អ.ស.ប ផ្នែកសិទ្ធិមនុស្សជំរុញឲ្យ ហ៊ុន សែន ចរចាជាមួយបក្សប្រឆាំង
- ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ប៉ារីស ថ្ងៃទី១៧ សីហា ២០១៨
- កែប្រែចុងក្រោយ: August 17, 2018
- ប្រធានបទ: នយោបាយខ្មែរ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
«ដោយសារថា ឥឡូវនេះលទ្ធផលជាផ្លូវការ នៃការបោះឆ្នោតជាតិ ត្រូវបានប្រកាសកាលពីថ្ងៃពុធ យើងសូមអំពាវនាវ ដល់រដ្ឋាភិបាលកម្ពុជា ឲ្យបង្កើតបរិយាកាសមួយ សម្រាប់ការជជែក ពិភាក្សានយោបាយមួយ បើកចំហ និងមានលក្ខណៈបរិយាបន្ន ដែលអនុញ្ញាត ឲ្យសម្លេងទាំងអស់ នៅកម្ពុជា ត្រូវបានគេស្តាប់ដឹងឮ» នេះ ជាការអះអាងឡើង របស់អ្នកស្រី រ៉ាវីណា សាមដាសានី (Ravina Shamdasani) អ្នកនាំពាក្យរបស់ស្នងការជាន់ខ្ពស់ របស់អង្គការសហប្រជាជាតិ ទទួលបន្ទុកខាងសិទ្ធិមនុស្ស។
នៅក្នុងសេចក្ដីថ្លែងការណ៍មួយ ដែលធ្វើចេញ ពីទីស្នាក់ការកណ្ដាល របស់ស្ថាប័នពិភពលោកនេះ នៅក្រុងហ្សឺណែវ ប្រទេសស្វីស ក្នុងថ្ងៃសុក្រទី១៧ ខែសីហានេះ អ្នកនាំពាក្យរូបនេះ បានសំដែងនូវ«កង្វល់ អំពីបរិយាកាសសិទ្ធិមនុស្ស ជុំវិញការបោះឆ្នោត ដែលបានប្រព្រឹត្តទៅ កាលពីពេលថ្មីៗនេះ នៅ ប្រទេសកម្ពុជា ដោយមិនមានការចូលរួម ពីគណបក្សប្រឆាំងមួយដ៏សំខាន់ ដែលត្រូវបានរំលាយ គឺគណបក្សសង្គ្រោះជាតិ»។
អ្នកស្រី រ៉ាវីណា សាមដាសានី បានបន្តថា៖ «បញ្ហានេះ បានបន្សល់ទុកប្រជាពលរដ្ឋ ក្នុងចំនួនសមាមាត្រដ៏ធំ ដែលមិនបានជ្រើសរើសតំណាងរបស់ខ្លួន ហើយដែលបណ្តាល ឲ្យមានកង្វល់ ចំពោះសិទ្ធិរបស់ប្រជាពលរដ្ឋ ក្នុងការចូលរួម ក្នុងជីវភាពនយោបាយ។ មានសេចក្តីរាយការណ៍ថា ប្រជាពលរដ្ឋត្រូវគេគំរាមកំហែង ឬទិញសំលេងបោះឆ្នោត ហើយអង្គការសង្គមស៊ីវិលមួយចំនួន បានប្រឈមនឹងការយាយី រំខាននៅក្នុងការបោះឆ្នោត។»។
«គេហទំព័រដ៏ពេញនិយម ចំនួនដប់ប្រាំពីរ (Editor's Note: ក្នុងនោះ ក៏មានគេហទំព័ររបស់ទស្សនាវដ្ដី មនោរម្យ.អាំងហ្វូ មួយដែរ) ត្រូវបានបិទ នៅអំឡុងថ្ងៃបោះឆ្នោត។ មានការរឹតបន្តឹងបន្ថែមទៀត ទៅលើសេរីភាព ក្នុងការបញ្ចេញមតិ របស់អ្នកបោះឆ្នោត និងគូប្រជែងនយោបាយ ដែលបានអំពាវនាវ ឲ្យមានការធ្វើពហិការ ឬប្រកាសពីចេតនារបស់ខ្លួន ក្នុងការមិនចេញទៅបោះឆ្នោត នៅក្នុងការបោះឆ្នោត រួមទាំងតាមរយៈការគំរាមកំហែង ការពិន័យជាប្រាក់ និងការចាត់វិធានការ តាមផ្លូវច្បាប់ជាដើម។»
អ្នកនាំពាក្យ បានសង្កត់ធ្ងន់ថា៖ «យើងជម្រុញឲ្យរដ្ឋាភិបាល បញ្ឈប់ការចាត់វិធានការផ្លូវច្បាប់ ក្នុងករណីបែបនេះ។ តាមច្បាប់សិទិ្ធមនុស្ស សិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ ការពារការអំពាវនាវ ឲ្យធ្វើពហិការ ក្នុងការបោះឆ្នោតមួយ ដែលមិនមានលក្ខណៈជាកំហិត។»
«យើងជម្រុញឲ្យរដ្ឋាភិបាល ដោះលែងអ្នកនយោបាយ គណបក្សប្រឆាំង អ្នកសារព័ត៌មាន អ្នកការពារសិទ្ធិមនុស្ស និងប្រជាពលរដ្ឋសាមញ្ញ ដែលត្រូវបានគេឃុំខ្លួន ដោយសារតែការអនុវត្តសិទិ្ធមនុស្ស ជាពិសេស សិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ។ យើងសូមអំពាវនាវផងដែរ ដល់រដ្ឋាភិបាល ឲ្យលុបចោលបម្រាម ទៅលើគូប្រជែង មិនឲ្យចូលរួម ក្នុងសកម្មភាពនយោបាយ ការពារនិងពង្រីកលំហ សម្រាប់សកម្មភាពសង្គមស៊ីវិល។»
សេចក្ដីថ្លែងការណ៍ដដែល បានពន្យល់ថា៖ «ការគោរពសិទិ្ធមនុស្ស និងសង្គមស៊ីវិលមួយ ដែលរស់រវើក ដែលមានលំហ សម្រាប់ការជជែកដេញដោល សូម្បីតែអំពីបញ្ហាស្មុគស្មាញ និងមានលក្ខណៈវាប្បដិវាទ គឺជាគ្រឿងផ្សំដ៏សំខាន់ ប្រសិនជាជម្លោះ នៅក្នុងអតីតកាល នឹងត្រូវបានបញ្ចៀស ហើយប្រសិនជាការអភិវឌ្ឍ នឹងត្រូវធ្វើប្រកបដោយសន្តិភាព និងនិរន្តរភាព»៕