CNRP បដិសេធមិនទទួលស្គាល់សកម្មភាព និងសេចក្ដីថ្លែងការណ៍បុគ្គល
- ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ប៉ារីស ថ្ងៃទី១៥ វិច្ឆិកា ២០១៧
- កែប្រែចុងក្រោយ: November 15, 2017
- ប្រធានបទ: នយោបាយខ្មែរ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
គណបក្សសង្គ្រោះជាតិ បានចេញមុខ មកបដិសេធរាល់សកម្មភាព និងសេចក្ដីថ្លែងការណ៍ទាំងឡាយណា ដែលមានលក្ខណៈបុគ្គល និងដែលមិនមែនជាការសម្រេច របស់គណបក្ស ថាមិនមានជាប់ពាក់ព័ន្ធ នឹងគណបក្សនោះទេ។ នេះ បើតាមសេចក្ដីប្រកាសព័ត៌មាន ដែលចេញផ្សាយក្នុងរសៀលថ្ងៃនេះ (ម៉ោងនៅភ្នំពេញ) និងត្រូវបានអ្នកសារព័ត៌មានទទួលបាន នៅមុននេះ។
សេចក្ដីប្រកាសព័ត៌មាន បានសរសេរថា៖ «គណបក្សសង្គ្រោះជាតិ សូមបដិសេធទាំងស្រុង នូវរាល់សកម្មភាព និងសេចក្ដីថ្លែងការណ៍ទាំងឡាយណា ដែលគណបក្សមិនបានសម្រេច ដោយមិនមានហត្ថលេខាសង្ខេប របស់អ្នកទទួលខុសត្រូវ និងត្រារបស់គណបក្ស»។
គណបក្សប្រឆាំងធំជាងគេមួយនេះ បានបញ្ជាក់នៅក្នុង សេចក្ដីប្រកាសព័ត៌មានដដែលថា ខ្លួន«មិនទទួលខុសត្រូវ ចំពោះរាល់សកម្មភាព និងរាល់សេចក្ដីថ្លែងការណ៍ទាំងឡាយណា ដែលមានលក្ខណៈជាបុគ្គលនោះឡើយ»។
គួរឲ្យកត់សម្គាល់ដែរថា សេចក្ដីប្រកាសព័ត៌មាននេះ ធ្វើឡើងតែប៉ុន្មានម៉ោង មុនថ្ងៃបើកសវនាការ របស់តុលាការកំពូល ដែលត្រូវជំនុំជម្រះ ករណីបណ្ដឹងស្នើសុំ រំលាយគណបក្សសង្គ្រោះជាតិ នៅព្រឹកថ្ងៃទី១៦ ខែវិច្ឆិកាស្អែក៕