ម៉ាដូណា ដួលពីលើឆាក នៅក្នុងការប្រគុំតន្ត្រីដ៏ធំនៅ ឡុងដ៍ (vdo)
- ដោយ: ឈូករ័ត្ន អត្ថបទ៖ ឈូករ័ត្ន ([email protected]) - ប៉ារីស ថ្ងៃទី២៤ កុម្ភៈ ២០១៥។
- កែប្រែចុងក្រោយ: February 26, 2015
- ប្រធានបទ: តារា
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ជាហេតុការណ៍ដ៏រន្ធត់ ដោយសារតែតារាចម្រៀង អាយុ៥៦ឆ្នាំរូបនេះ មិនដែលមានកំហុស ដួលធ្លាក់ពីលើឆាក នៅក្នុងការសម្ដែងលើកមុនៗមកនោះទេ។ នាង ម៉ាដូណា ត្រូវបានគេអញ្ជើញឲ្យមកសម្ដែង ដើម្បីបិទបញ្ចប់កម្មវិធី Brit Awards ឆ្នាំ២០១៥ ដែលជាកម្មវិធីប្រចាំឆ្នាំដ៏ធំមួយ សម្រាប់ពិនិត្យមើលចំណាត់ថ្នាក់ នៃចម្រៀងល្បីៗដែលចេញផ្សាយ នៅក្នុងរយៈពេលមួយឆ្នាំកន្លងមក។
ស្ដេចចម្រៀងស្រី នាង ម៉ាដូណា បានដួល នៅក្នុងចំណោមអ្នករាំរបស់នាង ខណៈពេលដែលនាង បានឡើងជណ្ដើរទៅលើឆាកចម្រៀង ដើម្បីច្រៀងចម្រៀងថ្មី មានចំណងជើង ជាភាសាអង់គ្លេស Living For Love។ តែបញ្ហា មិនមែនកើតពីនាងទេ តែមកពីស្បែពណ៌ខ្មៅ ដែលនាងគ្របខ្លួន បានអូសទាញនាងទៅ។ ការដួលនេះ អាចជាបញ្ហា នៃការធ្វើមិនស្របគ្នា រវាងអ្នកចម្រៀង ដែលស្រាយស្បៃមិនទាន់ និងអ្នកទាញស្បៃចេញ។
ប៉ុន្តែមិនមានអ្វី អាចមកឃាត់តារាចម្រៀង អន្តរជាតិម្នាក់នេះ បានឡើយ។ នាង ម៉ាដូណា បានងើបមកវិញ ភ្លាមៗ ហើយបន្តការសម្ដែង (ចាក់ភ្លេងសម្ដែង មិនមែនលេងផ្ទាល់ទេ) របស់នាង រហូតដល់ចប់ចុងចប់ដើម។
វីដេអូ នៃការដួលធ្លាក់របស់នាង ត្រូវបានយកមកបង្ហោះ ភ្លាមតាមបណ្ដាញសង្គម ហើយត្រូវបានមនុស្សចែកផ្សាយតៗគ្នា យ៉ាងព្រោងព្រាត។ ក្នុងនោះ គ្រប់អ្នកឈឺឆ្អាលទាំងអស់ សុទ្ធតែបានសម្ដែងនូវសមានចិត្ត ព្រួយបារម្ភ ចំពោះតារាចម្រៀង។ ប៉ុន្តែនាង ម៉ាដូណា បានសរសេរនៅក្នុងទំព័រ អាំងស្ដាហ្គ្រាម (Instagram) និងទំព័រ ទ្វីសធើរ (Twitter) របស់នាងថា៖ «មិនមានបញ្ហាអ្វីទេ។ ស្បៃគ្របខ្លួនខ្ញុំ ចង់តឹងពេក (ធ្វើឲ្យតារាចម្រៀង ស្រាយមិនទាន់)។ ប៉ុន្តែគ្មានអ្វី អាចមកបញ្ឈប់ខ្ញុំបានឡើយ ហើយសេចក្ដីស្រឡាញ់ (អាជីព) បានធ្វើឲ្យខ្ញុំងើបឡើង។ អរគុណ សម្រាប់សារឈឺឆ្អាលទាំងឡាយ របស់អ្នករាល់គ្នា។ ខ្ញុំអត់មានអីទេ។»៕