មនុស្សស៊ីមនុស្សនៅ មីអាមី បង្កភាពរន្ធត់ពេញអាមេរិក
- ដោយ: សេក មនោរកុមារ ដោយ សេក មនោរកុមារ - ប៉ារីស ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១២
- កែប្រែចុងក្រោយ: May 30, 2012
- ប្រធានបទ: ស៊ីសាច់មនុស្ស
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
«រូឌី អឺហ្សែន (Rudy Eugène)» ជាឈ្មោះរបស់បុរសម្នាក់ ដែលបានធ្វើអោយរំជួល ពេញទាំងទីក្រុង មីអាមី (Miami) របស់សហរដ្ឋអាមេរិក ដោយសារសកម្មភាពរបស់គាត់ ក្នុងការស៊ីសាច់មនុស្សដូចគ្នា។ បានជាប់ឈ្មោះឥឡូវនេះថាជា «មនុស្សខ្មោច នៅមីអាមី Miami Zombie» បុរសដែលអាយុ ៣១ឆ្នាំម្នាក់នេះ បានត្រូវកងកំលាំងនគរបាលសំលាប់ កាលពីថ្ងៃសៅរ៍ទី ២៦ខែឧសភាកន្លងទៅ ខណៈដែល បុរសស្រាតននលគោករូបនេះ កំពុងតែហែកសាច់មុខមនុស្សម្នាក់ទៀត ស៊ីជាអាហារ។
កាសែតជាច្រើន ដូចជា «miamiherald.com» បានធ្វើចំណាប់អារម្មណ៍ក្នុងរឿងនេះ ហើយគេបានរកឃើញនូវចំនុចជាច្រើន ចេញពីខ្សែរជីវិតរបស់បុរសនេះ បើទោះជាខាងនគបាល កំពុងតែរងចាំ លទ្ធផលនៃការវិភាគរបស់ ក្រុមគ្រូពេទ្យ មុននឹងធ្វើការផ្សព្វផ្សាយក៏ដោយ។
សាក្សីជាស្ត្រីម្នាក់ ដែលជាអតីតភរិយារបស់ បុរសនេះ បាននិយាយ នៅក្នុងបណ្ដាញទូរទស្ស «WPLG» ថា «ខ្ញុំមិននិយាយថាគាត់មានជំងឺផ្លូវចិត្តនោះទេ តែគាត់តែងតែមានចិត្តមួយ ដែលគិតថា មនុស្សទាំងអស់ក្នុងលោក ដូចជាចេះតែប្រឆាំងនឹងគាត់ បើទោះជា គ្មាននរណាម្នាក់នៅជិតគាត់ក៏ដោយ។» បើតាមស្រ្តីរូបនេះ អតីតស្វាមីរបស់គាត់ លោក រូឌី អឺហ្សែន ជាមនុស្សហឹង្សា ម្នាក់ ហើយបច្ចុប្បន្ន ជាមនុស្សគ្មានប្រាក់ចំណូលអ្វីទេ។ តាមប្រភពពីខាងនគរបាល គេបានអោយដឹងថា បុរសនេះធ្លាប់បាន កងកំលាំងនគរបាល ឃាត់ខ្លួនចំនួន ៧ដង ក្នុងរយះពេល ៥ឆ្នាំកន្លងមក ក្នុងបទឧក្រិដ្ឋមិនធំដុំ ដែលទាក់ទងនឹង ការរត់និងការប្រើប្រាស់ គ្រឿងញៀនស្រវឹង។
គ្រឿងញៀនស្រវឹង អាចជាមូលហេតុ?
បីថ្ងៃក្រោយ ពេលកើតហេតុ បញ្ហាតែមួយបានចោទឡើង៖ ថាតើអ្វីទៅ ដែលនាំអោយបុរសនេះ ប្រព្រឹត្តនូវអំពើ បែបនេះ? សំរាប់ខាងអជ្ញាធរ នៅមីអាមី បានរពឹងច្រើន ពីការប្រើប្រាស់គ្រឿងញៀន មួយបែប ដូច «LSD» ដែលពេលណាគ្រឿង ញៀនស្រវឹងនេះ ចូលទៅក្នុងខ្លួន វាបានបង្កអោយអ្នកប្រើប្រាស់វា ប្រែក្លាយជាមានសភាពឃោឃៅ ហើយបញ្ចេញនូវ សកម្មភាព ទៅតាមការឡើង ដែលហួសពីការស្មាន របស់សីតុណ្ហភាពនៅក្នុងខ្លួន (តាម CBS)។
ទូរទស្សន៍ «WSVN-Fox 7» បានស្រង់សំដី អ្នកដំណើរនៅតាមផ្លូវ ដែលបានឃើញឈុតឆាកផ្ទាល់ភ្នែក ថា៖ «ខ្ញុំប្រាប់វាថា អោយចេញ អោយឆ្ងាយទៅ តែ ជនហ្នឹង នៅតែបន្ដ ស៊ីបុរសម្នាក់ទៀត។ ជារឿងមួយ ហួសពីការស្មាន ប្រៀបដូចជានៅក្នុងភាពយន្ដ អញ្ចឹង គឺមានឈាមពាសពេញ ...។ ជន «zombie (មនុស្សខ្មោច)» បានបកស្បែកនិងសាច់របស់ មនុស្សម្នាក់ទៀត ស៊ីនៅក្នុងមាត់ ហើយគ្រហឹមដាក់គេឯងថែមទៀតផង។»
ទោះជាកងកំលាំងនគរបាល បានមកដល់ហើយក៏ដោយ តែ រូឌី អឺហ្សែន មិនបានបញ្ឈប់ ការស៊ីសាច់មុខរបស់ ជនរងគ្រោះនោះទេ រហូតទាល់តែ នគរបាលម្នាក់បាន ផ្ដួលគាត់ដោយបានបាញ់ ប្រមាណជា ១២គ្រាប់ ទៅលើគាត់។ ៣ភាគ៤ នៃផ្នែកមុខរបស់ជនរងគ្រោះ បានត្រូវបកស៊ី។ ជនរងគ្រោះ មិនទាន់រកអត្តសញ្ញាណឃើញដោយ កងកំលាំងនគរបាល នៅឡើង។ តែបើតាមទូរទស្សន៍ «WSVN-Fox 7» ជនរងគ្រោះមានអាយុប្រហែល ៦៥ឆ្នាំ ជាជនគ្មានទីជំរក មានឈ្មោះថា រ៉ូណាល់ ប៉ូប៉ូ (Ronald Popo) ហើយគាត់កំពុងតែស្ថិតនៅក្នុង សភាពធ្ងន់ធ្ងរខ្លាំងនៅឡើយ រវាងការរស់និងការស្លាប់ ខណៈដែលគេបាននាំគាត់ ទៅដល់មន្ទីរពេទ្យសង្គ្រោះហើយនោះ៕