សត្វពស់ថ្លាន់យក្សមួយក្បាលនេះ មិនគួរលេបសត្វកាំប្រមាទេ
- ដោយ: សេក មនោរកុមារ អត្ថបទ ៖ សេក មនោរកុមារ ([email protected]) - ប៉ារីស ថ្ងៃទី២៤ មិថុនា ២០១៥
- កែប្រែចុងក្រោយ: July 12, 2015
- ប្រធានបទ: នាទីសត្វ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ហេតុការណ៍ បានកើតឡើង ដោយកម្រជាទីបំផុត ដោយហេតុថា សត្វពស់ថ្លាន់យក្សទំហំប៉ុណ្ណេះ អាចលេបសត្វកាំប្រមាទំងន់ប៉ុននេះ បានដោយមិនមានបញ្ហាអ្វីឡើយ បើទោះជាវាមាន រោមស្រួចវែងៗក៏ដោយ។ នេះបើតាមការថ្លែងឲ្យដឹង ពីសំណាក់បុគ្គលិកមួយរូប ប្រចាំនៅឧទ្យានធម្មជាតិ អ្នកស្រី ជើនីហ្វើរ ហ្វូល័រ (Jennifer Fuller)។ សត្វពស់យក្សប្រភេទនេះ ជាប្រភេទសត្វពស់ ដែលធំជាងគេ នៅទ្វីបអាហ្វ្រិក។ វាមានបណ្ដោយ ប្រវែង៦ម៉ែត្រ និងមានទម្ងន់ ១០០គីឡូក្រាម។ វាមានសមត្ថភាព អាចលេបសត្វឈ្លូស ធំពេញរូបរាងមួយទាំងមូលបាន។
បើវាមានលទ្ធភាពម្លឹងៗ ហេតុអ្វីបានជាវាលេប ត្រឹមសត្វកាំប្រមាមួយ បែរជាជួបគ្រោះ រហូតដល់ស្លាប់? ចម្លើយ៖ មកពីវាមានអារម្មណ៍ថា «តឹងតែង»។ សត្វពស់ថ្លាន់យក្ស ដែលមានទំហំធំបែបនេះ ទំនងជាមានអារម្មណ៍ តឹងតែងខ្លាំងណាស់ នឹងទស្សនិកជនជាច្រើននាក់ ដែលបានមកមើលវានៅក្នុងឧទ្យាន ខណៈពេលវាកំពុងលេបសត្វកាំប្រមា។ អ្នកស្រី ជើនីហ្វើរ ហ្វូល័រ បានថ្លែងពន្យល់ថា៖ «នៅពេលមានមនុស្សច្រើន នៅជុំវិញខ្លួនវា សត្វនេះវាធុញទ្រាន់ ពិបាកក្នុងអារម្មណ៍ណាស់។ ហើយនៅពេលដែលសត្វពស់ថ្លាន់ មានអារម្មណ៍មិនស្រួល វាអាចនឹងព្រលែង ចំណីដែលវាកំពុងរឹត ឬកំពុងលេប ចោល ដើម្បីគេចខ្លួន។»
ដូច្នេះ វាអាចជាហេតុផលមួយ ដែលសត្វកាំប្រមា ត្រូវបានពស់ថ្លាន់លេប តែបែជាជាប់គាំង នៅពាក់កណ្ដាលផ្លូវ មិនចូលទៅដល់ក្រពះ របស់សត្វពស់។ សត្វកាំប្រមា ដែលទើរនៅពាក់កណ្ដាលផ្លូវ ជាមួយនឹងបន្លាស្រួចវែងៗផងនោះ បានចាក់សត្វពស់ស្លាប់ នៅ៧ថ្ងៃ ក្រោយថ្ងៃដែលវាបានលេប ពោលគឺនៅថ្ងៃសៅរ៍ទី ២០ ខែមិថុនា កន្លងមកនេះ៕