សាក់ចុងសុដន់ជារាងបេះដូង ពេញនិយមខ្លាំងឡើងនៅអ៊ឺរ៉ុប
- ដោយ: ឈូករ័ត្ន អត្ថបទ៖ ឈូករ័ត្ន ([email protected]) - បារីស ថ្ងៃទី ១៥ មេសា ២០១៥
- កែប្រែចុងក្រោយ: April 15, 2015
- ប្រធានបទ: សោភ័ណ្ឌភាព
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
គំនិតឆ្នៃប្រឌិតនេះ កើតចេញដំបូងគេ នៅក្រុង លីវើភូល (Liverpool) នៃចក្រភពអង់គ្លេស ដែលគេឲ្យឈ្មោះ ជាភាសាអង់គ្លេសថា «Tittooing»។ Tittooing ជាវិធីសាស្ត្រ នៃការគូរចុងសុដន់ របស់នាងៗទាំងឡាយ ដោយប្រើប្រដាប់សាក់ ធុនមធ្យមមួយប្រភេទ។ វិធីសាស្ត្រនេះ មានស្ថិតនៅចន្លោះការសាក់នៅលើស្បែក និងការកែឆ្នៃសម្ផស្ស។ ប្រដាប់សាក់ ធុនមធ្យម នឹងបាញ់ទឹកពណ៌ពិសេសមួយ តាមរយៈម្ជុល នៅខាងមុខប្រដាប់នោះ ដើម្បីពង្រីកឬបន្ថែមរង្វង់ ដែលព័ទ្ធជុំវិញក្បាលសុដន់។
ស្ត្រីជាច្រើនឡើងៗ បានប្រើប្រាស់វិធីសាស្ត្រនេះ ដើម្បីជួយឲ្យសុដន់របស់ពួកនាង កាន់តែមានសម្ផស្សខ្លាំងឡើង ជាពិសេស នៅពេលដែលរង្វង់ ព័ទ្ធជុំវិញក្បាលសុដន់ មានពណ៌ស្លេកពេក ឬមានទំហំតូចពេក។ គេអាចដាក់ពណ៌ ទៅតាមការចង់បានរបស់ម្ចាស់ខ្លួន ដូចជាពណ៌ក្រហមព្រឿងៗ ស៊ីជំពូ ឬពណ៌សាច់ក្រម៉ៅជាដើម។
ដំបូងឡើយ ស្ត្រីៗទាំងនោះ គ្រាន់តែមានគំនិត ចង់បន្ថែមទម្ងន់នៃសម្ផស្សសុដន់ខ្លួន ឲ្យបានកាន់តែធ្ងន់ប៉ុណ្ណោះ។ ប៉ុន្តែគំនិតនេះ បានវិវត្តន៍ទៅមុខ មួយកម្រិតទៀត៖ នោះគឺធ្វើរង្វង់ ព័ទ្ធជុំវិញក្បាលសុដន់ ឲ្យមានរាងជា«បេះដូង»។ ស្ត្រីមួយចំនួន ថែមទាំងបានបង្ហោះរូប ដែលថតពីចុងសុដន់របស់ខ្លួនសាក់រួច បង្ហោះឡើងលើបណ្ដាញសង្គមនោះទៀត។
នៅក្នុងក្រុង លីវើភូល មានអ្នកជំនាញខាងសាក់រូបបេះដូង នៅនឹងចុងសុដន់របៀបនេះ ចំនួន១៥នាក់ ហើយនាងៗ ដែលចង់បានសេវាកម្មនេះ ត្រូវបង់ថ្លៃប្រមាណជា ១៥០០អ៊ឺរ៉ូ (ឬ១៥៥០ដុល្លាអាមេរិក) ដើម្បីទទួលបានលទ្ធផល រូបបេះដូងលើចុងសុដន់ទាំងគូ ដែលនៅជាប់ បានពី១២ ទៅ១៨ខែ។ ប៉ុន្តែនាងៗ ត្រូវចាំបាច់ចាក់ថ្នាំស្ពឹក ឲ្យមានប្រសិទ្ធភាព សម្រាប់រយៈពេល២ម៉ោង ជាចាំបាច់៕