«មើលមិនឃើញលោកប្រមុខទេ» សំណើចខ្លីៗ
- ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ប៉ារីស ថ្ងៃទី១៧ សីហា ២០១៨
- កែប្រែចុងក្រោយ: August 18, 2018
- ប្រធានបទ: រឿងខ្លី
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ថ្ងៃនេះ លោក ខឹម វាសនា ប្រមុខបក្សសម្ព័ន្ធជួង បានជួបពិគ្រោះ ជាមួយគ្រូទាយមួយរូប។ បន្ទាប់ពីសូត្រផ្លុំមន្ដអាគមបន្តិចមក លោកគ្រូទាយរូបនោះ បានបើកភ្នែកឡើង រួចនិយាយទៅកាន់លោកប្រមុខថា៖
- ខ្ញុំឃើញលោក នៅក្នុងរថយន្ដដ៏ប្រណិតមួយគ្រឿង បើកដំបូល និងបើកបរ នៅលើមហាវិថីដ៏ធំមួយ នៅក្នុងចំណោមមនុស្សដ៏ពពាក់ពពូន។
លោក ខឹម វាសនា ញញឹម រួចសួរឡើង៖
- ហើយមនុស្សទាំងអស់ហ្នឹង រីករាយអឺងកងឬទេ?
- គឺខ្លាំងក្លាណាស់។ មិនដែលធ្លាប់មាន ពីមុនមកទេ...
- ហើយមានមនុស្សរត់តាម ពីក្រោយរថយន្តទៀត មិនអញ្ចឹងឬ?
- អូ មិនត្រឹមតែរត់តាមទេ គឺមានមនុស្សទាំងសងខាងរថយន្ដ... ច្រើនមែនទែន! មានទាំងកងកម្លាំងនគរបាល មកបើកផ្លូវឲ្យទៀត តែដូចជាមិនស្រួលប៉ុន្មានទេ។
- ពួកគេទាំងហ្នឹង មានកាន់ទង់គ្រវីខ្លាំងណាស់ មែនឬទេ?
- ត្រឹមត្រូវហើយ ជាពិសេសគ្រវីទង់ជាតិ ហើយខ្លះទៀត ថែមទាំងកាន់បដាមានសរសេរថា នេះជាក្ដីសង្ឃឹម នៃប្រទេសជាតិរបស់យើង។
- ដល់ថ្នាក់ហ្នឹងផង! ពួកគេច្បាស់ជាស្រែកអឺងកងណាស់?
- មិនខុសទេ! ជាពិសេស ពួកគេស្រែកថា ពីថ្ងៃនេះទៅ ពួកគេលែងបារម្ភទៀតហើយ។
លោកប្រមុខ ទ្រាំញញឹមមិនចេញធ្មេញមិនបាន។ លោកបានសួរគ្រូទាយបន្តថា៖
- ចុះខ្ញុំ? ខ្ញុំមានប្រតិកម្មបែបណា ទៅនឹងហ្វូងមនុស្សទាំងហ្នឹង?
- អឺ...សម្រាប់រូបលោកផ្ទាល់?... និយាយតាមត្រង់ ខ្ញុំមើលមិនឃើញលោក មានសកម្មភាពអ្វីសោះតែម្ដង...
- ហេតុអី?
- ព្រោះក្ដារមឈូសបិតគម្របជិត៕