អាឡិច មាន​លទ្ធភាព អាច​ត្រឡប់​មក​កម្ពុជា​វិញ?

លោក អេឡិច ស្ថិតក្នុងការពិចារណា របស់អាជ្ញាធរកម្ពុជា ក្នុងការអនុញ្ញាតឲ្យចូលកម្ពុជាជាថ្មី។ នេះ បើតាមមន្ត្រីជាន់ខ្ពស់ លោក ឈាង វុន ដោយបានអះអាងទៀតថា អាជ្ញាធរទុកពេល សម្រាប់ពីរឬបីឆ្នាំទៀត ដើម្បីពិចារណ ថាតើលោក អាឡិច បានបង្ហាញខ្លួនឯងថា បានធ្វើអ្វីសមរម្យឡើងវិញ ហើយឬនៅ។
អាឡិច មាន​លទ្ធភាព អាច​ត្រឡប់​មក​កម្ពុជា​វិញ?
សកម្មជនបរិស្ថាន លោក អាឡិចហ្សង់ដ្រូ ហ្គន់សាឡេស ដេវិតសិន។
Loading...
  • ដោយ: អ៊ុម វ៉ារី ([email protected]) - ភ្នំពេញថ្ងៃទី២៥ កុម្ភៈ ២០១៥
  • កែប្រែចុងក្រោយ: February 26, 2015
  • ប្រធានបទ: អន្តោប្រវេសន៍
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

តើសកម្មជនបរិស្ថាន លោក អាឡិចហ្សង់ដ្រូ ហ្គន់សាឡេស ដេវិតសិន (Alejandro Gonzalez Davidson) ពិតជាបានដាក់​ចូល ទៅក្នុងបញ្ជីខ្មៅ របស់កម្ពុជាមែនឬ? កន្លងមក គេធ្លាប់បានលឺ តែនៅក្នុងការអះអាងរបស់ មន្ត្រីអ្នកនាំពាក្យក្រសួង​មហាផ្ទៃ លោក ខៀវ សុភ័គ តាមបណ្ដាសារព័ត៌មានក្នុងស្រុក ប៉ុន្តែមិនមានលិខិតផ្លូវការ ឬនិតិវិធីរដ្ឋបាលណាមួយ បាន​ផ្សាយបញ្ជាក់ឲ្យដឹង ពីការចុះក្នុងបញ្ជីខ្មៅ របស់កម្ពុជា ថាមានលក្ខណៈបែបណានោះឡើយ។ លោក អាឡិច ខ្លួនឯង ធ្លាប់​បានថ្លែងតាមវិទ្យុបរទេស ផ្សាយជាខេមរៈភាសាថា នៅក្នុងលិខិតឆ្លងដែនរបស់លោក ត្រូវបានអាជ្ញាធរ​កម្ពុជាខាង​អន្តោប្រវេសន៍ បានវាយត្រាមួយ បញ្ជាក់ពីហាមលោក ចូលមកក្នុងទឹកដីកម្ពុជា។

ចុះបើលោក អាឡិច ដូរលិខិតឆ្លងដែន?

យ៉ាងហោចណាស់ មន្ត្រីជាន់ខ្ពស់ពីគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណកម្មការ កិច្ចការបរទេស នៃរដ្ឋសភា លោក ឈាង វុន មិនប្រាកដថា ករណីចុះឈ្មោះលោក អាឡិច ទៅក្នុងបញ្ជីខ្មៅ នៃជនដែលត្រូវហាមឃាត់ មិន​ឲ្យចូល​កម្ពុជា ពិតជាមានមែនឬយ៉ាងណា។

លោក ឈាង វ៉ុន គ្រាន់តែបានពន្យល់ តាមផ្លូវច្បាប់ជាតិ និងអន្តរជាតិថា ប្រទេសណាក៏ដូចជាប្រទេសណាដែរ ជន​បរទេស​ណាដែលផុតទិដ្ឋាការ នឹងមិនបន្ត ត្រូវតែធ្វើការបណ្តេញចេញ និងចុះក្នុងបញ្ជីខ្មៅ។ ការចុះក្នុងបញ្ជីខ្មៅនេះ ដើម្បី​បញ្ចប់​ការបន្តទិដ្ឋការ សម្រាប់ការស្នើសុំលើកក្រោយ នៃជនបរទេសរូបនោះ។ លោកថា នេះបើតាមច្បាប់អន្តោប្រវេសន៍ នៃបណ្តា​ប្រទេសទាំងអស់ ដែលសឹងមានដូចគ្នានោះ ក្នុងការបង្កើតឲ្យមានបញ្ជីខ្មៅ សម្រាប់បញ្ចប់ទិដ្ឋការនៃបុគ្គល​បរទេស​ណា ដែលមិនគោរពច្បាប់នៃប្រទេសដែលស្នើសុំ។

លោកបានលើកជាឧទាហរណ៍ថា ដូចជាប្រទេសអូស្ត្រាលី ប្រទេសបារាំង សហរដ្ឋអាមេរិកជាដើម បើសិនជាហួស​ទិដ្ឋការ គេនឹងចាប់បញ្ជូនត្រឡប់ ទៅកាន់ប្រទេសកំណើតភ្លាម។ អ្នកដែលទៅរស់នៅស្រុកគេ ខុសច្បាប់ ដោយ«ភ»គេ​នោះ គេដាក់ចូលក្នុងបញ្ជីខ្មៅតែម្តង កុំថាឡើយ ដល់រឿងប្រឆាំងនឹងរដ្ឋាភិបាលនោះ។

ចំពោះករណីរបស់លោក អាឡិច ត្រូវបានលោក ឈាន វុន ផ្ដល់ក្ដីសង្ឃឹមថា «ទុកពេល សម្រាប់ពីរឆ្នាំទៀត ឬបីឆ្នាំ​ទៀត។ ផុតនេះ អាចសុំបន្ត (ទិដ្ឋការ)បាន ឬក៏មិនអនុញាត ឲ្យរហូតតែម្តង។ ល្គិកណាបុគ្កលនោះ បានបង្ហាញខ្លួនឯងថា បាន​ធ្វើអ្វី​សមរម្យឡើងវិញ។»

ចុះ ច្បាប់កម្ពុជា?

សាស្រ្តចារ្យមហាវិទ្យាល័យច្បាប់មួយរូប នៅកម្ពុជា បានធ្វើការពន្យល់ថា ជនបរទេសណាម្នាក់ ដែលអាចកំណត់​ជា​បទ​ល្មើស និងបញ្ចូលឈ្មោះទៅក្នុងបញ្ជីខ្មៅបាន លុះណាតែបុគ្គលបរទេសរូបនោះ បានធ្វើឲ្យមានភាពវិកវរ ការបង្ក​ចលាចល ដល់សន្តិសុខ និងកេរ្តិ៍ឈ្មោះរបស់ជាតិមួយនោះ យ៉ាងធ្ងន់ធ្ងរបំផុត និងមិនអាចអនុគ្រោះឲ្យបាន។

ថ្លែងក្នុង​លក្ខខណ្ឌ មិនបញ្ចេញឈ្មោះ លោកសាស្រ្តាចារ្យ មកពីមហាវិទ្យាល័យនីតិសាស្រ្តរូបនេះ បានធ្វើការផ្តោតសំខាន់ ទៅលើ​ច្បាប់​អន្តោប្រវេសន៍ មិនថាកម្ពុជា ឬប្រទេសណានោះឡើយថា រដ្ឋអំណាចនៃប្រទេសនោះ អាចដាក់ ឬបង្ខំបុគ្គល​បរទេស​ណា​ម្នាក់ ក្នុងបញ្ជីខ្មៅ និងត្រូវបណ្តេញចេញភ្លាមៗ បើទោះជាជនបរទេសនោះ នៅមានសុពលភាព​នៃទិដ្ឋការរបស់​ខ្លួនក៏​ដោយ។

បើទោះជា មិនបានលើកឡើងថា តើសកម្មភាព អេឡិច អាចចាត់ទុកជាកំហុស ដែលត្រូវដាក់ក្នុងបញ្ជីខ្មៅក៏ដោយ តែ​លោក​សាស្ត្រាចារ្យដដែលនេះ គ្រាន់តែបញ្ជាក់ថា៖ «ការបណ្តេញចេញនេះ ព្រោះតែគេ (រដ្ឋាភិបាល) រកឃើញថា បុគ្កល​បរទេសនោះ កំពុងរៀបចំផែនការ អាចបង្កឲ្យមានអសន្តិសុខ ក្នុងប្រទេស។ (...) តាមច្បាប់ស្តីពីអន្តោប្រវេសន៍ មាត្រា៣៦ ចែងថា «រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ មានសិទ្ធិបណ្ដេញចេញ ពីព្រះរាជាណាចក្រកម្ពុជា រាល់ជនបរទេសដែល៖ ១. មាន​អាកប្បកិរិយា និងសកម្មភាពគ្រោះថ្នាក់ ដល់សន្តិសុខជាតិនៃព្រះរាជាណាចក្រកម្ពុជា ឫ ២. ក្រសួងមានសមត្ថកិច្ច មាន​ភស្ដុតាង​ជាក់លាក់ថា ជននោះជាអ្នកប្រឆាំង នឹងសន្តិសុខនៃព្រះរាជាណាចក្រកម្ពុជា ឫ ៣. មក​ធ្វើការ​នៅក្នុង​ព្រះ​រាជា​ណាចក្រកម្ពុជា ដោយគ្មានប័ណ្ណការងារ។»

សម្រាប់លោក ឈាង វុន វិញ បានដាក់ការសង្ស័យថា សកម្មភាព និងការងាររបស់លោក អេឡិច ដែលមានភាពមិន​ច្បាស់​លាស់ ក្នុងរយៈកាលជាង ១០ឆ្នាំ មកនេះ ជាមួយនឹងការរារាំង ប្រឆាំងអាជ្ញាធរនៃប្រទេស ព្រមទាំងការរស់នៅ ដោយផុតទិដ្ឋការទៀតនោះ អាចគ្រប់គ្រាប់ សម្រាប់កម្ពុជាបញ្ជូលឈ្មោះលោក អេឡិច ទៅក្នុងបញ្ជីខ្មៅបានហើយ។

លោក ឈាង វុន បានបញ្ជាក់ថា៖ «មិនអាចឲ្យជនបរទេសម្នាក់ មកធ្វើគគ្រឹកគគ្រេងនៅស្រុកខ្មែរ យ៉ាងដូច្នេះទេ?។ (...) រឿងការការពារបរិដ្ឋាន ជារឿងផ្សេងមួយ ប៉ុន្តែរឿងខុសច្បាប់អន្តោប្រវេសន៍ ជារឿងមួយផ្សេងទៀត។ ការមិនគោរព​អធិបតេយ្យ ការមិនគោរពគេជាម្ចាស់ផ្ទះ ការបំផុសបំផុលប្រជាពលរដ្ឋ រារាំងអាជ្ញាធរខេត្តកោះកុង មិនឲ្យចូល​ធ្វើការ​សិក្សា។ តើអំណាចរដ្ឋ ស្ថិតនៅត្រង់ណា?»

យ៉ាងណាក៏ដោយ លោក អំ សំអាត មន្រ្តីបច្ចេកទេសស៊ើបអង្កេត នៃអង្គការលីកាដូ បានសម្ដែងការយល់ឃើញ​របស់​លោក បន្ទាប់ពីមានការបណ្តេញ លោក អេឡិច ចេញពីកម្ពុជាទាំងយប់នោះថា លោក អាឡិច មិនទាន់បានបង្ហាញ ឬបង្ក​ឲ្យ​មានការផលប៉ះពាល់អាក្រក់ សម្រាប់កម្ពុជាឡើយ ក្រៅពីការចូលរួមយ៉ាងសកម្ម ក្នុងការការពារ​បរិដ្ឋានរបស់ប្រទេស​មួយនេះ។ លោកក៏បានបញ្ជាក់ថា តាមសកម្មភាពលោក អាឡិច នេះ មិនត្រូវបានចាត់ជាកំហុស ដើម្បីបញ្ជូលឈ្មោះ ក្នុង​បញ្ជីខ្មៅនោះឡើយ។

លោក អំ សំអាត បានបញ្ជាក់ទៀតថា៖ «ឈ្មោះ អាឡិច មិនទាន់ដល់ពេល ដែលរដ្ឋាភិបាល​សម្រេច ឲ្យ​ស្ថិត​ក្នុងបញ្ជីខ្មៅនោះទេ។ អាឡិច មិនទាន់ធ្វើអីខុសនៅកម្ពុជាឡើយ។ (…) រដ្ឋាភិបាលសម្រេចបណ្តេញ អាឡិច ចេញ​ពី​កម្ពុជា ដូច្នេះគេ(រដ្ឋាភិបាល)ប្រហែលនឹងចាត់ឈ្មោះ អាឡិច ចូលបញ្ជីខ្មៅហើយ។»៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...