ក្រុមអ្នកប្រើប្រាស់ហ្វេសប៊ុក ប្រតិកម្មនឹងក្រដាសប្រាក់ ១០០ថ្មី
- ដោយ: មនោរម្យ.អាំងហ្វូ អត្ថបទ និងយកការណ៍៖ ប្រាថ្នា ([email protected]) - ភ្នំពេញ ថ្ងៃទី១៥ មករា ២០១៥
- កែប្រែចុងក្រោយ: January 15, 2015
- ប្រធានបទ: ប្រាក់ថ្មី
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ការចេញឲ្យប្រើប្រាស់ នូវក្រដាសប្រាក់ថ្មី តម្លៃ១០០រៀល ដែលទើបនឹងបោះពុម្ភ និងប្រកាសឱ្យប្រើប្រាស់ជាផ្លូវការ កាលពីថ្ងៃទី១៤ ខែមករា ដោយនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបង្កឱ្យមានប្រតិកម្មជាច្រើនពីសំណាក់មហាជន ជាពិសេសអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក។ ប្រតិកម្មបានកើតឡើងយ៉ាងផុសផុល ដែលជជែកវែកញែកពីក្រដាស១០០រៀលថ្មីនេះ ដោយសារតែយករូបព្រះពុទ្ធមកធ្វើជារូបតំណាង នៅពីលើក្រដាសប្រាក់។
អ្នកចូលរួមសម្ដែងប្រតិកម្មទាំងនោះ រួមមានព្រះសង្ឃ ប្រជាពលរដ្ឋ និងមន្ត្រីអង្គការសង្គមស៊ីវិល ក៏បាននាំគ្នាធ្វើការជជែកផ្តល់យោបល់ ថាគេមិនគួរយករូបព្រះសម្មាសម្ពុទ្ធ មកដាក់លើក្រដាសប្រាក់ដូច្នេះឡើយ។
ផ្តើមចេញពីទំព័រហ្វេសប៊ុកមួយ ដែលយកប្រកាសប្រាក់នេះ មកបង្ហោះ និងយល់ថាវាជារឿងមិនសម ដែលយករូបព្រះពុទ្ធមកដាក់នោះ បានធ្វើឱ្យអ្នកប្រើប្រាស់មួយចំនួនទៀត ចូលរួមបញ្ចេញយោល់ជាមួយ។ អ្នកលេងហ្វេសប៊ុកម្នាក់យល់ថា មិនល្អសោះ ដែលយករូបព្រះមកដាក់លើក្រដាស់ប្រាក់។ ការធ្វើបែបនេះ ដូចជាប្រមាថព្រះណាស់។ ម្ចាស់គណនីដដែលនេះ សរសេររិះគន់បន្តថា៖ «តើអ្នកដឹងទេ? ពេលខ្លះយើងយកមកក្នុងហោប៉ាវខោ ពេលខ្លះក្មេងយកទៅឈូស គប់វង់...រិតតែធ្វើឱ្យអ្នកប្រើប្រាស់បាបណាស់។ ព្រះសម្មាសម្ពុទ្ធយើងគោរពណាស់ គ្មាននរណាម្នាក់យកព្រះមកចាយវាយ យកមកកាន់លេងទេ តែបែរជាយើងមកព្រះមកដាក់នៅរូបលុយទៅវិញ សួរថាយើងសមជាអ្នកកាន់ព្រះពុទ្ធសាសនាទេ? សូមអស់លោកគិតឡើងវិញ។»
ទាក់ទងនិងការយកក្រដាស១០០រៀល ដែលក្មេងៗចូលចិត្តយកទៅលេងគប់វង់ ឬឈូសលេងនេះ ព្រះសង្ឃមួយអង្គមានសង្ឃដីការ ស្នើឱ្យធនាគារជាតិគិតពីបញ្ហានេះឡើងវិញ ការយករូបព្រះពុទ្ធមកដាក់លើក្រដាសប្រាក់១០០រៀលនេះ គឺមានន័យបង្អាប់សាសនាខ្លួនឯង ក្នុងនាមជាប្រទេសដែលមានប្រជាជនស្ទើ៩៥%កាន់សាសនាព្រះពុទ្ធ។
ចំណែកប្រិយមិត្តមួយរូបទៀត បានលើកឡើងផងដែរថា៖ «មិនត្រឹមត្រូវ ព្រះពុទ្ធត្រូវតែកន្លែងខ្ពស់ដែលពួកយើងគោរព មិនមែននៅលើក្រដាសប្រាក់ដែលឆ្លងពីដៃម្នាក់ទៅម្នាក់នោះទេ។ លុយមានតម្លៃពិតមែន តែពេលខ្លះវាគ្មានតម្លៃទេសម្រាប់មនុស្សខ្លះ។» សម្រាប់ម្ចាស់គណនីដែលមានឈ្មោះថា Sovann Phum យល់ថា វារឿងមួយដែលខុសធ្ងន់ណាស់ ថ្វីត្បិតតែនៅលើក្រដាស់ប្រាក់ ក៏ពិតមែនប៉ុន្តែព្រះពុទ្ធមិនមែនជារបស់ទិញលក់ បានស្រេចតែនឹងចិត្តឡើយ។
លោក Sovann Phum បានបន្តថា៖ «មុនបង្កើតក្រដាសប្រាក់នេះ មានបានសិក្សាពីក្រដាសប្រាក់ នៃបណ្តាប្រទេសកាន់ពុទ្ធសានានា ដូចយើងដែរឬទេ? សូមកុំអួតថា យើងឆ្លាតជាងគេ យើងបញ្ញាជាងគេឱ្យសោះ ប៉ុន្តែផ្ទុយទៅវិញ យើងកំពុងល្ងីល្ងើជាងគេហើយ»។
យល់ស្របនឹងការលើកឡើងរបស់ម្ចាស់គណនីខាងលើ លោក បូ ពៅ ជាមន្រ្តីអង្គការសង្គមស៊ីវិលមួយរូប បានបញ្ចេញមតិយោបល់ជាមួយថា៖ «សាសនាព្រះពុទ្ធមិនមែនជាសានារបស់ខ្មែរផ្តាច់មុខទេ មានប្រទេសជាច្រើនគេកាន់សាសនានេះដែរ ដូច្នេះយើងសួរប្រទេសគេមើល តើខ្មែរធ្វើបែបនេះសមទេ តើរដ្ឋាភិបាលខ្មែរសព្វថ្ងៃ ដែលឱ្យតម្លៃព្រះពុទ្ធសាសនាឬទេ?»
នៅក្នុងសេចក្ដីប្រកាសថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៥ ស្ដីពីលក្ខណៈសម្គាល់ក្រដាសប្រាក់ ១០០រៀល ចេញផ្សាយធនាគារជាតិនៃកម្ពុជា បានបញ្ជាក់ថា រូបនៅខាងមុខ ជាព្រះឆាយាល័ក្ខណ៍នៃព្រះមហាវីរក្សត្រ សម្ដេចព្រះនរោត្ដម សីហនុ នៅពេលព្រះអង្គទ្រង់សាងព្រះផ្នួស។ នៅខាងឆ្វេងព្រះឆាយាល័ក្ខណ៍ ជារូបព្រះពុទ្ធកំពុងផ្ចាញ់មា។ រីឯខាងខ្នងផ្នែកខាងស្ដាំ ជារូបបដិមាមួយដ៏ធំ ដែលធនាគារជាតិបានហៅថា ជារូបបដិមាព្រះកែវមរកត។
ដោយឡែក អ្នកប្រើប្រាស់បណ្តាញសង្គមម្នាក់ទៀត បានយល់ផ្ទុយពីការលើកឡើង របស់ក្រុមអ្នករិះគន់ខាងលើ។ ម្ចាស់គណនីរូបនេះបានសរសេរថា៖ «ទើសម៉ែអាទើស លុយបាតលុយសៀមមានរូបស្តេចសៀម តាំងពីមួយបាតឡើងទៅ លុយដុល្លាមានរូបប្រធានាធិបតីតាំងពីមួយដុល្លាឡើង។ លុយបោះពុម្ពមកសម្រាប់ចាយវាយដោះដូរផ្សេងៗ មិនមែនបោះពុម្ភមក តម្រូវឲ្យក្មេងឈូសលេងទេ បើគិតផ្លូវវិជ្ជមានគឺលើកតម្កើង បើគិតផ្លូវអវិជ្ជមាន បន្ថោកបង្អាប់។»៕