ភ្ញៀវញ៉ាំគុយទាវរត់ជាន់គ្នា ព្រោះដាច់ទុយោធុងហ្គាសក្នុងហាង
- ដោយ: ក. សោភណ្ឌ អត្ថបទ៖ ក.សោភ័ណ្ឌ ([email protected]) - យកការណ៍៖ ហេង វុទ្ធី - ភ្នំពេញថ្ងៃទី ០៧វិច្ឆិកា ២០១៥
- កែប្រែចុងក្រោយ: November 10, 2015
- ប្រធានបទ: គ្រោះថ្នាក់
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
រត់ជាន់គ្នា រហូតរបួសម្នាក់ ព្រោះហាងគុយទាវ បានផ្ទុះទុយោធុងហ្គាស់។ ហាងនេះ មានយីហោ «KMK ព្រុយត្រីឆ្លាម» ផ្ទះលេខ៦០ Eo សង្កាត់ផ្សារចាស់ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ ករណីនេះបានកើតឡើង ខណៈក្នុងហាងមានភ្ញៀវជាច្រើន កំពុងទទួលទានគុយទាវ ពេលព្រឹក។ ហេតុការណ៍ភ្ញាក់ផ្អើល បានកើតឡើង នៅវេលាម៉ោង០៧ ព្រឹក ថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៥ ជាពេលដែលអតិថិជន ចូលញ៉ាំគុយទាវច្រើន។
ប្រភពព័ត៌មាន ពីអ្នកចូលញ៉ាំគុយទាវ ក្នុងហាងខាងលើម្នាក់ បានឲ្យដឹងថា នៅព្រឹកកើតហេតុ ក្នុងហាងមានមនុស្សច្រើន ដូចសព្វមួយដង។ នៅវេលាលោក កំពុងទទួលទានគុយទាវ ដូចភ្ញៀវដ៏ទៃទៀត ស្រាប់តែបានលឺសម្លេង ចេញពីកន្លែងចំអិនអាហារ។ ភ្លាមៗនោះ ស្រាប់តែមានផ្សែងហ៊ុយទ្រលោម ពេញហាង។ ភ្ញៀវជាច្រើន បានរត់ប្រសាចចេញពីហាង ព្រោះខ្លាចមានគ្រោះថ្នាក់។ លោកបានបញ្ជាក់ថា មានបុរសម្នាក់ ត្រូវគេរត់ជាន់ ដួលបាក់ជើង។
ក្រោយពីកើតហេតុការណ៍ ធ្វើឲ្យមនុស្សមួយហាង ភ័យរត់ជាន់គ្នានេះ នៅក្នុងហាងបានរសាត់ផ្សែង ស្ងប់ទៅវិញជាបន្តិចម្ដងៗ។ អ្នកនៅក្នុងហាងបានឲ្យដឹងដែរថា សម្ភារៈក្នុងហាង និងរថយន្តអ្នកចូលញ៉ាំអាហារទាំងអស់ មិនមានបញ្ហាខូចខាតអ្វីនោះទេ។ ដោយឡែក ផ្សែងដែលហ៊ុយខ្លាំងនោះ បណ្តាលមកពីដាច់ទុយោធុងហ្គាស នៅក្នុងផ្ទះបាយរបស់ហាង៕