រមណីយដ្ឋាន បរិស្ថាន និងការចូលរួមរបស់ យុវជនខ្មែរ
ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិកាន់តែច្រើនឡើង និយមមកទស្សនា និងដើរកម្សាន្ត នៅតាមរមណីយដ្ឋានទាំងឡាយ ក្នុងប្រទេសកម្ពុជា ដែលសំបូរទៅដោយតំបន់កម្សាន្ដ តាមបែបប្រវត្តិសាស្ត្រ វប្បធម៌ និង ធម្មជាតិជាច្រើន។ ការកើនឡើង របស់ភ្ញៀវទេសចរណ៍ ជាសញ្ញាល្អមួយ បញ្ជាក់ថា កម្ពុជាកំពុងតែក្លាយជាទិសដៅទេសចរណ៍ក្នុងពិភពលោក ហើយវាក៍បាន ជួយជំរុញ អោយសេដ្ឋកិច្ចរបស់ប្រទេសនេះ មានសន្ទុះស្ទុះទៅមុខខ្លាំងក្លាណាស់ដែរ។ តែការកើនឡើងនេះ ក៏អាចបង្កើតទៅ ជាបញ្ហាដែរ ទៅដល់បរិស្ថានជុំវិញ ប្រសិនបើអាជ្ញាធរមិនចាត់វិធានការណ៍ អោយមានប្រសិទ្ធិភាព ហើយងាយជ្រាបទៅដល់ មហាជន គ្រប់ស្រទាប់នោះ។
ការវិវត្តទៅមុខរបស់សង្គម ជាកត្តាសត្យានុម័ត្រ ក្នុងជីវិតរស់នៅរបស់មនុស្ស។ ហើយតំរូវការរបស់មនុស្ស ក្នុងការយកមក ប្រើប្រាស់ និងការបញ្ចេញចាក់ចោល ជារឿងដែលមិនអាចហាមឃាត់បាន។ ទាំងនេះហើយ ដែលសរុបមក ជាបញ្ហាបង្កើត អោយមានភាពអាប់អ៊ូរ ដល់បរិស្ថាននៃរាល់តំបន់ទេសចរណ៍ទាំងឡាយ។ គេអាចលើកជាត្រួសៗ នូវបញ្ហាទាំងនោះ ដូចជា៖ ការចោលសម្រាមពាសវាលពាសកាល កង្វះបង្គន់អនាម័យ កង្វះតំបន់ខៀវសំរាប់ការដកដង្ហើម ឬក៏ការរំខានដល់ការរស់នៅ របស់សត្វព្រៃជាដើម។
គេតែងតែលើកឡើងថា «បញ្ហាបរិស្ថាន គឺជាបញ្ហាជីវិត» ពីព្រោះគេមិនអាចរស់នៅ ជាមួយនឹងភាពស្មោគគ្រោក គ្មានអនាម័យ ហើយផ្ដាច់ធម្មជាតិនៅជុំវិញ អោយចេញឆ្ងាយពីការរស់នៅ នោះទេ។ រាល់បណ្ដាអ្នកទេសចរណ៍ ដែលបាន មកស្គាល់ តំបន់រមណីយដ្ឋាន មួយដែលស្អាត អនាម័យគ្រប់គ្រាន់ និងការគ្រប់គ្រងបញ្ហាបរិស្ថានបានល្អនោះ គេនឹងពិតជា ត្រឡប់មកកម្សាន្ដ នៅតំបន់ដដែលនេះ លើកក្រោយៗ ទៀតជាពុំខាន។ យ៉ាងណាម៉ិញ ជនទេសចរណ៍ណា ដែលគោរព ក្រិត្រក្រម បរិស្ថាន មិនបានចោលសម្រាមពាសវាលពាសកាល បន្ទោបង់ផ្ដេសផ្ដាស ... ជនទេសចរណ៍នោះនឹងបន្សល់នូវ រូបភាពដ៏ល្អមួយរបស់ខ្លួន សំរាប់អ្នករស់នៅតំបន់នោះ ក៏ដូចជាអ្នកទេសចរណ៍ក្រោយៗទៀតដែរ។ ដូច្នេះគេត្រូវនិយាយបាន ទៀតថា «បរិស្ថានល្អ ជាកិត្តិយស សំរាប់បុគ្គលផ្ទាល់ផង និងសំរាប់សង្គមជាតិខ្មែរទាំងមូលផង»។
ជាឧទាហរណ៖ តំបន់ទេសចរវប្បធម៌ធម្មជាតិ ដូចជានៅរមណីយដ្ឋានភ្នំគូលែនជាដើម ដែលបច្ចុប្បន្នមានក្លិនស្អុយ បណ្តាល មកពីការបន្ទោរបង់ ការចោលសម្រាមពាសវាលពាសកាល របស់អ្នកទេសចរខ្លួនឯងទៅកាន់ទីនោះ។ អ្នកធ្វើអាជីវកម្ម លក់ដូរខ្លះ បានបង្ហូរកាកសំណល់អាជីវកម្ម ចូលទៅក្នុងស្ទឹង បឹង អូរ ទីសក្ការបូជាទេសចរ ឬក៏បោះចោល នូវកាកសំណល់ ផ្សេងៗ ទៅក្នុងព្រៃនៅជុំវិញតំបន់រមណីយដ្ឋាននោះ ដោយខ្វះការពិចារណា និងការទទួលខុសត្រូវ ។
ការមិនយកចិត្តទុកដាក់ ទៅលើបញ្ហាបរិស្ថាន នឹងបណ្ដាលអោយតំបន់រមណីយដ្ឋាននោះ មានអនាគតមិនវែងឆ្ងាយ ជាកន្លែង ដែលគេលែងចង់ទៅលេងកម្សាន្ដ ឬក៏ក្លាយទៅជាទីកន្លែងចាក់សំរាម នៅក្នុងថ្ងៃណាមួយទៅវិញ។
ដើម្បីដោះស្រាយ នូវបញ្ហាខាងលើនេះបាន អ្វីដែលជាការទទួលខុសត្រូវមុនគេ មិនអាចគេចរំលងបាន គឺគ្មាននរណាផ្សេង ក្រៅតែពី ក្រសួងទេសចរណ៍ និងក្រសួងបរិស្ថាន ដែលសុទ្ធសឹង ជាស្ថាប័នឯកទេសរបស់រាជរដ្ឋាភិបាលសព្វថ្ងៃនេះ នោះទេ។ ដូច្នេះគេត្រូវការចាំបាច់ណាស់ ការកំណត់នូវ«គោលជំហរនយោបាយ»ច្បាស់លាស់មួយ ក្នុងន័យការពារអោយ បាន នូវបរិស្ថានបិរសុទ្ធ ក៏ដូចជាមុខមាត់របស់ជាតិ ហើយត្រូវអោយមានការចូលរួម អនុវត្តន៍ ពីបណ្ដាក្រសួងពាកព័ន្ធ ផ្សេងទៀត ខានមិនបាន។ បន្ទាប់មកទៀត អ្នកគ្រប់គ្រងរមណីយដ្ឋាន អាជីវករលក់ដូរនៅនឹងទីកន្លែង រួមនឹងបណ្ដាអ្នក ទេសចរណ៍ផង ត្រូវគោរពនិងអនុវត្តន៍បទដ្ឋាននយោបាយនោះ ក្នុងន័យចូលរួមទទួលខុសត្រូវទាំងអស់គ្នា ដើម្បីភាពសុខដុម នៃជីវិតរស់នៅផ្ទាល់ របស់ពួកគាត់។ ក្នុងករណី ដែលជន ឬក្រុមណាមួយ មិនគោរព និងបានរំលោភ បទដ្ឋាននេះ រដ្ឋាភិបាល ត្រូវបង្កើតច្បាប់ ដើម្បីដាក់ទណ្ឌកម្មទៅលើជន ឬក្រុមដែលប្រព្រឹត្តខុសនោះផង និងដើម្បីជៀសវាង ការក្លាយជាគំរូអាក្រក់ ដែលអាចរាលដាលដល់អ្នកដទៃ។
ការចូលរួម របស់យុវជនជាស្នូលគ្រឹះសំខាន់មួយ
ប៉ុន្ដែ ការបង្ខំអោយអនុវត្តន៍ នូវរាល់គោលការណ៍ ណាក៏ដោយ ទាំងដោយគ្នាមិនយល់ មិនដឹង មិនឃើញ ឬមិនស្គាល់នោះ នឹងធ្វើអោយការអនុវត្តន៍នេះ គ្មានប្រសិទ្ធិភាពគ្រប់គ្រាន់ ហើយក៏មិនមាននិរន្តរភាពទៅអនាគតដែរ។ អ្វីដែលចាំបាច់ ស្របគ្នានេះ គឺត្រូវពន្យល់ បង្ហាញ ឬបង្រៀន អោយដល់រាល់ពលរដ្ឋម្នាក់ៗ ដើម្បីបានជ្រាបពីអត្ថប្រយោជន៍ នៃការការពារ បរិស្ថាន ដែលជាជីវិតផ្ទាល់របស់គាត់។ ហើយការពន្យល់ បង្ហាញ ឬបង្រៀននេះ គួរត្រូវចាប់ផ្ដើមពីក្នុងសាលារៀន ឬគ្រឹះស្ថាន អប់រំផ្សេងៗ ដែលការចូលរួម របស់យុវជនជាស្នូលគ្រឹះសំខាន់មួយ ក្នុងការផ្សព្វផ្សាយនេះ។
ជាឧទាហរណ៍៖ កាលពីថ្ងៃអាទិត្យទី២០ ឧសភា ២០១២ កន្លងមក ក្រុមយុវសិស្សមកពី អង្គការដើម្បីភាពញញឹមនៃកុមារ បានធ្វើដំណើរកំសាន្តមួយទៅកាន់ ភ្នំជីសូរ ដែលជារមណីយដ្ឋានប្រវត្តិសាស្ត្រ និងវប្បធម៌មួយកន្លែង ស្ថិតនៅភូមិស្លា ឃុំរវៀង ស្រុកសំរោង ខេត្តតាកែវ ចម្ងាយប្រមាណ ៦២ គីឡូម៉ែត្រ ភាគខាងត្បូងរាជធានីភ្នំពេញ។ ក្រោមការចាត់ចែងដឹកនាំ ពីក្រុមការងារ«សម្របសម្រួល សកម្មភាពអប់រំក្រៅម៉ោងសិក្សា» យុវជនទាំងអស់នោះបានឯកភាពគ្នា សម្រេចចូលរួមធ្វើការ សម្អាតបរិស្ថាននៅទីនោះ ដោយនាំគ្នារើសសម្រាមគរទុកឲ្យមានរបៀប និង ដុតចោលបានត្រឹមត្រូវ តាមការណែនាំរបស់ ចាស់ទុំក្នុងមូលដ្ឋាន ។ ពួកគេម្នាក់ៗ ខ្លះកាន់ថង់សម្រាម ខ្លះរើសសម្រាម ឯខ្លះទៀតគរសម្រាម ជាភ្នក់សម្រាប់ដុត ... ប្រកប ដោយទឹកមុខសប្បាយរីករាយ។
យុវជនឈ្មោះ ឡា លាត បានបង្ហាញអារម្មណ៍ថា «ខ្ញុំបាទ មានសេចក្តីរីករាយ និង មានមោទនភាពណាស់ដែលបានចូលរួម ក្នុងដំណើរកំសាន្តដ៏មានអត្ថន័យមួយនេះ។» យុវជនបានបន្តទៀតថា «ការធ្វើបែបនេះគឺមានប្រយោជន៍ច្រើន ណាស់ សម្រាប់ខ្លួនយើង ក៏ដូចជាសង្គមជាតិរបស់យើង។ ទីមួយ គឺ ធ្វើឲ្យយើងមានអារម្មណ៍ស្រលាញ់ភាពស្អាត។ ទីពីរ យល់ និងជួយសម្រាលការងារខ្លះៗ របស់អ្នកគ្រប់គ្រងរមណីយដ្ឋាន។ ទីបី រក្សាបាននូវភាពស្អាតនៃទីកន្លែងនេះ បានល្អជារៀង រហូត និងសម្រាប់ការមកកម្សាន្តទីនេះលើកក្រោយៗទៀត។ ទីបួន ធ្វើជាគំរូល្អដល់ទេសចរផ្សេងៗទៀត ក្នុងការស្រលាញ់ បរិស្ថាន ស្អាតជាពិសេសយុវជន។ ទីប្រាំ ជួយពញាក់អារម្មណ៍អាជីវករ ក៏ដូចជាអាជ្ញាធរ ឲ្យកាន់តែខំថែរក្សាបរិស្ថានទីនេះ ឲ្យបាន កាន់តែល្អជាងនេះទៅទៀត។ ទីប្រាំមួយ ជាសារប្រាប់ដល់ ក្រសួងមន្ទីរពាក់ព័ន្ធ អាជ្ញាធរមានសមត្ថកិច្ច អាជីវករ លក់ដូរ និងភ្នាក់ងារទេសចរណ៍ទាំងឡាយថា យុវជនត្រូវការបរិស្ថានស្អាត យុវជនអាចចូលរួមបានដើម្បីរមណីយដ្ឋាន ស្អាត៕»
--------------------------------------------------
ដោយ៖ គល់រាំង - ភ្នំពេញថ្ងៃទី ០៣ ខែ មិថុនា ឆ្នាំ ២០១២
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអ៊ីនហ្វូ
Crédit Photo : Kulrang/MONOROOM.info