អ៊ឺរ៉ូ២០១២៖ កីឡាករល្បីទាំង១១នាក់ ដែលមិនបានចូលរួម ប្រកួតលើកនេះ

ក្រុមកីឡាបាល់ទាត់មកពី ១៦ប្រទេស ដែលបញ្ជី ឈ្មោះកីឡាករ ទាំង២៣នាក់ ក្នុងក្រុមនីមួយៗ ទៅប្រកួតយក ពានរង្វាន់អ៊ឺរ៉ុបឆ្នាំ២០១២ នៅប្រទេសប៉ូឡូញ និង អ៊ុយក្រែននោះ កំពុងត្រូវបានផ្ញើរ ម្ដងមួយក្រុមៗ ទៅអោយ UEFA អ្នករៀបចំការប្រកួតនេះ។
Loading...
  • ដោយ: មនោរម្យ.អាំងហ្វូ
  • កែប្រែចុងក្រោយ: June 01, 2012
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

មូលហេតុក្នុងការមិនបានចេញទៅ ប្រកួតនៅ អ៊ឺរ៉ូ២០១២ មិនមានអ្វី អោយពិបាកយល់នោះទេ គឺមានដូចជា របួស ឈ្លោះជាមួយគ្រូបង្វឹក ឬក៏មានអាយុចាស់ជ្រុលពេកតែប៉ុណ្ណោះ។ ក្រុមកីឡាបាល់ទាត់មកពី ១៦ប្រទេស ដែលបញ្ជី ឈ្មោះកីឡាករ ទាំង២៣នាក់ ក្នុងក្រុមនីមួយៗ ទៅប្រកួតយក ពានរង្វាន់អ៊ឺរ៉ុបឆ្នាំ២០១២ នៅប្រទេសប៉ូឡូញ និង អ៊ុយក្រែននោះ កំពុងត្រូវបានផ្ញើរ ម្ដងមួយក្រុមៗ ទៅអោយ  UEFA អ្នករៀបចំការប្រកួតនេះ។ ការប្រកួតនឹងត្រូវ ចាប់ផ្ដើមជាផ្លូវការ នៅថ្ងៃទី៨មិថុនាខាងមុខ។

ទស្សនាវដ្ដី មនោរម្យព័ងអាំងហ្វូ សូមលើកយកអ្នកដែលមិនបានទៅ ចូលរួមប្រកួត ក្នុងឱកាសដ៏អស្ចារ្យនេះ នូវកីឡាករដ៏ ល្បីៗ​ ដែលមកដល់ពេលនេះ យើងរាប់មានចំនួន ១១នាក់ ដូចខាងក្រោម៖

- ស្តេហ្វាន រូហ្វីយើ Stéphane Ruffier (អ្នកចាំទីក្រុមបាល់ទាត់ ប្រទេសបារាំង France)

ខ្សែរជីវិតរបស់គាត់ មិនសូវជាល្អប៉ុន្មានទេ ក្នុងរយះពេលចុងក្រោយនេះ។ តាមពិតគាត់ ជាអ្នកចាំទីអោយក្រុម បាល់ទាត់ សាំង អេទីជែន Saint-Etienne របស់ប្រទេសបារាំង ហើយ ធ្លាប់តាំងខ្លួន ស្មើនឹង អ្នកចាំទីរបស់ក្រុមជំរើសជាតិបារាំង សេដ្រេច ការាសូ Cédric Carrasso ជ្រើសរើសដោយគ្រូបង្វឹក ឡូរ៉ង់ ប្លង់ Laurent Blanc។ តែ គ្រូបង្វឹក ឡូរ៉ង់ ប្លង់ បាន មើលឃើញ ផ្សេងពីនេះទៅវិញ ដោយសំរេចមិនជ្រើសរើសគាត់ទៅ អ៊ឺរ៉ូ២០១២ទេ។.

-​ ជូស៊េ បូសិនវ៉ា José Bosingwa (ខ្សែរការពារក្រុមបាល់ទាត់ ប្រទេសព័រទុយហ្គាល់ Portugal)

គាត់ទាត់អោយ ក្រុមឆែលស៊ី របស់ប្រទេសអង់គ្លេស ជាអ្នកនៅក្នុងខ្សែរការពារ ហើយក្រុមបានដណ្ដើមជាជើងឯង លីក Ligue des champions កាលពីពេលថ្មីៗនេះ។ តែគាត់មានបញ្ហាពាក្យសំដីជាមួយ នឹងគ្រូបង្វឹករបស់គាត់ លោក ប៉ូឡូ ប៊េនតូ Paulo Bento ដែលធ្វើអោយ គ្រូបង្វឹកនេះ យកអ្នកផ្សេងមកជំនួសគាត់វិញ ក្នុងខណៈចេញទៅ អ៊ឺរ៉ូ២០១២ នេះ ។

- រីយ៉ូ ហ្វែរឌីណង់ Rio Ferdinand (ខ្សែរការពារក្រុមបាល់ទាត់ ប្រទេសអង់គ្លេស Angleterre)

គាត់ជាមនុស្សរករឿងដាក់ខ្លួន នៅទីកន្លែងណា ដែលមិនគួរនឹងទៅ។ គាត់ជាកីឡាករខ្សែរការពារ ទាត់អោយក្រុមដ៏ល្បី មែនឆេស្ទើរ យូណាធីដ Manchester United របស់ប្រទេសអង់គ្លេស។ តែគាត់បានកាន់ជើងប្អូនប្រុសរបស់គាត់ ឈ្មោះ អង់តុង Anton ទប់ប្រឆាំងនឹង ចន តែរី John Terry នៅក្នុងរឿងប្រកាន់ពូជសាសន៍មួយ ដែលធ្វើអោយកក្រើក ពេញទាំង ប្រទេសអង់គ្លេស​ កាលពីខែធ្នូ ឆ្នាំ២០១១កន្លងទៅ។ ហើយគាត់បានអោយ គ្រូបង្វឹកថ្មីរបស់ក្រុមជំរើសជាតិ លោក រ័រ ហូដស្សុង Roy Hodgson​ ធ្វើការជ្រើសរើសរវាង «វា» ឬ «អញ»។ ហើយដោយគ្រូបង្វឹកបានមើលឃើញថា ចន តែរី មាន គុណសម្បត្តិច្រើនជាង​ អញ្ចឹងកីឡាករ រីយ៉ូ ហ្វែរឌីណង់ ត្រូវគេទុកអោយនៅអង្គុយចាំការពារ បាល់នៅក្នុងប្រទេសគាត់ ដដែល មិនបានចេញទៅទាត់នៅ អ៊ឺរ៉ូ២០១២ នឹងគេទេ។

- កាលេស ប៉ុយ៉ូល Carles Puyol (ខ្សែរការពារក្រុមបាល់ទាត់ ប្រទេសអេស្ប៉ាញ Espagne)

នៅពេលគេ និយាយរឿងកំប្លែងសើចសប្បាយ ក្នុងប្រទេសអេស៉្បាញ គេមិននិយាយពី តារាភាពយន្ដហូលីវ៉ូដ ដ៏ល្បីខាង កំប្លែង នោះទេ តែគេបែជានាំគ្នានិយាយតែពី កាលេស ប៉ុយ៉ូល ទៅវិញ។ ដូចយ៉ាង «កាលេស ប៉ុយ៉ូល គ្មានរបួសអ្វីទេ តែគាត់ត្រូវប្រគល់ខ្លួនទៅអោយពេទ្យ គ្រាន់នឹងអោយពេទ្យមានការងារធ្វើតែប៉ុណ្ណោះ»។ តែបើនិយាយអោយពិតមែនទែន ជង្គង់របស់គាត់ មានអាការះមិនសូវស្រួល តាំងពីគាត់បានទាត់បាល នៅលើកចុងក្រោយ បើគិតសរុបទាំងអស់នៃការប្រកួត ចំនួន ២៣០លើក នៅក្នុងជីវិតរបស់គាត់។ មិនជាអ្វីទេ គាត់មានពេលសំរាក ពេញមួយរដូវក្ដៅ ដើម្បីព្យាបាល់ជង្គង់នេះ និងតាមដានអ៊ឺរ៉ូ២០១២ ជាមួយ គូរកំណាន់ដ៏ស្រស់ស្អាត ពីចំងាយនឹងគេទៅ។

- ដូមើនីកូ គ្រីស៊ីតូ Domenico Criscito (ខ្សែរការពារក្រុមបាល់ទាត់ ប្រទេសអ៊ីតាលី Italie)

អ្នកមិនបានទៅចូលរួមទាត់នៅ អ៊ឺរ៉ូ២០១២ មានទាំងអស់ មានទាំងអ្នកគេភ្លេច ទាំងអ្នករបួស ទាំងអ្នកមិនមានសមត្ថភាព ហើយនិងឥឡូវនេះមានទាំង ដូមើនីកូ គ្រីស៊ីតូ មួយទៀត។ គេគ្មានឃើញរឿងអ្វីអោយសំខាន់ ក្នុងជីវិតបាល់ទាត់ របស់គាត ទេ ហើយក៏មិនត្រូវបានគេផាត់ចេញពីសហព័ន្ធបាល់ទាត់ អ៊ីតាលីនោះដែរ តែគេគ្រាន់តែនិយាយប្រាប់គាត់ យ៉ាងសុភាព ដូច្នេះថា «សូមអ្នកឯង នៅផ្ទះអោយសុខស្រួលចុះ ដើម្បីត្រៀមប្រកួតលើកក្រោយទៀត។» ចំជាគ្មានសំណាងមែន!

- ក្លារ៉ង្ស សេដូរ្វ Clarence Seedorf (ខ្សែរបំរើក្រុមបាល់ទាត់ ប្រទេសហូឡង់ Pays-Bas)

ជាង១០ឆ្នាំហើយ ដែលគេមិនដែលភ្លេចនិយាយទៅអោយគាត់ នូវពាក្យដដែលៗមូយឃ្លាថា «ក្លារ៉ង្ស សេដូរ្វ​ ឯងពូកែទាត់ បាល់ណាស់ តែសូមទុកកន្លែងអោយ ក្មេងជំនាន់ក្រោយខ្លះផង»។​ តែវាពិតជាអញ្ចឹងមែន គឺកីឡាករបាល់ទាត់ ក្លារ៉ង្ស សេដូរ្វ មានថ្វីជើងដ៏កំពូល ខាងការបញ្ជូនបំរើបាល់ និងជួនកាល កីឡាករនេះ បានរត់មក ខ្សែរការពារជួយទប់ យ៉ាងប៉ិនប្រសព្វ អស្ចារ្យថែមទៀត។ តែទោះជាល្អ​ និងខ្លាំងពូកែយ៉ាងម៉េចក៏ដោយ ក៏ឥឡូវកីឡាករចាស់ៗទាំងប៉ុន្មាន នៅក្នុងពិភពបាល់ទាត់ ដូចជាបានយល់ខ្លះហើយថា ចាប់ពីអាយុ៣៦ឆ្នាំឡើងទៅ គាត់រត់មិនបានលឿន ដូចជាក្មេងអាយុ១៨ឆ្នាំនោះ ទៀតបាន ឡើយ។

- ហ្គារេត បារី Gareth Barry (ខ្សែរបំរើក្រុមបាល់ទាត់ ប្រទេសអង់គ្លេស Angleterre)

គាត់ទាត់ប្រចាំនៅក្រុម មែឆេស្ទ័រ ស៊ីធី Manchester City តែគាត់មានរបួស នៅពេលប្រកួតជាលក្ខណៈមិត្តភាពត្រៀមប្រកួត មុនអ៊ឺរ៉ូ២០១២ ជាហេតុ ដែលធ្វើអោយ គ្រូពេទ្យត្រូវបញ្ជាអោយគាត់នៅសំរាក មិនត្រូវធ្វើអ្វីទាំងអស់។

- យ័ន ហ្គួខេហ្វ Yoann Gourcuff (ខ្សែរបំរើក្រុមបាល់ទាត់ ប្រទេសបារាំង France)

គេរៀបតែនឹងនិយយលេងថា «ហ្សីនាឌីន ហ្សីដាន់ Zinedine Zidane ត្រូវធ្លាក់ខ្លួនអូសទឹកលក់ ដោយសារគាត់មកជំនួស» តែគួរអោយស្ដាយ ដោយត្រូវគ្រូបង្វឹក ឡូរ៉ង់ ប្លង់ ដកគាត់ចេញ ពីការជ្រើសរើសទៅអ៊ឺរ៉ូ២០១២ ជាមួយនឹងកីឡាករពីរនាក់ ទៀត។ នៅពេលដកគាត់ចេញនោះ គ្រូបង្វឹក ឡូរ៉ង់ ប្លង់ មិនបាននិយាយអ្វី ជាមូលហេតុអោយច្បាស់នោះទេ។

- ដាវិត វីឡា David Villa (ខ្សែរប្រយុទ្ធក្រុមបាល់ទាត់ ប្រទេសអេស្ប៉ាញ Espagne)

ក្នុងចំណោមអ្នករបួស ហើយមិនបានទៅប្រកួតនៅ អ៊ឺរ៉ូ២០១២ កីឡាករ ដាវិត វីឡា ធ្វើអោយយើងនឹកគាត់ជាងគេ។ ជាកីឡាករនៅខ្សែរប្រយុទ្ធ ប្រចាំក្រុមបាល់ទាត់ បាសឺឡូន របស់ប្រទេសអេស្ប៉ាញ គាត់មានរបួស ឆ្អឹងជើងតាំងពី៦ខែ កន្លងមកហើយ។ គួរអោយស្ដាយណាស់ ដោយយើងនឹងមិនបានឃើញគាត់ ដូចកាលពីឆ្នាំ ២០០៨ និង២០១០ ដែលកាលពី ពេលនោះ គាត់ជាប់ជាកីឡាករដ៏ឆ្នើម ក្នុងការស៊ុតបញ្ចូលទី របស់ក្រុមជំរើសជាតិដ៏ល្អជាងគេក្នុងពិភពលោក។

- ជេរ៉ូនីម៉ូ កាកូ Jeronimo Cacau (ខ្សែរប្រយុទ្ធក្រុមបាល់ទាត់ ប្រទេសអាឡឺម៉ង់ Allemagne)

មិនបានទៅប្រកួតនៅ អ៊ឺរ៉ូ២០១២ ដោយសារ អាយុ ច្រើន។ តាមពិត គាត់មានអាយុទើបតែ ៣១ឆ្នាំប៉ុណ្ណោះ តែ គ្រូបង្វឹករបស់ក្រុមជំរើសជាតិអាឡឺម៉ង់  ចង់អោយអនាគត និងឱកាសទៅ ក្មេងជំនាន់ក្រោយច្រើនជាង។ ជេរ៉ូនីម៉ូ កាកូ នឹងធ្វើអោយយើងនឹកគាត់ជាមិនខាន ក្នុងការប្រកួតលើកនេះ។

- រ៉ូប៊ែតូ សុលដាដូ Roberto Soldado (ខ្សែរប្រយុទ្ធក្រុមបាល់ទាត់ ប្រទេសអេស្ប៉ាញ Espagne)

តាមធម្មតា គាត់គួរតែបានចេញទៅទាត់នៅ អ៊ឺរ៉ូ២០១២ តែគ្រូបង្វឹករបស់គាត់ទៅវិញទេ ដែលចូលចិត្តកីឡាករខាង ខ្សែរ ប្រយុទ្ធម្នាក់ទៀត ជៀសជាងគាត់ ក្រោយពេលដែលមានការជួបប្រកួតគ្នាមួយរវាង អេស្ប៉ាញ និងស៊ែបប៊ី ក្នុងលក្ខណៈ មិត្តភាពដើម្បីត្រៀមទៅអ៊ឺរ៉ូ កាលពីប៉ុន្មានថ្ងៃមុននេះ។

អ្នកផ្សេងទៀត

ក្រៅពីនឹង យើងបានសង្កេតឃើញ គ្រូបង្វឹកជនជាតិអ៊ីតាលីម្នាក់ លោក ហ្វាប៊ីយ៉ូ កាប៉ឺឡូ របស់ក្រុមជំរើសជាតិអង់គ្លេស ក៏មិនបានទៅចូលរួមប្រកួតនៅ អ៊ឺរ៉ូ២០១២ នេះដែរ ដោយសារតែគាត់បានសុំ លាឈប់កាលពី៦ខែមុន ដោយសាររឿងរ៉ាវ ប្រកាន់ពូជសាសន៍របស់ ចន តែរី នៅពេលនោះ។​ ហើយកីឡាករបំរុង ប្រមាណជា ៦នាក់ផ្សេងទៀត ដែលយើងធ្លាប់ឃើញ កាលពីការជួបប្រកួតលើកមុនៗ ក៏បានខកខានមិនបានទៅចូលរួមទាត់នៅ អ៊ឺរ៉ូ២០១២នេះដែរ៕

-----------------------------------------------------------
ដោយ ៖ មនោរម្យព័ងអាំងហ្វូ - ប៉ារីស ថ្ងៃទី ៣០ ខែឧសភា ២០១២

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...