រូបថតស្រាតរបស់ ម៉ុនរ៉ូ ត្រូវបានកែខៃតាំងពីសម័យគ្មានកំព្យូទ័រ
- ដោយ: ជ័យវិបុល អត្ថបទ ៖ ជ័យវិបុល ([email protected]) - ប៉ារីស ថ្ងៃទី២២ សីហា ២០១៥
- កែប្រែចុងក្រោយ: August 23, 2015
- ប្រធានបទ: រូបថត
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
នាង ម៉ារីលីន ម៉ុនរ៉ូ ត្រូវបានគេស្គាល់ថា និមិត្តរូបនៃសម្ផស្ស និងភាពស៊ិចស៊ី របស់ស្ត្រីនៅក្នុងពិភពលោក។ នៅពេលដែលរំលឹក ពីតារាភាពយន្ដ ក្នុងទសវត្សន៍ឆ្នាំ៥០ រូបនេះ គេត្រូវតែនឹកទៅដល់ រូបរាងរាប់ទាំងដើមទ្រូង ដ៏ទ្រលុកទ្រលន់ និងភាពក្លាហានដំបូងគេ របស់ស្ត្រី ដែលហ៊ានថតបញ្ចេញសាច់ នៅពីមុខម៉ាស៊ីនថត។
ប៉ុន្តែបើនិយាយមកវិញ ពីប្រវត្តិនៃការចូលប្រឡូកដំបូង ក្នុងវិស័យភាពយន្ដនៅហូលីវូដ កាលពីឆ្នាំ១៩៤៩នោះ នាងគ្រាន់តែជាយុវតីមួយរូប ដូចគេដូចឯង ដែលបានព្យាយាម ស្វែងរកការបញ្ចូលខ្លួន ទៅក្នុងពិភពនៃផ្ទាំងសំពត់ស។
នៅសម័យកាលនោះ ពាក្យចចាមអារាមបាននិយាយថា នាងបានសុខចិត្តថតស្រាត ប្ដូរយកប្រាក់ ៥០ដុល្លា ដើម្បីបង់ថ្លៃឈ្នួលផ្ទះ។ រហូតមកដល់បច្ចុប្បន្ន គេបានដឹងកាន់តែច្បាស់ថា ពាក្យចចាមអារាមនេះ ជារឿងពិត ដោយហេតុថា រាល់រូបថតរបស់នាង ថតបញ្ចេញសាច់ ទើបនឹងត្រូវបានយកមកបង្ហាញជាសាធារណៈ កាលពីដើមខែនេះ ក្នុងក្រុង ឡូស អេនជឺឡេស (Los Angeles)។
រូបថតបញ្ចេញសាច់ដំបូងគេ របស់នាង ម៉ារីលីន ម៉ុនរ៉ូ ត្រូវបានថតដោយជាងថតអាជីព លោក ថម ឃីឡី (Tom Kelley) ដែលល្បីល្បាញខាងថតរូបតារាល្បីៗជាច្រើន នៅក្នុងទសវត្សន៍ឆ្នាំ៤០ និង៥០។ រូបថតដើម ត្រូវបានចេញផ្សាយដំបូង នៅក្នុងប្រតិទិន «Golden Dreams» នាឆ្នាំ១៩៥២ ហើយបន្ទាប់មក ត្រូវបានទស្សនាវដ្ដីស៊ិចស៊ីដ៏ល្បី ឈ្មោះ «Playboy» យកមកផ្តិតដាក់នៅទំព័រមុខ នាឆ្នាំ១៩៥៣។ ការចុះផ្សាយទាំងនេះ បានធ្វើឲ្យនាង ម៉ារីលីន ម៉ុនរ៉ូ ក្លាយជាតារាមួយរូប ដែលគេស្គាល់កាន់តែច្រើនឡើង។
ប៉ុន្តែអ្វីដែលចម្លែកនោះ គឺរូបថតជាច្រើន ត្រូវបានប្រើប្រាស់ ដើម្បីបង្កើតទៅរូបថតបញ្ចេញសាច់ របស់តារាភាពយន្ដ ហើយទើបនឹងត្រូវបានគេហទំព័រមួយ ឈ្មោះ «Limited Runs» យកមកផ្សព្វផ្សាយ នៅក្នុងអាជីវកម្មរូបថតចាស់ៗ របស់ខ្លួន។ រូបថតទាំងនេះ ថែមទាំងត្រូវបាន យកមកដាក់តាំង នៅក្នុងពិពណ៌ «Marilyn Monroe: Red Velvet Collection» នាក្រុង ឡូសអេនជឺឡេស កាលពីថ្ងៃទី១ ខែសីហានេះ ហើយធ្វើឲ្យគេយល់ថា រូបថតបញ្ចេញសាច់ ដែលត្រូវបានអះអាង ថាជា«រូបដើម»របស់នាង ម៉ុនរ៉ូ នោះ ជាសម្មិទ្ធផល នៃការកាត់ត និងបន្ថែមបន្ថយ ពីរូបថតជាច្រើន ពោលគឺតាំងពីកម្មវិធីកំព្យូទ័រ នៅមិនទាន់ឃើញស្រមោលរបស់ខ្លួនម្លេះ៕
» រូបថតដែលគេឲ្យតម្លៃថា ជារូបថត«ដើម»៖
» រូបថតដែលទើបនឹងបង្ហាញ ថាជារូបភាពកាត់ត ដើម្បីឈានទៅដល់រូបថត«ដើម»៖