វិធីបំបែរចំណាប់អារម្មណ៍សិស្ស ក្នុងមុខវិជ្ជា«គណិតវិទ្យា»
តើលោកអ្នកយល់យ៉ាងណា ប្រសិនបើគ្រូរបស់លោកអ្នក នៅក្នុងថ្នាក់រៀន បានបង្កើតវិធីសាស្ត្រចម្លែកមួយ ដើម្បីមកបង្រៀនកូនសិស្សនោះ។ វាច្បាស់ហើយ ថាបើសិនជា វិធីសាស្ត្រសប្បាយៗ ដូចនៅក្នុងវីដេអូនេះ លោកអ្នកប្រាកដជាអត់ទ្រាំ មិនសើចសប្បាយ ឬអាចនឹងលោត ទៅអោបគ្រូបង្រៀននេះទៀតផង។
វីដេអូនេះ ត្រូវបានផលិតឡើង ដោយ លោក ម៉ាតជូ វេដ័រ (Matthew Weathers) ជាសាស្ត្រាចារ្យមួយរូប មកពីសាកលវិទ្យាល័យ បាយអូឡា (Biola) ក្នុងភាគខាងត្បូង នៃរដ្ឋកាលីហ្វ័នី សហរដ្ឋអាមេរិក។ លោកមានជំនាញខាង គណិតវិទ្យា។ ប៉ុន្តែ នៅក្នុងវីដេអូនេះ លោកមិនបានធ្វើឲ្យ គេគិតពីលោក ត្រឹមតែជាសាស្ត្រាចារ្យគណិតវិទ្យាប៉ុណ្ណោះទេ តែលោកក៏ជាសិល្បៈករម្នាក់ យ៉ាងជំនាញម្នាក់ដែរ។
តាមពិតទៅ វីដេអូខាងលើ ត្រូវបានផលិតឡើង នៅក្នុងឱកាសនៃថ្ងៃបុណ្យកុហក ទី០១ ខែមេសា ដែលការកំសាន្ដអ្វីៗគ្រប់យ៉ាង ត្រូវបានអនុញ្ញាត។ លោកសាស្ត្រាចារ្យ ម៉ាតជូ បានបង្កើតឈុតឆាកបែបនេះ ហើយយកទៅបង្ហោះ នៅក្នុងគេហទំព័រ យូធូប ជាមួយនឹងឃ្លាសរសេរថា៖ «ខ្ញុំបានលេង រឿងខ្លីមួយ នៅក្នុងថ្នាក់បង្រៀនគណិតវិទ្យារបស់ខ្ញុំ សម្រាប់ថ្ងៃកុហក ខែមេសា។ នៅក្នុងនេះ ខ្ញុំបង្ហាញពីវីដេអូមួយ ស្ដីពី"ជំនួយក្នុងការដោះស្រាយចំណោទ របស់សាលា" ដែលទទួលបានមកវិញខ្លះ នូវចំណោទត្រីកោណ ដ៏អាក្រក់មួយ។ គួរឲ្យក្ដៅក្រហាយណាស់។»៕