អេង ឆៃអ៊ាង និយាយពី«ច្បាប់កាឡៃទាំង៤ របស់ជនផ្ដាច់ការ»
- ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ភ្នំពេញ ថ្ងៃទី១៨ តុលា ២០១៧
- កែប្រែចុងក្រោយ: October 18, 2017
- ប្រធានបទ: នយោបាយខ្មែរ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
គេអាច«រំលាយគណបក្សង្គ្រោះជាតិបាន តែមិនអាចរំលាយឆន្ទៈប្រជាពលរដ្ឋខ្មែរ ពាក់កណ្ដាលនគរបានឡើយ» នេះ ជាការលើកឡើងរបស់លោក អេង ឆៃអ៊ាង អនុប្រធានគណបក្សសង្គ្រោះជាតិ ដោយហៅទង្វើខាងលើ ថាជា«ផលិតផល» ដែលជនផ្ដាច់ការខិតខំបង្កើតឡើង ដើម្បី«ប្លន់ឆន្ទៈប្រជាពលរដ្ឋ» តាមរយៈ«ច្បាប់កាឡៃ»ទាំងបួន។
«ច្បាប់កាឡៃ»ទាំងបួន ត្រូវបានលោក ឆៃអ៊ាង ចង្អុលដោយចំ ទៅលើការអនុម័តច្បាប់ធ្វើវិសោធនកម្ម ទៅលើច្បាប់ចំនួនបួន កាលពីព្រឹកថ្ងៃចន្ទ ទី១៦ ខែតុលា ឆ្នាំ២០១៧ កន្លងមកនេះ ដោយរដ្ឋសភាកម្ពុជា ដែលមានការចូលរួមប្រជុំ តែពីក្រុមតំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា។ ការអនុម័ត ដោយលើកដៃ ពីក្រុមសមាជិកសភាគណបក្សកាន់អំណាច ទាំង៦៧រូប រាប់ទាំងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ផង នឹងជាជំហានឈានទៅដកហូតអាសនៈគណបក្ស ដែលត្រូវរំលាយដោយតុលាការ យកទៅចែកឲ្យគណបក្សដទៃ បើទោះជាគណបក្សទាំងនោះ គ្មានការគាំទ្រ (ឬមានការគាំទ្រតិចតួច) ពីពលរដ្ឋម្ចាស់ឆ្នោតក៏ដោយ។
អនុប្រធានគណបក្សសង្គ្រោះជាតិ បានពន្យល់ថា៖ «ច្បាប់កាឡៃទាំងបួន ដែលតំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា បានកែច្នៃកាលពីព្រឹកថ្ងៃទី១៦ កន្លងមកនេះ មិនអាចយកមកប្រើប្រាស់ ដើម្បី "ប្លន់ឆន្ទៈប្រជាពលរដ្ឋ" បានឡើយ។ ឯតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ទាំង៥៥រូប គឺជាតំណាងស្របច្បាប់ របស់ប្រជាពលរដ្ឋពាក់កណ្តាលប្រទេស ដែលទទួលស្គាល់ ពីសហគមន៍អន្តរជាតិ។»
លោក អេង ឆៃអ៊ាង បានបន្តទៀតថា៖ «ប្រជាពលរដ្ឋខ្មែរ និងសហគមន៍អន្តរជាតិ នឹងមិនទទួលស្គាល់ផលិតផល ដែលជនផ្តាច់ការនឹងបង្កើតចេញ ពីច្បាប់កាឡៃទាំងបួន នាពេលខាងមុខនេះឡើយ»។
លោក អ៊ូ វីរៈ អ្នកវិភាគនយោបាយ និងជាអ្នកឃ្លាំមើលបញ្ហាកម្ពុជា យ៉ាងដិតដល់មួយរូបនោះ បានលើកឡើងដោយប្រយោល តែហាក់មានន័យដូចគ្នា ទៅនឹងការលើកឡើង របស់មេដឹកនាំបក្សប្រឆាំងខាងលើដែរ។ លោកថា៖ «ចាត់ចែងកៅអីងាយ ចាត់ចែងឆន្ទះពិបាកណាស់»៕
ចាត់ចែងកៅអីងាយ ចាត់ចែងឆន្ទះពិបាកណាស់។
— Virak Ou (@ouvirak) 18 octobre 2017