សិស្សជាប់និទ្ទេស A ចាន់ កិត្យាភារ៉ា ចែករំលែកបទពិសោធ ដែលនាងទទួលបានជោគជ័យ
- ដោយ: ប្រាថ្នា ដោយ ប្រាថ្នា (ទំនាក់ទំនង៖ [email protected] ) - ភ្នំពេញថ្ងៃទី០៣ កញ្ញា ២០១៤
- កែប្រែចុងក្រោយ: September 13, 2014
- ប្រធានបទ: ជីវិត
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
«មានកត្តាច្រើនមែនទែន ដែលនាំឱ្យខ្ញុំទទួលបានជោគជ័យ មកដល់ថ្ងៃនេះ» នេះជាការលើកឡើងរបស់យុវតី ចាន់ កិត្យាភារ៉ា ជាសិស្សម្នាក់ ដែលទទួលបាននិទ្ទេសល្អប្រសើរ ទូទាំងប្រទេសក្នុងចំណោមសិស្សទាំង១១នាក់ ដែលទទួលបាននិទ្ទេសល្អប្រសើរ ក្នុងសម័យប្រលងឆ្នាំ២០១៤នេះ ជាឆ្នាំដែលមានសិស្សធ្លាក់ច្រើនជាងគេ។ កញ្ញា ចាន់ កិត្យភារ៉ា គឺជាសិស្សមកពីវិទ្យាល័យកំពង់ស្ពឺ ក្នុងក្រុងច្បារមន ខេត្តកំពង់ស្ពឺ។ កញ្ញាទទួលបានចំណាត់លេខ៥ ក្នុងចំណោមសិស្សពូកែ ដែលមាននិទ្ទេសល្អប្រសើរទាំងអស់។
ក្នុងទឹកមុខរំភើបរីករាយ កិត្យាភារ៉ា បានរៀបរាប់ពីបទពិសោធន៍ ដែលនាំឱ្យខ្លួនកញ្ញាក្លាយជាសិស្សពូកែថា ក្រោយពីភារ៉ា ក្រេបចំណេះពីគ្រូនៅសាលារៀនហើយ នៅពេលមកដល់ផ្ទះវិញ នាងបានចំណាយពេល២ទៅ៤ម៉ោង ដើម្បីរៀនធ្វើលំហាត់ឡើងវិញ នូវមុខវិជ្ជាពិបាកមួយចំនួន ដូចជាគណិតវិទ្យា រូបវិទ្យា គីមីវិទ្យា ជីវៈវិទ្យាជាដើម។ លើសពីនេះទៅទៀត ភារ៉ា បានរៀបរាប់ទៀតថា ការរៀនបន្ថែមដោយខ្លួនឯង នៅផ្ទះមិនគ្រប់គ្រាន់នោះទេ នៅពេលទំនេរ ភារ៉ានិងមិត្តភក្តិតែងតែជួបជុំគ្នា ដើម្បីរំលឹកមេរៀនចាស់ និងលំហាត់ៗឡើងវិញ និងផ្លាស់ប្តូរ ចែកលែកចំណេះដឹងគ្នាទៅវិញទៅមក។
ជាកូនទី២ ក្នុងចំណោមបងប្អូន៣នាក់ សិស្សឆ្នើម ដែលទទួលចំណាត់ទី៥ក្នុងចំណោមសិស្សពូកែ ទាំង១១នាក់រូបនេះបានឱ្យដឹងថា យុវតីជំទង់រូបនេះ ទទួលបានការលើកចិត្តយ៉ាងច្រើនពីក្រុមគ្រួសារ ពិសេសពីសំណាក់ឪពុកម្តាយ និងមិត្តភក្តិជិតដិតរបស់នាង ដែលកត្តានេះ បានជំរុញទឹកចិត្តឱ្យនាង កាន់តែមានចិត្តខំប្រឹងប្រែងថែមទៀត រហូតទទួលបានជោគជ័យនៅថ្ងៃនេះ។
ឆ្លើយតបនឹងសំណួរ ដែលសួរនៅពេលអនាគត តើភារ៉ា នឹងចាប់ជំនាញអ្វី? សិស្សពូកែប្រចាំវិទ្យាល័យកំពង់ស្ពឺរូបនេះ បានបញ្ជាក់យ៉ាងដូច្នេះថា សេដ្ឋកិច្ចបច្ចុប្បន្ននៅប្រទេសកម្ពុជា កាន់តែរីកចំរើនជាលំដាប់ មានរោងចក្រសហគ្រាស និងវិគិនបរទេសជាច្រើដែលបានមកដាក់ទុននៅកម្ពុជា ដូច្នេះជំនាញសេដ្ឋកិច្ច គឺជាគោលដៅដែលខ្លួនត្រូវតម្រង់ទិស។ «ខ្ញុំចង់ក្លាយជាអ្នកវិភាគសេដ្ឋកិច្ចមួយរូប អញ្ចឹងខ្ញុំចង់រៀនផ្នែកសេដ្ឋកិច្ច ដែលអាចជួយអភិវឌ្ឍសេដ្ឋកិច្ចនៅក្នុងប្រទេសយើង» នេះជាអ្វីដែលកញ្ញា កិត្យាភារ៉ា បានបញ្ជាក់បន្ថែម។
ភារ៉ា អះអាងថា ការទទួលបានជោគជ័យនៅពេលនេះ គឺជាជំហានមួយតែប៉ុណ្ណោះ នាងនឹងខិតខំរៀនធ្វើយ៉ាងណា ដើម្បីឱ្យខ្លួនទទួលបានអាហារូបករណ៍ ទៅសិក្សានៅក្រៅប្រទេស។
យុវតីជាសិស្សឆ្នើមរូបនេះ បានផ្តាំផ្ញើទៅកាន់អ្នក ដែលធ្លាក់ពីការប្រលងយកសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នៅលើកទីមួយនេះ ថា សូមកុំឱ្យបាក់ទឹកចិត្ត ហើយត្រូវតែខិតខំ ប្រឹងប្រែងរៀនឡើង ដើម្បីទទួលបានជោគជ័យ ក្នុងការប្រលងលើកទី២ ក្នុងខែតុលាខាងមុខនេះ៕