ជេសឺស ណាវ៉ាស់៖ មូលហេតុដែលខ្ញុំមកកាន់ ម៉ែនស៊ីធី
- ដោយ: វិន ជីវ័ន្ត
- កែប្រែចុងក្រោយ: July 24, 2013
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ខ្សែបម្រើស្លាបស្តាំ ជេសឺស ណាវ៉ាស់ (Jesus Navas) បានបង្ហើបប្រាប់ឲ្យដឹងពីមូលហេតុថា តើហេតុអ្វីបានជាគាត់ផ្ទេរមកកាន់ម៉ែនឆេស្ទើ ស៊ីធី (Manchester City) បន្ទាប់ពីគាត់បានបដិសេដមិនព្រមមកកាន់ក្រុមអាសឺណល (Arsenal) កាលពី៣ឆ្នាំមុន។
ខ្សែបម្រើស្លាបស្តាំ ជេសឺស ណាវ៉ាស់ លើកអាវបង្ហាញ នៅពេលគាត់មកដល់មែនស៊ីធីដំបូង។
កីឡាករអន្តរជាតិអេស្ប៉ាញ វ័យ២៧ឆ្នាំ ជិតនឹងផ្ទេរមកកាន់ប្រទេសអង់គ្លេសម្តងដែរ នៅពេលដែលក្លិបកាំភ្លើងធំចាប់ផ្តើមទាក់ទងគាត់ខ្លាំង កាលពីឆ្នាំ២០១០។ ប៉ុន្តែដោយសារតែពេលនោះ គាត់មិនចង់ឃ្លាតឆ្ងាយពីផ្ទះ និងចង់ជួយក្រុមសេវីឡា (Sevilla) ឲ្យឈ្នះពានរង្វាន់ផងនោះ ទើបធ្វើឲ្យគាត់សម្រេចចិត្តនៅអេស្ប៉ាញជាបន្ត។
កីឡាករថ្មីដែលមានតម្លៃខ្លួន ១៥លានផោនរបស់ក្រុមម៉ែនស៊ីធី បាននិយាយថា៖ «នៅពេលដែលអាសឺណលចង់បានគាត់ ស្របពេលដែលក្រុមសេវីឡាឈ្នះពានរង្វាន់អេស្ប៉ាញ (Spanish Cup)។ ខ្ញុំនៅតែចង់ឈ្នះពានរង្វាន់បន្ថែមទៀតជាមួយក្រុមសេវីឡា ដូច្នេះវាមិនមែនជាពេលដែលខ្ញុំត្រូវធ្វើការផ្លាស់ប្តូរក្រុមនោះទេ។»
គាត់បានបន្តថា៖ «ប៉ុន្តែនៅ២ ឬ៣ឆ្នាំចុងក្រោយនេះ យើងពុំបានឈ្នះពានរង្វាន់អ្វីទាំងអស់ ដូច្នេះខ្ញុំគិតថាវាជាពេលវេលាមួយ ដែលត្រូវធ្វើការផ្លាស់ប្តូរ។ ខ្ញុំមកកាន់ក្លិបនេះ (ម៉ែនស៊ីធី) គឺខ្ញុំមានមហិច្ឆតាចង់ឈ្នះពានរង្វាន់ ហើយខ្ញុំតែងតែផ្តល់ឲ្យក្រុម១០០% នូវអ្វីដែលខ្ញុំមាន និងអ្វីដែលខ្ញុំអាចធ្វើបាន។»
បន្ទាប់ពីធ្វើដំណើរមកចូលរួមជាមួយសមាជិកក្រុមជាលើកដំបូង នៅក្នុងទីក្រុងហុងកុង កាលពីថ្ងៃច័ន្ទ ណាវ៉ាស់ថាគាត់ពិតជារីករាយ ដែលបានចាកចេញពីសេវីឡា ហើយគាត់នឹងត្រៀមជីវិតថ្មី នៅក្នុងទីក្រុងម៉ែនឆេស្ទើ។
គាត់បានបន្តថា៖ «បញ្ហាទាំងអស់នោះ ជារឿងកាលពី២ ឬ៣ឆ្នាំមុន ប៉ុន្តែពេលនេះខ្ញុំត្រូវតែចាប់ផ្តើមជីវិតថ្មី។ សមាជិករបស់ខ្ញុំ នឹងជួយខ្ញុំ ហើយនេះជាអ្វីៗដែលខ្ញុំចង់បាន។ ខ្ញុំមកទីនេះ ដើម្បីបានលេង និងទទួលជោគជ័យធំៗ។ ខ្ញុំនឹងរៀនភាសាអង់គ្លេសឲ្យបានឆាប់បំផុត និងព្យាយាមសម្របខ្លួនឲ្យស៊ាំទៅនឹងវប្បធម៌នៅទីនេះ (អង់គ្លេស)។»
ខ្សែបម្រើរូបនេះដដែល បានបន្ថែមថា៖ «ខ្ញុំមានប្រពន្ធ មានកូន ហើយពួកគេក៏បានធ្វើដំណើរមកកាន់អង់គ្លេសដែរ ដើម្បីជួយខ្ញុំឲ្យបានកក់ក្តៅ។ ប៉ុន្តែខ្ញុំមិនទាន់បានទៅកាន់ទីក្រុងម៉ែនឆេស្ទើនៅឡើយទេ។ ខ្ញុំគិតថាអាកាសធាតុ នឹងមានការខុសប្លែកពីសេវីឡា។ ខ្ញុំពិតជារំភើប និងរីករាយខ្លាំងណាស់ ដែលបានផ្ទេរមកកាន់ក្រុមម៉ែនស៊ីធី ហើយខ្ញុំមានជំនឿយ៉ាងមុតមាំថា ពួកយើងនឹងមានរដូវកាលដ៏អស្ចារ្យមួយជាមួយគ្នា៕»
----------------------------------------------------
ដោយ៖ វិន ជីវ័ន្ត - ភ្នំពេញ ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ