្មោះថា ហ្គាឡាស៊ីណោទ ២ ដែលមានទំហំតូច ដើម្បីមកប្រលងប្រណាំងជាមួយនឹង អាយប៉ាដ មីនី (iPad mini) របស់អាប់ផ័ល។
តែអ្វីដែលចាប់អារម្មណ៍ គឺជាការចេញលក់ជាបន្ដបន្ទាប់ នៅរាល់ផលិផលទាំងនេះរបស់ស៊ាមស៊ុង បានធ្វើអោយអ្នក ប្រើប្រាស់វង្វេង ហើយមិនដឹងថាផលិតផលមួយណា មានលក្ខណៈពិសេសអ្វីខ្លះនោះទេ។ សូមសួរថា តើជាយុទ្ធសាស្រ្តថ្មី មួយរបស់ស៊ាមស៊ុង ក្នុងការបង្វែរផលិផលរបស់ខ្លួន អោយចេញផុតពីការហាមឃាត់របស់ប្រទេសខ្លះ ទៅលើផលិតផល ក្ដាបញ្ជា ហ្គាឡាស៊ី ថេប (Galaxy Tab) មែនឬ?
សូមរំលឹកថា សព្វថ្ងៃនេះ ស៊ាមស៊ុង នឹងអាប់ផ័ល កំពុងតែប្រឈមមុខដាក់គ្នា នៅក្នុងតុលាការសហព័ន្ធអាមេរិកាំង ដោយ ក្រុមហ៊ុនទាំងពីរបានចោទគ្នាទៅវិញទៅមក ថាបានលួចចម្លងរូបរាងដូចខាងក្រៅ និងរំលោភលើសលាកប័ត្រ បច្ចេកវិទ្យា ជាច្រើន ដែលក្រុមហ៊ុននីមួយៗ ប្រកាន់សិទ្ធិគ្រប់គ្រង៕
សូមទស្សនាវីដេអូ ដែលនឹងបង្ហាញពីដំណើរការនៃផលិតផល ហ្គាឡាស៊ីណោទ ១០,១នេះ ៖
--------------------------------------------------------
ដោយ ៖ កេសរកូល - ភ្នំពេញ ថ្ងៃទី ០៩ ខែសីហា ឆ្នាំ២០១២
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ