នៅអ៊ីតាលី កីឡាករបាល់ទាត់ម្នាក់ ស្លាប់នឹងជំងឺគាំងបេះដូង ក្នុងពេលប្រកួត
- ដោយ: សេក មនោរកុមារ
- កែប្រែចុងក្រោយ: April 16, 2012
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ប៉័រម៉ារីយ៉ូ ម៉ូរ៉ូស៊ីណូ Permario Morosino កីឡាករបាល់ទាត់ម្នាក់ របស់ក្រុម លីវួន របស់ប្រទេសអ៊ីតាលី បានដួលស្រ៊ប់ចុះ នៅលើវាលស្មៅ ខណៈពេលកំពុងប្រកួតបានប្រមាណជា ៣១នាទី នៅក្នុងពូល B។ ព្រឹត្តិការណ៍បានកើតឡើងគួអោយរន្ធត់ ដែលធ្វើអោយរាល់ការប្រកួតបាល់ទាត់ បន្ទាប់ពីនោះនៅក្នុងប្រទេស ត្រូវបានលប់ចោល ដោយលើកទៅប្រកួកនៅពេល ក្រោយវិញ។
កីឡាករបាល់ទាត់ ប៉័រម៉ារីយ៉ូ ម៉ូរ៉ូស៊ីណូ បានស្លាប់ភ្លាមមួយរំពេច បណ្ដាលមកពីជំងឺគាំងបេះដូង បន្ទាប់ពីការខិតខំជួយ សង្រ្គោះរបស់វេជ្ជបណ្ឌិតជំនាញ ឡេអូណាដួ ប៉ាឡូស្គីយ៉ា។ ពួកក្រុមគ្រូពេទ្យបានបញ្ជាក់ក្នុងសេចក្ដីប្រកាសមួយថា កីឡាករ ប៉័រម៉ារីយ៉ូ ម៉ូរ៉ូស៊ីណូ បានស្លាប់រួចទៅហើយ មុនគាត់មកដល់មន្ទីពេទ្យ។ ជាករណីមួយទៀតរបស់ ពួកកីឡាករបាល់ទាត់ អាជីប ដែលមុននេះប្រមាណជាមួយខែប៉ុណ្ណោះ ដែលកីឡាករបាល់ទាត់មា្នក់ទៀត ឈ្មោះ ហ្វាប្រីស ម៉ូអាំបា Fabrice Muamba ទាត់អោយក្រុមប៊ូលតុន នៅប្រទេសអង់គ្លេស បានដួលស្រ៊ប់ចុះទៅនឹងដី ដោយសារជំងឺគាំងបេះដូងដែរនោះ។ ជាសំណាងល្អ កីឡាករ ហ្វាប្រីស ម៉ូអាំបា ត្រូវបានក្រុមគ្រូពេទ្យជួយអោយរស់រានមានជីវិតឡើងវិញ ក្រោយពីបានធ្លាក់ក្នុង សភាពលែងដឹងខ្លួន អស់រយះពេល៧៨នាទីមកនោះ។
សហព័ន្ធបាល់ទាត់អ៊ីតាលី បានសំរេចចិត្តលើកការប្រកួតទាំងអស់ ក្នុងពេលចុងសប្ដាហ៍កន្លងមកនេះ ហើយគេបានធ្វើការ ស្មឹងស្មាធរយះពេលមួយនាទី នៅរាល់ការប្រកួតកីឡាផ្សេងៗទៀត។
កីឡាករ ប៉័រម៉ារីយ៉ូ ម៉ូរ៉ូស៊ីណូ មានអាយុ២៥ឆ្នាំ បានដួលចុះផ្ទាល់នឹងដី ខណៈពេលកំពុងប្រកួតដោយមិនមាននរណាម្នាក់ ទៅប៉ះគាត់នោះទេ សូម្បីតែកីឡាករក្នុងក្រុមតែមួយក៏ដោយ។ គាត់បានខំប្រឹងងើបឡើងមកវិញ មុននឹងដួលម្ដងទៀតជា លើកទីពីរ។ ការប្រកួតដែលក្រុម លីវួន របស់គាត់ កំពុងតែមានពិន្ទុនាំមុខ ២-១ ត្រូវបានផ្អាក។
យ៉ាងហោចណាស់ កីឡាករបាល់ទាត់អាជីបចំនួន២០នាក់បានស្លាប់ នៅរាល់ពេលប្រកួតកាលពីឆ្នាំទៅម៉ិញ ហើយការត្រួត ពិនិត្យសុខភាព ជាពិសេសខាងជំងឺបេះដូង ត្រូវបានគេរឹតបន្តឹងទ្វេឡើង នៅគ្រប់បណ្ដាក្រុមកីឡាបាល់ទាត់។ ប៉ុន្ដែអ្នក សង្កេតការ ឯកទេសខាងបាល់ទាត់ បាននិយាយថា វានៅមិនទាន់គ្រប់គ្រាន់នៅឡើយទេ។
សូមអញ្ជើញទស្សនារូបភាព ដែលកីឡាករបានដួលចុះនឹងស្មៅ ហើយនិងការសង្គ្រោះដែលមិនមានសង្ឃឹមនេះ៖
ដោយ សេក មនោរកុមារ - ប៉ារីស ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០១២ប្រភពពត៌មាន៖ ទីភ្នាក់ងារពត៌មានបារាំង អាអេហ្វប៉េ AFP