បារាំង៖ បាញ់ទោងឡើងលើ ធ្លាក់មកវិញដាច់ខ្សែ របួសម្នាក់
- ដោយ: សេក មនោរកុមារ អត្ថបទ និងយកការណ៍៖ សេក កុមារ ([email protected]) - បារីស ថ្ងៃទី០៩ សីហា ២០១៥
- កែប្រែចុងក្រោយ: August 10, 2015
- ប្រធានបទ: គ្រោះថ្នាក់
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
នៅទ្វីបអ៊ឺរ៉ុប ការស្វែងរកអារម្មណ៍រំភើប តាមរយៈលេងល្បែងដ៏គ្រោះថ្នាក់ សឹងតែក្លាយជាជីវិតប្រចាំថ្ងៃ សម្រាប់យុវវ័យនៅទីនោះទៅហើយ។ ប៉ុន្តែបើគ្នាចង់រកអារម្មណ៍ «ភើតពោះ» ខ្លាំងនោះ ក៏មិនដល់ថ្នាក់ដាច់ខ្សែទោង យ៉ាងដូច្នេះដែរ។ ប៉ុន្តែជាសំណាងមួយ ក្នុង១០០០គ្រោះថ្នាក់ ដែលហេតុការណ៍នេះ បង្កឲ្យមនុស្សរបួសតែម្នាក់។
ហេតុការណ៍បានកើតឡើង នៅយប់ថ្ងៃចន្ទ ឈានចូលមកថ្ងៃអង្គារ សប្ដាហ៍មុន នៅក្នុងតំបន់ «Cap d’Agde» ភាគខាងត្បូងនៃប្រទេសបារាំង ខណៈមនុស្សម្នា កំពុងចូលរួមកំសាន្ដសប្បាយ នៅក្នុងសួនល្បែងមួយ ដែលសម្បូរទៅដោយល្បែង «ភើតពោះ» ជាច្រើនដូចយ៉ាង ល្បែងបាញ់ទោង ឡើងលើអាកាសនេះជាដើម។ ទោងនេះ មានលក្ខណៈជាប្រអប់មូល ដែលចងភ្ជាប់ដោយខ្សែពួរយឺត ទៅនឹងដងដោយដ៏វែងចំនួនពីរ ខ្ពស់ឡើងទៅលើ។
ដូចក្នុងវីដេអូខាងលើបង្ហាញស្រាប់ ប្រអប់មូលត្រូវបានបាញ់ឡើងទៅលើ។ ប៉ុន្តែអកុសលនៅពេលធ្លាក់មកវិញ ខ្សែយឺតមួយចំហៀងបានដាច់ ធ្វើឲ្យប្រអប់មូល ត្រូវបានទាញយ៉ាងពេញទំហឹង ទៅបោកត្រឡប់ត្រឡិន នឹងដងដោយម្ខាង របស់ល្បែងនេះ មុននឹងវាឈប់ស្ងៀម។
យុវជនពីរនាក់ ដែលចូលរួមលេងល្បែងនេះ បានជាប់នៅក្នុងប្រអប់មូលនេះ អស់រយៈពេលជាច្រើននាទី មុននឹងក្រុមអ្នកជួយសង្គ្រោះ បានមកដល់ ដើម្បីដោះពួកគេឲ្យចុះមក។ យុវតីម្នាក់ ពីក្នុងចំណោមអ្នកទាំងពីរ អាយុ២៤ឆ្នាំ បានរងរបួសបាក់ជើង ហើយត្រូវបញ្ជូនទៅព្យាបាលភ្លាម នៅមន្ទីរពេទ្យ។ ប៉ុន្តែអាជ្ញាធរបារាំងនៅទីនោះ បានបើកការស៊ើបអង្កេត ទៅលើករណីនេះភ្លាម។ បើតាមម្ចាស់ល្បែងបាញ់ទោងខាងលើ បានអះអាងប្រាប់សារព័ត៌មានតំបន់ថា គ្រោះថ្នាក់នេះ ទំនងបណ្ដាលមកពីខ្សែយឺត ដែលត្រូវបានផលិត ដោយ«ខុសបច្ចេកទេស»៕