កឹម សុខា៖ បើ ឡាក់ សុភាព ធ្វើខុសវិន័យបក្ស ការបណ្តេញចេញជាការត្រឹមត្រូវ (vdo)
- ដោយ: អ៊ុម វ៉ារី អត្ថបទ៖ អ៊ុម វ៉ារី ([email protected]) - យកការណ៍៖ ស្រ៊ុន ទិត្យ - ភ្នំពេញ ថ្ងៃទី០៨ មករា ២០១៥
- កែប្រែចុងក្រោយ: January 08, 2015
- ប្រធានបទ: នយោបាយ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ថ្លែងមកកាន់អ្នកសារព័ត៌មាន នៅថ្ងៃទី០៨ ខែមករា ឆ្នាំ២០១៥នេះ នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ លោក កឹម សុខា បានបញ្ជាក់ថា វាមិនមានអ្វីប្លែកនោះទេ បើសិនជាប្រធានគណកម្មការវិន័យរបស់បក្សសម្រេចបញ្ឈប់ ឬបណ្តេញលោកស្រី ឡាក់ សុភាព ចេញពីគណបក្សនោះ។ វាប្រាកដជាមានឯកសារ និងភស្តុតាងគ្រប់គ្រាន់ហើយ បើមិនដូច្នេះទេគណកម្មការវិន័យ ក៏មិនបណ្តេញចេញនោះដែរ។
អនុប្រធានគណបក្សប្រឆាំង និងជាអនុប្រធានទីមួយរដ្ឋសភារូបនេះ បានបន្តថា លោកក៏នឹងជម្រុញឲ្យមានការសើរើសំណុំរឿងលោកស្រី ឡាក់ សុភាព នេះមកធ្វើការពិនិត្យ និងពិភាក្សាតទល់គ្នាចំពោះមុខទៀត។ លោក កឹម សុខា បានបន្ថែមទៀតថា៖ «ខ្ញុំបានឃើញនូវរបាយការណ៍ របស់គណៈកម្មាធិការវិន័យហើយ។ (…) របាយការណ៍នោះ គេធ្វើទៅតាមលក្ខន្តិកៈ បទបញ្ជាផ្ទៃក្នុងរបស់គណបក្សហើយ។ ប៉ុន្តែអ្វីដែលយើងត្រូវគិតគ្នាជជែកគ្នា តទៅទៀតនោះ ខ្ញុំនឹងជួបថ្នាក់ដឹកនាំរបស់យើង ដែលនៅកន្លែងហ្នឹង ដើម្បីពិភាក្សា ស្តាប់របាយការណ៍គាត់ទៀតសិន បានខ្ញុំអាចបកស្រាយថា យ៉ាងម៉េចបាន។»
យ៉ាងណា ក៏លោក កឹម សុខា ទទួលស្គាល់ថា អ្នកស្រី ឡាក់ សុភាព នៅតែមានទំនាក់ទំនងការងារជាមួយសមាជិកផ្សេងទៀត ក្នុងគណបក្សសង្គ្រោះជាតិ ទោះជាអ្នកស្រីសម្រេចមិននៅក្នុងគណបក្សនោះ ជាសិទ្ធិរបស់អ្នកស្រី ហើយគណបក្សសង្គ្រោះជាតិ ក៏មិនយកគ្នាធ្វើសត្រូវដែរ។
ចំពោះករណីទឹកប្រាក់២០ ឬ៤០លានដុល្លា ដែល អ្នកស្រី ឡាក់ សុភាព បានបញ្ជាក់ថា លើកឡើងដោយលោក កឹមសុខា ក្នុងអង្គប្រជុំនោះ ត្រូវបានលោក (កឹម សុខា) ធ្វើការបដិសេធ និងបញ្ជាក់ថា គ្មានករណីនេះឡើយ។ លោក កឹម សុខា បានអះអាងទៀតថា៖ «លោកស្រី ឡាក់ សុភាព ខ្លួនគាត់ គាត់ជាអ្នកលើកឡើង មិនមែនខ្ញុំទេ។ ខ្ញុំគ្រាន់តែប្រាប់ថាឲ្យរកការពិត មុននឹងនិយាយអ្វី។ នាំគ្នារកភស្តុតាង រកការពិតទៅ ជៀសវាងយើងនិយាយអ្វីគ្មានការពិត។»
សូមរំលឹកថា គណៈកម្មាធិការវិន័យគណបក្សសង្គ្រោះជាតិ បានសម្រេចបណ្ដេញអ្នកស្រី ឡាក់ សុភាព ពីសមាជិកគណកម្មការនាយក និងពីគណបក្សសង្គ្រោះជាតិ កាលពីថ្ងៃទី ៣០ ខែធ្នូ ឆ្នាំ២០១៤នេះ ក្រោមហេតុផលខុសនឹងវិន័យគណបក្ស។ ហើយការដកចេញនេះ ក៏ព្រោះតែអ្នកស្រីលើកឡើង ពីបញ្ហាទឹកប្រាក់២០ ឬ៤០លានដុល្លា ទាក់ទងនឹងលោក កឹម សុខា និយាយក្នុងអង្គប្រជុំមួយថា លោក សម រង្ស៊ី ទទួលលុយ៤០លាន បាន២០លាន និងការបែកបាក់ផ្ទៃក្នុងបក្ស ទាំងក្នុងស្រុក និងក្រៅស្រុក ដោយគ្មានសំអាង ភស្តុតាង និងសាក្សីច្បាស់លាស់។
ទស្សនាវដ្តីមនោរម្យ.អាំងហ្វូ មិនអាចសុំការបញ្ជាក់បន្ថែមពីអ្នកស្រី ឡាក់ សុភាព បានទេ ដោយទូរស័ព្ទរបស់អ្នកស្រីមិនអាចភ្ជាប់ទំនាក់ទំនងបាន។ យ៉ាងណា អ្នកតាមដានស្ថានការនយោបាយកម្ពុជា បានលើកឡើងថា អ្នកស្រី ឡាក់ សុភាព គួរទទួលបានការស៊ើបអង្កេតមួយដ៏ច្បាស់លាស់ និងត្រឹមត្រូវជាមុន មុននឹងឈានដល់ការសម្រេចបណ្តេញចេញ ពីសមាជិកគណកម្មការនាយករបស់បក្សនោះ។ លោក ហ៊ឹម យន់ អ្នកសម្របសម្រួលសម្ព័ន្ធដើម្បីសុចរិតភាព និងគណនេយ្យភាពសង្គម បានបញ្ជាក់ដូច្នេះថា៖ «មែនទែនទៅ ត្រូវមានការស៊ើបអង្កេត។ ព្រោះកាលណាមានភាពមិនប្រក្រតីកើតឡើង នៅទីកន្លែងណាមួយ ត្រូវមានការស៊ើបអង្កេត។ ជៀសជាងយើងបណ្តេញស្រេចតែចិត្តអញ្ចឹង។»
វីដេអូនៃកិច្ចសម្ភាស លោក កឹម សុខា និងអ្នកសារព័ត៌មាន៖
(វីដេអូ នឹងមកដល់ក្នុងពេលបន្តិចទៀត)