រូបកាត់តពី អាឡិច បញ្ឆេះ ព្រាប កុល ឲ្យប្រតិកម្ម
- ដោយ: ក. សោភណ្ឌ អត្ថបទ និងយកការណ៍៖ ក.សោភ័ណ្ឌ ([email protected]) - ភ្នំពេញថ្ងៃទី២៦កុម្ភៈ ២០១៥
- កែប្រែចុងក្រោយ: February 27, 2015
- ប្រធានបទ: សង្គម
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
មិនថាក្នុងរូបភាពបែបណា ឬបុគ្គលណានោះទេ តែវាមិនមែនជារឿងមួយ ដែលត្រឹមត្រូវឡើយ គឺដោយសាររូបភាពទាំងនោះ បានលាបពណ៍បិទបាំង នូវការពិតមួយចំនួន។ ហើយបើកូនខ្មែគ្រប់រូប នៅតែបន្តប្រព្រឹត្តនៅរឿងដែល ជាទង្វើរមិនល្អទាំងនេះទៀត មិនប្រាកដថាមានប្រយោជន៍នោះទេ នាពេលអនាគត។ នេះជាការលើកឡើង របស់លោក ព្រាប កុល នាយកប្រតិបត្តិ អង្គការតម្លាភាពកម្ពុជា នៅលើទំព័រហ្វេសប៊ុកផ្លូវការ របស់លោក នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៥។
លោក ព្រាប កុល បានសរសេរថា ក្នុងនាមលោកជាមនុស្សម្នាក់ ដែលស្រឡាញ់ភាពយុត្តិធម៌ លោកមិនចង់ឃើញ នូវការវាយប្រហារបែបនេះទេ ព្រោះវាមានអត្ថន័យ បង្ខូចកេរ្តិ៍ឈ្មោះអ្នកដ៏ទៃ។ ម្យ៉ាងវិញទៀត អាចបំផ្លាញនៅវប្បធម៍ខ្មែរផងដែរ ព្រោះកូនខ្មែរជំនាន់ក្រោយ បានឃើញ វាអាចយកតម្រាប់តាម ដោយមិនដឹងពីប្រភពច្បាស់លាស់។ ពេលនោះ ជាពេលដែលការលាបពណ៍របស់សង្គមមួយនេះ ទទួលបានលទ្ធផលដោយមិនដឹងខ្លួន។ មិនតែប៉ុណ្ណោះ នៅក្នុងកំឡុងពេលនេះ អាចជាពេល ដែលអ្នកនៅប្រទេសជិតខាង ឆ្លៀតឱកាស មើលងាយសង្គមខ្មែរផង ក៏មិនដឹង។
នាយកប្រតិបត្តិ អង្គការតម្លាភាពកម្ពុជា បានសរសេរអះអាងថា៖ «ថោកទាបមែន...! មិនថាអ្នកកាត់តរូប ជាក្រុមឬបក្សណាទេ ហើយមិនចំពោះតែរូបភាពនេះទេ គឺខ្ញុំសុំដៅទៅលើ ការកាត់តរូបភាពផ្សេងៗទៀត ក្នុងចេតនាដូចគ្នានេះ ខ្ញុំយល់ថា ទង្វើបែបហ្នឹងគឺថោកទាបណាស់...ល្មមឈប់ទៅ...។អាវប្បធម៌លាបពណ៌គ្នាហ្នឹង។ ទោះជានៅក្រុមបក្សអ៊ូតាំង បក្សឃុនលុន ឬបក្សង៉ម៉ី ក៏ដោយខ្ញុំសូមឲ្យឈប់ ធ្វើសកម្មភាពបែបហ្នឹងទៅ...តើបានទេ?»។
ប្រតិកម្មរបស់លោក បានកើតឡើង បន្ទាប់ពីលោកបានទទួល នូវរូបភាពច្រើនសន្លឹក ទាក់ទងនឹងស្ថាបនិកអង្គការ«មាតាធម្មជាតិ» លោក អាឡិចហ្សង់ដ្រូ ហ្គន់សាឡេស ដេវិតសិន (Alejandro Gonzalez Davidson) ជាតិអេស្បាញម្នាក់ ដែលទើបនឹងត្រូវបានបណ្តេញចេញ ពីកម្ពុជា ដោយអាជ្ញាធរខ្មែរ កាលពីពេលថ្មី។ រូបទាំងនោះ មានលក្ខណៈចោទប្រកាន់លោក អាឡិច ថាជាអ្នកបំផ្លាញសត្វព្រៃ ជាមួយនឹងអ្នកប្រមាញ់ផ្សេងទៀត ហើយសរសេរបញ្ជាក់ថា លោក អាឡិច មិនមែនជាអ្នកអភិរក្សសត្វព្រៃ ឬព្រៃឈើ នៅស្ទឹងអារ៉ែងនោះទេ។ លោក ព្រាប កុល ចង់ឲ្យពលរដ្ឋខ្មែរគ្រប់រូបដឹង ពីការពិត ដែលចេញពីរូបភាពនេះ ក្នុងនាមជាពលរដ្ឋដែលស្រឡាញតម្លាភាព និងភាពត្រឹមត្រូវនៅក្នុងសង្គម។
នៅក្នុងប្រតិកម្ម ដែលលោកបានសរសេរខាងលើ មានមតិមួយចំនួនបានលើកឡើង ចំពោះការកាត់រូបភាពនោះថា៖ «សុទ្ធតែជាពពួកមនុស្សថោកទាបបាតសង្គម ខ្ញុំអាណិតឪពុកម្តាយ របស់ពពួកគេណាស់ ដែលមានកូន ជាអ្នកបំផ្លាញសង្គមបែបនេះ»។ មិនតែប៉ុណ្ណោះ នៅមានអ្នកផ្សេងទៀត បានសរសេរពីមតិផ្ទាល់ខ្លូនដែរថា៖ «ខ្ញុំក៏មិនជឿថា Alex ធ្វើនូវទង្វើថោកទាប ដូចក្នុងរូប ទី១ដែរ។ សូមអ្នកធ្វើផលិតរូបកាត់តនោះ បញ្ឈប់ទៅ!»
ទស្សានាវដ្ដីមនោរម្យ.អាំងហ្វូ បានយករូបទាំងនេះ ទៅសុំយោបល់ពីអ្នកច្បាប់ម្នាក់ ដើម្បីបញ្ជាក់ថា តើរូបរបៀបនេះ មានលក្ខណៈជាការបញ្ចេញមតិ ឬមានបំណងទុច្ចរិត។ មន្ត្រីរូបនោះ បាននិយាយថា វាបានចាកឆ្ងាយ ពីសិទ្ធិនៃការបញ្ចេញមតិ តែជាការបោកបន្លំបំភ័ន្ត ដែលត្រូវចាត់ទុក ទៅក្នុងបទល្មើសព្រហ្មទណ្ឌបាន។ លោកបានបន្ថែម ដោយមិនបញ្ចេញឈ្មោះថា អាជ្ញាធរត្រូវចាត់វិធានការ ប្រឆាំងនឹងជន ដែលស្ថិតនៅក្រោយរូបកែបន្លំ ទាំងនេះ តែត្រូវប្រយ័ត្នករណីមួយ៖ មិនត្រូវយករឿងដូចនេះ មកធ្វើជាលេស ដើម្បីបង្ក្រាបទៅលើសិទ្ធិបញ្ចេញមតិ តាមរយៈរូបកំប្លុកកំប្លែងផ្សេងៗនោះឡើយ ព្រោះវាមានលក្ខណៈខុសគ្នា៕