សហភាព​អន្តរ​សភា​ទាមទារ​ឲ្យ​ដោះលែង កឹម សុខា ជា​បន្ទាន់

សហភាពអន្តរសភា ដែលហៅជាភាសាអង់គ្លេស «Inter-Parliamentary Union» និងជាអក្សរកាត់ «IPU» បានអនុម័តសេចក្តីសម្រេចចិត្តមួយ កាលពីថ្ងៃទី១៨ ខែតុលាម្សិលម៉ិញនេះ សម្ដែងការសោកស្ដាយ យ៉ាងជ្រាលជ្រៅ ចំពោះការចាប់ខ្លួនលោក កឹម សុខា ប្រធានគណបក្សសង្រ្កោះជាតិ ដែលស្ថាប័នអន្តរជាតិមួយនេះ ហៅថាជាការរំលោភបំពាន លើអភ័យឯកសិទ្ធិ និងរដ្ឋធម្មនុញ្ញកម្ពុជា។
សហភាព​អន្តរ​សភា​ទាមទារ​ឲ្យ​ដោះលែង កឹម សុខា ជា​បន្ទាន់
លោក កឹម សុខា (ខាងស្ដាំ) អង្គុយបត់ជើងឱបម្ដាយរបស់លោក ក្នុងថ្ងៃខួបកំណើតរបស់លោក កាលពីចុងខែមិថុនាកន្លងទៅ។ (រូបថតលើហ្វេសប៊ុក)
Loading...
  • ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ប៉ារីស ថ្ងៃទី១៩ តុលា ២០១៧
  • កែប្រែចុងក្រោយ: October 19, 2017
  • ប្រធានបទ: នយោបាយខ្មែរ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ស្ថាប័នអន្តរជាតិដ៏ធំមួយទៀត បានចេញមុខធ្វើប្រតិកម្ម ទៅនឹងវិបត្តិនយោបាយ ដែលបានកើតឡើងយ៉ាងពុះកញ្ជ្រោល នៅក្នុងប្រទេសកម្ពុជា។ សហភាព​អន្តរសភា ហៅជាភាសាអង់គ្លេស «Inter-Parliamentary Union» និងជាអក្សរកាត់ «IPU» ដែលកំពុងជួបប្រជុំ នៅក្នុងក្រុង សាំងភីធើស្បួរ (St. Petersburg) ភាគខាងលិចនៃប្រទេសរ៉ុស្ស៊ី បានហៅស្ថានភាពនយោបាយចុងក្រោយបង្អស់ នៅកម្ពុជានេះ ថាមានលក្ខណៈ«ដ៏អាក្រក់» បន្ទាប់ពីសមាជិកគណបក្សប្រឆាំង ចំនួន១៥រូប នៅក្នុងប្រទេសនេះ ត្រូវបានចាប់ខ្លួនជាបន្តបន្ទាប់ និងបានអំពាវនាវឲ្យមានការវិលត្រឡប់ មកកាន់សភាពការណ៍ធម្មតាឡើងវិញ។

សេចក្ដីប្រកាសព័ត៌មានមួយ របស់សហភាពអន្តរសភា កាលពីថ្ងៃទី១៨ ខែតុលាម្សិលម៉ិញ បានចេញផ្សាយ ដោយដាក់ចំណងជើងថា «វិបត្តិនយោបាយបានកើនឡើង នៅទូទាំងពិភពលោក ដោយសារការរំលោភសិទ្ធិមនុស្ស មកលើសមាជិកសភាបក្សប្រឆាំង» និងបានផ្ដោតសំខាន់ ទៅលើប្រទេសចំនួន៤ រួមមាន៖ ប្រទេសកម្ពុជា វ៉េណេស៊ុយអេឡា ទួរគី និងប្រទេសម៉ាល់ឌីវ។

សហភាពអន្តរសភា បានសរសេរជាពិសេស នៅក្នុងសេចក្ដីប្រកាសព័ត៌មានថា៖ «នៅដើមខែកញ្ញា ឆ្នាំ២០១៧ ប្រធានគណបក្សសង្គ្រោះជាតិ គឺលោក កឹម សុខា ត្រូវបានចាប់ខ្លួន។ ភស្តុតាងសំខាន់ ដែលត្រូវបានយកមកប្រើ ដើម្បីជាទឡ្ហីករណ៍ ឈានទៅដល់ការឃុំឃាំងលើរូបលោក គឺជាក្លីបវីដេអូនៃសុន្ទរកថាសាធារណៈ ដែលលោកបានថ្លែង ទៅកាន់សហគមន៍កម្ពុជា-អូស្ត្រាលី នៅក្នុងប្រទេសអូស្ត្រាលី កាលពីចុងឆ្នាំ២០១៣។»

សេចក្ដីប្រកាសព័ត៌មាន បានបន្តសរសេរទៀតថា៖ «សហភាពអន្តរសភា សោកស្តាយចំពោះអង្គហេតុ ដែលក្លីបវីដេអូនេះ ត្រូវបានគេប្រើជាភស្តុតាង ដើម្បីចោទប្រកាន់ ពីបទក្បត់ជាតិ ហើយសូមទាមទារឲ្យដោះលែងលោក កឹម សុខា ជាបន្ទាន់ ដើម្បីអនុញ្ញាតឱ្យលោក បន្តបំពេញភារកិច្ចជាសមាជិកសភា និងជាប្រធានគណបក្សប្រឆាំង»។

ក្នុងឱកាសនេះ សហភាពអន្តរសភា បានជំរុញទៅអាជ្ញាធរកម្ពុជា ដើម្បី«អនុញ្ញាតឱ្យមានការវិលត្រឡប់ នៃសមាជិកសភាគណបក្សប្រឆាំង ដែលត្រូវបានបង្ខំឱ្យនិរទេសខ្លួន ដើម្បីពួកគេអាចធ្វើយុទ្ធនាការដោយសេរី នៅក្នុងការបោះឆ្នោតជាតិ នាឆ្នាំ២០១៨ខាងមុខ»។

សម្រាប់រដ្ឋាភិបាល និងគណបក្សប្រជាជនកម្ពុជា ធ្លាប់បានឆ្លើយតបជាច្រើនដងហើយ អំពីករណីចាប់ខ្លួនលោក កឹម សុខា ដោយហៅចំណាត់ការនេះ ជាការអនុវត្តន៍នីតិរដ្ឋនៅកម្ពុជា ដោយសារប្រធានគណបក្សប្រឆាំង ប្រព្រឹត្តិទង្វើខុសច្បាប់ មានបំណងចង់ធ្វើ«បដិវត្តន៍ពណ៌» រំលំរដ្ឋាភិបាលស្របច្បាប់។ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ខ្លួនលោកក៏បានធ្វើប្រតិកម្មដែរ កាលពីម្សិលម៉ិញ ដោយភ្ជាប់ករណីចាប់ចង មេដឹកនាំបក្សប្រឆាំងកម្ពុជា ទៅនឹងចំណាត់ការផ្លូវច្បាប់ ទៅលើក្រុមមេដឹកនាំ នៅក្នុងប្រទេសផ្សេងទៀត ដូចជាសហរដ្ឋអាមេរិក និងប្រទេសកូរ៉េខាងត្បូងជាដើម។

តែហេតុផលលើកឡើង ដោយរដ្ឋាភិបាលកម្ពុជា បានរងការរិះគន់មកវិញ ពីក្រុមគណបក្សប្រឆាំង និងក្រុមអ្នកឃ្លាំមើលឯករាជ្យ ដោយលើកឡើងពីប្រព័ន្ធតុលាការនៅកម្ពុជា ដែលនៅតែស្ថិតក្រោមឥទ្ធិពលនយោបាយ និងគ្រាន់តែជាមធ្យោបាយមួយ របស់រដ្ឋាភិបាល និងគណបក្សកាន់អំណាច ដើម្បីឈានទៅធ្វើការចាប់ចង ក្រុមអ្នករិះគន់ប៉ុណ្ណោះ។

យ៉ាងណា សហភាពអន្តរសភា ដែលមានទីស្នាក់ការកណ្ដាល ក្នុងក្រុងហ្សឺណែវ ប្រទេសស្វីស នៅបានអះអាងបន្តថា បេសកកម្មមួយ​ដើម្បីស្វែងរកការពិត ដោយគណៈកម្មាធិការស្តីពីសិទ្ធិមនុស្ស របស់សមាជិកសភា នៃសហភាពអន្តរសភា អាចនឹងត្រូវបញ្ជូន ទៅកាន់ប្រទេសកម្ពុជា នាពេលអនាគតដ៏ខ្លីខាងមុខ។ គណៈកម្មាធិការមួយនេះ របស់សហភាពអន្តរសភា មានភារកិច្ច «ផ្តល់ការការពារ និងការដោះស្រាយ ចំពោះសមាជិកសភានីមួយៗ ដែលប្រឈមនឹងការរំលោភសិទ្ធិមនុស្ស»។ នេះ បើតាមសេចក្ដីប្រកាសព័ត៌មានដដែល។

សេចក្ដីប្រកាសព័ត៌មាន បានបញ្ជាក់បន្តថា៖ «ក្នុងអំឡុងពេលមហាសន្និបាត នាឆ្នាំ២០១៨នេះ សហភាពអន្តរសភា បានអនុម័តសេចក្ដីសម្រេចរបស់គណៈកម្មាធិការខាងលើ ចំពោះសមាជិកសភា ចំនួន២០០នាក់ មកពី១១ប្រទេស ដែលក្នុងនោះ សមាជិគសភាភាគច្រើន មកពីប្រទេសចំនួនបួន គឺប្រទេសតួកគី វ៉េណេស៊ុយអេឡា ម៉ាល់ឌីវ និងកម្ពុជា»៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...