ឃីម សុខហេង៖ យុវជនកម្ពុជាមានសក្តានុពលខ្ពស់ ដើម្បីទីផ្សារការងារ ក្នុងសមាហរណកម្មអាស៊ាន
- ដោយ: ប្រាថ្នា ដោយ ប្រាថ្នា (ទំនាក់ទំនង៖ [email protected] ) - ភ្នំពេញថ្ងៃទី០៣ កញ្ញា ២០១៤
- កែប្រែចុងក្រោយ: September 13, 2014
- ប្រធានបទ: ប្រព័ន្ធអប់រំ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ស្របពេលដែលសមាហរណកម្ម អាស៊ាន កាន់តែខិតជិតចូលមកដល់ នាពេលខាងមុខនេះ យុវជននិងប្រជាពលរដ្ឋភាគច្រើន សុទ្ធតែសម្តែងការព្រួយបារម្ភ ខ្លាចត្រូវបានគេដណ្តើមការងារល្អៗ។ ការព្រួយបារម្ភនេះ ខណៈពេលដែលមានមតិភាគច្រើន បានលើកឡើងថា ដោយសារតែប្រព័ន្ធអប់រំនៅកម្ពុជានៅមានកំរិត ការយល់ដឹងរបស់យុវជនខ្សោយ ជាពិសេសនោះគឺភាសា ដែលជាកត្តាធ្វើឱ្យសិស្សនិស្សិតកម្ពុជា ពិបាកនឹងប្រកួតប្រជែងឱកាសការងារល្អ ពីនិស្សិតរបស់ប្រទេស ដែលជាសមាជិកអាស៊ានផ្សេងទៀត។
ឆ្លើយតប និងបញ្ហានៃការលើកឡើងខាងលើនេះ លោកឃីម សុខហេង នាយកនៃវិទ្យាស្ថានសិក្សាដើម្បីជោគជ័យ បានបញ្ជាក់អះអាងថា និស្សិតកម្ពុជា មានសក្តានុពលខ្ពស់ ដែលអាចប្រកួតប្រជែងបាន ជាមួយនិស្សិត នៃប្រទេសដែលជាសមាជិកអាស៊ាន។ លោកបន្តថា៖ «ជាឧទាហរណ៍ដែលយើងមើលឃើញ ការប្រជុំសន្និសិទយុវជនថ្នាក់ដឹកនាំវ័យក្មេងរបស់អាស៊ាន ឃើញថា កម្ពុជាយើងមានសកម្មភាពជាច្រើន ដែលយើងឈានមុខគេ។ ជាបទពិសោធន៍ ក្នុងពេលដែលខ្ញុំចូលរួមប្រជុំ ក្នុងកម្មវិធីអាស៊ានបូកជប៉ុនជាដើម គឺថា យើងមានមុខមានមាត់ ដោយសារទទួលការវាយតម្លៃ ពីគណៈកម្មការរៀបចំកម្មវិធីពីប្រទេសជប៉ុនដែរ។»
លោកពន្យល់បន្ថែមថា សម្រាប់ប្រព័ន្ធអប់រំ លោកមើលឃើញថា នៅក្នុងប្រទេសអាស៊ានទាំង១០ ដកតែប្រទេសសាំងហ្គាពួរចេញ ដែលជាប្រទេសមួយ ទទួលស្គាល់គុណភាពអប់រំ ពីប្រទេសអភិវឌ្ឍជាច្រើននោះ គុណភាពនៃការអប់រំនៅប្រទេសដ៏ទៃទៀត សុទ្ធតែមានលក្ខណៈប្រដុំប្រសងគ្នា។
លោកបន្តថា៖ «នៅពេលដែលយើងប្រជុំ និយាយពីគុណភាពអប់រំ មានប្រទេសអាស៊ានមួយចំនួនហ្នឹង ឃើញថាការអប់រំរបស់គាត់ ដែលបានលើកឡើងហ្នឹង គឺពិបាកជាងយើងផង។ ចំណែកឯភាសាវិញ ភាសាគឺថា និស្សិតខ្មែរយើង ប្រជាជនខ្មែរគឺគាត់ពូកែខាងភាសា សម្រាប់ប្រទេសអាស៊ានពីរទៀត ភាសាបច្ចេកទេសនៅទាបជាងយើងដែរទេ។»
ជាការអំពាវនាវរបស់លោក លោកសូមឱ្យសិស្សនិស្សិតកម្ពុជា ប្រឹងប្រែងទាំងអស់គ្នា រួមទាំងអ្នកពាក់ព័ន្ថដូចជាក្រុមគ្រួសារ សាលារៀន ក៏ដូចជានិស្សិតខ្លួនត្រូវតែខំប្រឹងប្រែងតទៅទៀត៕