ហុង ជួនណារ៉ុង៖ ពេល​បង្រៀន ហាម​និយាយ​រឿង​នយោបាយ!

«តើស្អីទៅ សកម្មភាពនយោបាយ? តើអ្វីទៅ ដែលមានចែងក្នុងច្បាប់អប់រំ? (...) ពេលទៅបង្រៀន មិន​អាច​លើក​យក​នយោបាយ មក​ឡូកឡំ ជាមួយនឹងការបង្រៀនសិស្សនោះទេ។ (...) បើគ្រូម្នាក់ លែងជាគ្រូ ឬ​ក្រៅ​ម៉ោង​បង្រៀន នោះ​ជា​សិទ្ធិ​បុគ្គល អាច​ធ្វើការ​គាំទ្រគណបក្សនយោបាយ ណាមួយក៏បាន។ នេះជាការបង្ហាញ របស់​លោក ហង់ ជួនណារ៉ុន រដ្ឋមន្រ្តី​ក្រសួង​អប់រំ យុវជននិងកីឡា។
Loading...
  • ដោយ: អ៊ុម វ៉ារី អត្ថបទ៖ អ៊ុម វ៉ារី ([email protected]) - យកការណ៍៖ ស្រ៊ុន ទិត្យ -ភ្នំពេញ ថ្ងៃទី១៥ សីហា ២០១៥
  • កែប្រែចុងក្រោយ: August 17, 2015
  • ប្រធានបទ: នយោបាយ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ថ្លែងក្នុងសន្និសីទសារព័ត៌មានមួយ កាលពីរសៀល ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៥ ម្សិលម៉ិញនេះ នាទីស្តីការ​ក្រសួង លោក ហង់ ជួនណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជននិងកីឡា បានបញ្ជាក់ទៅកាន់គ្រូបង្រៀនទាំងអស់ ដែលមានវត្តមាននៅទីនោះ ម្តងហើយ ម្តងទៀតថា នៅក្នុងថ្នាក់រៀន មិនអាចនិយាយរឿងនយោបាយ ឬ​បង្ហាញការគាំទ្រគណបក្ស នយោបាយណាមួយ ដល់សិស្សឡើយ។

លោករដ្ឋមន្រ្តី បានលើកយកសេចក្តីណែនាំមួយ ចេញដោយក្រសួងអប់រំ នាពេលថ្មីៗនេះ មកបញ្ជាក់ឡើងថា រាល់សកម្មភាពនយោបាយ និងការឃោសនានយោបាយ ឲ្យគណបក្សនយោបាយណាមួយ នៅក្នុងគ្រឹះស្ថាន​សិក្សាសាធារណៈ ឬស្ថាប័នអប់រំត្រូវបានហាមឃាត់។ លោកបានថ្លែងឲ្យដឹងថា៖ «តើស្អីទៅ សកម្មភាព​នយោបាយ? អ្វីដែលមានចែង នៅក្នុងច្បាប់អប់រំ។ យើងអត់អាចធ្វើអី លើសពីច្បាប់ទេ។ (...) នៅពេលទៅ​បង្រៀន មិនអាចយករឿងនយោបាយ មកឡូកឡំ ជាមួយការបង្រៀនសិស្ស នៅក្នុងថ្នាក់។ (...) អ្វីដែលក្រសួង​ចេញសេចក្តីថ្លែងការណ៍ គឺថា ពេលទៅបង្រៀន មិនអាចឡូកឡំ ជាមួយនយោបាយទេ នៅក្នុងថ្នាក់រៀនទេ តែប៉ុណ្ណឹងតើ? ប៉ុន្តែក្រៅម៉ោងរៀន គ្រូណាក៏គាត់អាចមានសិទ្ធិដដែល មិនអញ្ចឹង? ជាមនុស្ស ជាបុគ្គល ជា​ពលរដ្ឋ គាត់ចង់គាំទ្រគណបក្សណាក៏បាន ប៉ុន្តែគាត់មិនអាចយកអារឿង គណបក្សនយោបាយហ្នឹង មកចូល​ក្នុងថ្នាក់រៀនទេ។ យល់ទេ? ខ្ញុំនិយាយក្នុងក្របខណ្ឌច្បាប់ តែប៉ុណ្ណឹងទេ។»

សូមស្តាប់ និងទស្សនាទាំងស្រុង នូវខ្លឹមសារនៃការបកស្រាយ លើពាក្យថា «សកម្មភាពនយោបាយ» របស់​រដ្ឋមន្រ្តីក្រសួងអប់រំដូចខាងក្រោម៖

ការថ្លែងរបស់លោក ហង់ ជួនណារ៉ុន បានធ្វើឡើង បន្ទាប់ពីប្រតិកម្ម របស់សមាគមគ្រូបង្រៀន កម្ពុជាឯករាជ្យ កាលពី​កន្លងមកថ្មីៗ បានស្នើឲ្យលោករដ្ឋមន្រ្តីក្រសួងងប់រំ លប់ចោលនូវសេចក្តីណែនាំរបស់ខ្លួន ដែលបាន​ហាមឃាត់ និងបិទបាំង នូវការប្រើប្រាស់គ្រឹះស្ថានសាធារណៈ ដោយអង្គការសមាគម បើគ្មានការយល់​ព្រមពី​ក្រសួងអប់រំ។

ចំណែកឯអង្គការសង្គមស៊ីវិលមួយចំនួន ក៏ធ្លាប់ធ្វើការរិះគន់ ទៅលើក្រសួងអប់រំដែរថា៖ «ខ្លួនឯងកើតស្រែង តែបែរជាប្រកាស លក់ថ្នាំស្រែង»ទៅវិញ តើអាចឲ្យគេជឿបានដែរឬទេ? សង្គមស៊ីវិលទាំងនោះ ធ្លាប់​បង្ហាញ​នូវសកម្មភាពជាក់ស្តែង របស់ក្រសួងអប់រំ តាមរយៈនាយកសាលានានាថា បានកៀងគរ គ្រូបង្រៀន ឬ​សិស្ស​ឲ្យគាំទ្រគណបក្សនយោបាយ តាមនិន្នាការរបស់ខ្លួន។ គ្រូខ្លះ ក៏ត្រូវបាននាយកសាលា បញ្ចូលឈ្មោះ ទៅ​ក្នុង​សមាជិក របស់គណបក្សប្រជាជនកម្ពុជា ឬស្ម័គ្រចិត្ត ជួយរំលែកប្រាក់បៀវត្សខ្លួន ដល់បាទក្រហម ទាំងខ្លួន (គ្រូៗ) មិនដឹងអ្វិបន្តិចសោះនោះ។ ឯសិស្ស ឬនិស្សិត ក៏ត្រូវបានក្រសួងអប់រំ កៀងគរ ឲ្យចូលរួមក្នុង​សកម្មភាព យុវជនកាកបាទក្រហម យុវជនកាយឫទ្ធិ ឬយុវជនសហភាព សហព័ន្ធយុវជនកម្ពុជាជាដើម។ ពិសេស​ឲ្យ​គាំទ្រ ឬទទួលគណប្រតិភូនយោបាយនានា មកពីក្រៅប្រទេសជាដើម។

ក្នុងកិច្ចសម្ភាស ជាមួយទស្សនាវដ្តីមនោរម្យ.អាំងហ្វូ អ្នកគ្រូម្នាក់បង្រៀន ក្នុងសាលាមួយនារាជធានីភ្នំពេញ បាន​បង្ហាញទស្សនរបស់ខ្លួនថា អ្នកគ្រូ ត្រូវបានខាងសាលាតម្រូវ ឲ្យចូលជាសមាជិកគណបក្សប្រជាជនកម្ពុជា។ អ្នកគ្រូបាននិយាយ ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះថា ប្រាក់ខែរបស់អ្នកគ្រូ ក៏ដូចជាគ្រូផ្សេងៗទៀត ក្នុង​សាលា​នេះ (ឬសាលាផ្សេងៗទៀត ដែលប្រហែលជាដូចគ្នានេះដែរ) ត្រូវបានកាត់ដោយស្វ័យប្រវត្តិ ទោះគ្មាន​ការ​ឯកភាព ពីគ្រូសាមីក៏ដោយ។ អ្នកគ្រូបញ្ជាក់ថា៖ «ប្រាក់ខែខ្ញុំ ខាងសាលាកាត់យកសឹងរាល់ខែ។ កាត់​ចូល​កាកបាទក្រហមផង កាត់ចូលសមាជិកគណបក្សប្រជាជនផង និងកាត់ដើម្បីចូលរួម ក្នុងកម្មវិធីផ្សេងៗទៀត ដែលមិនបានព្រាងទុកជាដើម។ (...) កម្មវិធីគាំទ្រគណបក្សនយោបាយវិញ ពេលមានកិច្ចប្រជុំម្តងៗ ទោះនៅ​សាលាក្តី នៅមន្ទីរក្តី ឬនៅក្រសួងក៏ដោយ តែងតែនិយាយមិនដាច់ រឿងគុណបំណាច់ របស់គណបក្ស​ប្រជាជន​កម្ពុជា ពិសេសពាក់ព័ន្ធនិងថ្ងៃ៧ មករា។»៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...