«អាជ្ញាធរ​កម្ពុជា បន្ត​ចាប់​មនុស្ស​ដោយ​គ្មាន​ច្បាប់​ទម្លាប់»

មន្រ្តីអាដហុកម្នាក់ ក្នុងចំណោមមន្ត្រី ដែលបានចុះធ្វើការអង្កេត ករណីក្រុមយុវជន ចលនាមាតាធម្មជាតិ ដាក់​ញត្តិ​មុខ​រដ្ឋសភា បាន​​ទាមទារ​ឲ្យអាជ្ញាធរ ដែលបានចាប់ខ្លួន ក្រុមការងាររបស់លោកនោះ បង្ហាញភស្តុតាង និង​ច្បាប់ ដែល​បញ្ជាក់​ថា ការចុះពីលើ​ឡាន មកសួរនាំក្រុមយុវជននោះ ក៏ត្រូវចាប់ខ្លួនដែរ។ លោកថា ការចាប់ខ្លួននេះ បានធ្វើឡើង ដោយមិន​បាន​សួរ​នាំ​អ្វី​ទាំង​អស់។
Loading...
  • ដោយ: អ៊ុម វ៉ារី អត្ថបទ៖ អ៊ុម វ៉ារី ([email protected]) - យកការណ៍៖ ស្រ៊ុន ទិត្យ - ភ្នំពេញថ្ងៃទី២៥ មិថុនា ២០១៥
  • កែប្រែចុងក្រោយ: June 25, 2015
  • ប្រធានបទ: សិទ្ធិ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

«ការដាក់ញត្តិទៅរដ្ឋសភា ទៅរាជរដ្ឋាភិបាល មិនមានអ្វីខុសច្បាប់ទេ។ យើងស្នើសុំដោយទទូច រដ្ឋាភិបាលគួរ​តែរៀបចំ ការពារសណ្តាប់ធ្នាប់ ដល់ពួកគាត់ឲ្យយកញត្តិទៅដាក់ វាល្អជាង ដែលរដ្ឋាភិបាល​ទៅចាប់ខ្លួន​ពួក​គាត់។» នេះជាប្រតិកម្ម របស់លោក យី សុខសាន មន្រ្តីស៊ើបអង្កេត នៃសមាគមការពារសិទ្ធិមនុស្ស អាដហុក ដែលបានធ្វើឡើង បន្ទាប់​ពីមនុស្សបួននាក់ ក្នុងនោះមានម្នាក់ ជាសកម្មជនសិទ្ធិមនុស្សផង ត្រូវបានអាជ្ញាធរ​ខណ្ឌ​ដូនពេញ នាំខ្លួន​ចេញ​ទៅ។

ការចាប់ខ្លួន ក្រុមយុវជន និងសកម្មជនទាំងនោះ ត្រូវបានធ្វើឡើង ក្នុងចន្លោះម៉ោងជាង៨ ព្រឹកថ្ងៃទី២៥ ខែ​មិថុនា ឆ្នាំ២០១៥ នៅមុខអគារមជ្ឈមណ្ឌលភ្នំពេញ។ កម្លាំងអាជ្ញាធរ ដែលដឹកនាំដោយអភិបាលរង ខណ្ឌចំការមន លោក ជរ គឹមស៊រ បានលើកឡើងថា ក្រុមយុវជនទាំងនោះមកជួបជុំគ្នា ដោយខុសច្បាប់ មិនមានការសុំ​អនុញាត​ច្បាប់ ពីអាជ្ញាធរពាក់ព័ន្ធ។

ឆ្លើយតបនឹងការលោកឡើងនេះ លោក យី សុខសាន មន្រ្តីសិទ្ថិមនុស្ស នៃសមាគម​អាដហុក ដែលមានវត្តមាន នៅទីនោះ បានបញ្ជាក់ថា ពលរដ្ឋធ្វើអ្វីក៏ដោយ មិនចាំបាច់សុំច្បាប់​គ្រប់តែរឿងនោះ​ឡើយ។ លោកបន្តថា ពិសេស​ពាក់ព័ន្ធនឹងសេរីភាព ប្រជាពលរដ្ឋគ្រប់រូប អាចធ្វើទៅបាន ដោយមិនចាំ​បាច់សុំការអនុញ្ញាត គ្រាន់​តែ​ជូនដំណឹងទៅអាជ្ញាធរ វាជារឿងគ្រប់គ្រាន់ហើយ។

មន្ត្រីជំនាញខាងការស៊ើបអង្កេត ការរំលោភសិទ្ធិមនុស្សរូបនេះ បានថ្លែងទៀតថា ក្រុមអាជ្ញាធរទាំងនោះ​តែង​តែ​រំខាន និងរារាំងការដាក់ញត្តិ របស់ប្រជាពលរដ្ឋ។ លោកបានហៅសកម្មភាពការរំខាន ការរារាំង និងការចាប់​ខ្លួន​ក្រុមនិស្សិតនោះថា ជាការំលោភ​សិទ្ធ​មនុស្សមួយយ៉ាងធ្ងន់ ព្រោះក្រុមនិស្សិតទាំងនោះ បានយកញត្តិទៅ​ដាក់ ដោយមានគោលដៅត្រឹមត្រូវ។

ខុសគ្នា ពីក្រុមយុវជន«សម្ព័ន្ធសេនានាគ»?

តបនឹងការចោទសួរ របស់អ្នកសារព័ត៌មាន ពាក់ព័ន្ធនឹងក្រុមយុវជន«សម្ព័ន្ធសេនានាគ» ដែលកាលពី​ពេល​ថ្មីៗ​នេះ បាននាំគ្នាយ៉ាងច្រើន ទៅធ្វើសម្បថមុខព្រះអង្គដងកើ ដោយគ្មានការហាមឃាត់ រារាំងពី​អាជ្ញាធរ តែ​ថែម​ទាំងជួយសម្រួលផ្លូវ ទីកន្លែង និងការពារពួកគេថែមទៀតនោះ តើមានលក្ខណៈអ្វីខុសគ្នាទេ ជាមួយ​នឹង​ក្រុម​យុវជន ចលនាមាតាធម្មជាតិ ដែលមានគ្នា ត្រឹមតែជិតដប់នាក់នោះ? មន្រ្តីអាដហុករូបនេះ​ បានឆ្លើយថា នេះ​ជាចំណុចមួយ ដែលលោកចង់លើកឡើង។

លោក យី សុខសាន បានថ្លែងឡើងថា៖ «ខ្ញុំមិនដឹងថា តើកម្ពុជាសព្វថ្ងៃ​ឈាន​ទៅ​រកនីតិរដ្ឋ ឬអនីតិរដ្ឋ ខ្ញុំមិន​ដឹង​ទេ សូមទុកឲ្យសាធារណៈជន ជាអ្នកមើល និងពិចារណា។ (…) បើសិន​ជាយើងគោរព (ច្បាប់) ប្រទេស​កម្ពុជា​មានរដ្ឋធម្មនុញ្ញ មានសេរីភាពសារព័ត៌មាន មានសិទ្ធិស្មើគ្នាទាំងអស់។ (…) ក្រុមនិស្សិត ទាំងខាង​គណបក្ស​ប្រជាជន ខាងគណបក្សប្រឆាំង ខាងស្រ្តីក៏ដោយ នៅពេលដែលគាត់​ធ្វើការ​ទាមទារ ការបញ្ចេញមតិណា​មួយ​នោះ អាជ្ញាធរគួរអនុវត្តច្បាប់ តែមួយដូចគ្នា។»

ទស្សនាវដ្តីមនោរម្យ.អាំងហ្វូ មិនអាចសុំការសម្ភាស ពីអភិបាលរងខណ្ឌចំការមន លោក ជរ គឹមស៊រ បានទេ ព្រោះ​​លោកបានហាម មិនឲ្យអ្នកសារព័ត៌មាន ធ្វើបទសម្ភាសជាមួយលោកផ្ទាល់ ក៏ដូចជាក្រុមយុវជន នៅ​កន្លែង​ឡើយ។

យុវជនទាំងបីនាក់ ដែលត្រូវបានចាប់ខ្លួននោះ ដោយសារក្រុមយុវជន នៃចលនាមាតាធម្មជាតិទាំងនោះ បាន​ជួបជុំគ្នា រៀបគម្រោងចង់យកញត្តិ តវ៉ាប្រឆាំងនឹងក្រុមហ៊ុនបូមខ្សាច់មួយ ក្នុងខេត្តកោះកុង ទៅដាក់នៅ​រដ្ឋសភា។ ក្នុងញត្តិនោះ ក្រុមយុវជនបានស្នើឲ្យតំណាងរាស្រ្ត ក្នុងរដ្ឋសភា និងរដ្ឋសភាផ្ទាល់តែម្តង ជួយ​អន្តរាគមន៍ បញ្ឈប់នូវការបូមខ្សាច់ របស់ក្រុមហ៊ុនអ៊ីនធើណាស៊ិនណលរ៉េនបូ (International Renbow Co.Ltd)។ ញត្តិដដែល បានចោទប្រកាន់ថា ក្រុមហ៊ុនខាងលើ បានកំពុងធ្វើ អាជីវកម្មបូមខ្សាច់របស់ខ្លួន នៅ​ស្រុកគីរីសាគរ ខេត្តកោះកុង ដែលបានធ្វើឲ្យប៉ះពាល់ ដល់ការខូចខាតព្រៃកោងកាង សត្វសមុទ្រ ពិសេស​របរ​នេសាទ របស់ប្រជាពលរដ្ឋប្រមាណជាង៣០០គ្រូសារ៕

» ពត៌មានដែលទស្សនាវដ្ដី ទើបនឹងទទួលបាន៖ ក្រុមយុវជន និងសកម្មជនទាងបួននាក់ ត្រូវបានអាជ្ញាធរ​ដោះ​លែង មកវិញហើយ កាលពីមួយម៉ោងមុននេះ។

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...