អាជ្ញាធរព្រមានចាត់វិធានការ ប្រឆាំងយុទ្ធនាការ«ស្នាមមេដៃមួយដេីម្បីកោះត្រល់»
- ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ភ្នំពេញ ថ្ងៃទី០៣ សីហា ២០១៨
- កែប្រែចុងក្រោយ: August 03, 2018
- ប្រធានបទ: កោះត្រល់
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
លោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ ត្រូវបានស្រង់សំដី មកបញ្ជាក់ថា អាជ្ញាធរនឹងចាត់វិធានការ ទៅតាមផ្លូវច្បាប់ ប្រសិនជាយុទ្ធនាការ «ស្នាមមេដៃមួយ ដើម្បីកោះត្រល់» មិនមានច្បាប់អនុញ្ញាតត្រឹមត្រូវទេនោះ។ យុទ្ធនាការនេះ បង្កើតឡើងដោយគណបក្សខ្មែរក្រោក ដែលគេស្គាល់ថា ជាគណបក្សដឹកនាំ ដោយលោក សុខសុវណ្ណ វឌ្ឍនាសារប៊ុង ហៅនៅលើបណ្ដាញសង្គម «William Guang»។
ជាប្រតិកម្មតបវិញ លោក «William Guang» បានហៅការព្រមានេះ ថាជារឿងអយុត្តិធម៌ ហើយថានឹងនៅតែរក្សាជំហរ ក្នុងការធ្វើយុទ្ធនាការនេះដដែល នៅផ្ទាល់នឹងទីស្នាក់ការគណបក្ស។
ការចុះផ្សាយ របស់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានស្រង់សំដីរបស់លោក ខៀវ សុភ័គ មកបញ្ជាក់ថា «ការធ្វើកិច្ចការអ្វីក៏ដោយ ទាក់ទងនឹងសន្តិសុខជាតិ គឺត្រូវមានលិខិត ស្នើសុំទៅអាជ្ញាធរ ឲ្យបានត្រឹមត្រូវ ដោយអនុវត្តទៅតាមច្បាប់បាតុកម្ម ដោយសន្តិវិធី»។
សារព័ត៌មានទាំងនោះ នៅបានស្រង់សំដី របស់អភិបាលរាជធានី លោក ឃួង ស្រេង មកបញ្ជាក់បន្ថែមថា៖ «ការធ្វើអ្វី គឺត្រូវអនុវត្តទៅតាមច្បាប់ ពីព្រោះគាត់ជាគណបក្សនយោបាយ ដូច្នេះត្រូវសិក្សាច្បាប់ ឲ្យបានច្បាស់លាស់ ដើម្បីជៀសវាងនូវខុសឆ្គង អំពីបញ្ហាច្បាប់ វាប៉ះពាល់ទៅដល់សង្គមជាតិ» ។
តែប្រធានគណបក្សខ្មែរក្រោក បានពន្យល់បញ្ជាក់វិញថា៖ «ការផ្ដិតមេដៃ ជាសិទ្ធរបស់ពលរដ្ឋ ដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ។ ហេីយយុទ្ធនាការផ្ដិតមេដៃ គឺធ្វេីឡេីងនៅទីស្នាក់ការ ពុំទាក់ទងដល់បាតុកម្មឯណានោះទេ។»។
លោក សុខសុវណ្ណ វឌ្ឍនាសារប៊ុង បានបន្តថា៖ «ពេលនេះដឹងហេីយថា នរណាជានរណា! ខ្ញុំឈឺចាប់ណាស់ ត្រង់បរទេសវាឈ្លានពានដីយេីង យ៉ាងគឃ្លេីនបំផុត ហេីយអ្វី ដែលឈឺចាប់បំផុត គឺនៅពេលដែលយេីងនិយាយ យេីងចេញមុខទាមទារ នូវអ្វីដែលយេីងបាត់បង់សោះ គឺមានខ្មែរមួយចំនួនតូចហ្នឹង មិនព្រមជួយចូកជួយចែវ ទប់ស្កាត់ទង្វេីបរទេសឈ្លានពានទេ បែរជាទៅការពារទង្វេីឈ្លានពានរបស់បរទេស ហេីយវាយប្រហារ មកខ្មែរគ្នាឯងទៅវិញ»។
កាលពីយប់ ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៨ គណបក្សខ្មែរក្រោក បានបង្ហាញតាមរយៈសេចក្ដីជូនដំណឹងមួយ ស្ដីពីយុទ្ធនាការ «ស្នាមមេដៃមួយដេីម្បីកោះត្រល់» ដែលនឹងចាប់ផ្ដើមធ្វើ នៅថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៨ខាងមុខ ដើម្បីប្រមូលស្នាមមេដៃប្រជាពលរដ្ឋ នៅទូទាំងប្រទេស ក្នុងបំណងរៀបញត្តិ ប្តឺងទៅក្រុមប្រឺក្សាធនុញ្ញកម្ពុជា មុននឹងបន្តបណ្ដឹងនេះ ទៅតុលាការអន្តរជាតិ នៅក្នុងជំហានក្រោយរបស់ខ្លួន។
អ្នកច្បាប់មួយរូប បានពន្យល់ប្រាប់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូថា ក្នុងដំណាក់កាលនេះ ទោះក្នុងជំហានណា ក៏មិនអាចធ្វើទៅរួចដែរ ជាពិសេសយន្ដការតុលាការអន្តរជាតិ។ អ្នកច្បាប់រូបនោះ បានពន្យល់ថា ក្នុងរឿងជម្លោះទឹកដី ស្ថាប័នសាលាក្ដីយុត្តិធម៌អន្តរជាតិ (ហៅកាត់តាមភាសាអង់គ្លេស ICJ ឬភាសាបារាំង CIJ) ទទួលយកបណ្ដឹង តែពីសំណាក់រដ្ឋាភិបាល ដែលតំណាងឲ្យរដ្ឋប៉ុណ្ណោះ៕