នាយ​វីតាមីនសេ បាន​លាចាក​លោក​ហើយ ក្នុង​យប់​នេះ

បន្ទាប់ពីបានប្រយុទ្ធ ទល់នឹងជំងឺមហារីកដ៏រ៉ាំរ៉ៃ អស់រយៈពេលជាច្រើនខែឆ្នាំ លោក មាស សាមឿន ហៅនាយវីតាមីនសេ តារាកំប្លែងដ៏ល្បី បានផុតដង្ហើម នៅមុននេះបន្តិច នៅឯគេហដ្ឋានរបស់លោក។ គឺកូនប្រុសរបស់លោក ជាអ្នកបញ្ជាក់ពីមរណភាព របស់ឪពុកលោក ដោយមានភ្ជាប់មកជាមួយ នូវរូបថតចុងក្រោយ របស់លោក មាស សាមឿន នោះផង។
នាយ​វីតាមីនសេ បាន​លាចាក​លោក​ហើយ ក្នុង​យប់​នេះ
រូបថតលោក មាស សាមឿន នៅមុនលោកផុតដង្ហើម និងរូបថត ដែលលោកថត ជាមួយកូនប្រុស។ (រូបថតលើហ្វេសប៊ុក)
Loading...
  • ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ភ្នំពេញ ថ្ងៃទី២៩ មីនា ២០១៨
  • កែប្រែចុងក្រោយ: March 29, 2018
  • ប្រធានបទ: ជីវិត​សិល្បករ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ដំណឹងដ៏សោកសង្រេង សម្រាប់ពិភពសិល្បៈខ្មែរ បានធ្លាក់មកដល់ ក្នុងយប់ថ្ងៃទី២៩ ខែមីនានេះ។ កូនប្រុសនាយ «វីតាមីសេ» បានសរសេរនៅមុននេះបន្តិច លើបណ្ដាញសង្គមថា៖ «លោកប៉ា​ទៅចោលកូនៗហើយ! កូនស្រលាញ់លោកប៉ា។ ស្នាមញញឹម ដែលលោកប៉ាធ្លាប់មានឲ្យកូន កូនលែង​បាន​ឃើញទៀត​ហើយ។»។

លោក មាស សាមឿន ហៅនាយវីតាមីនសេ ដែលជាសិល្បករកំប្លែងដ៏ល្បី រួមជំនាន់ រួមក្រុមជាមួយនឹងនាយកុយ បានលាចាកលោក ក្នុងអាយុ៦៩ឆ្នាំ នៅប៉ុន្មានជាពីរម៉ោងមុននេះ នៅក្នុងគេហដ្ឋានរបស់លោក ដែលស្ថិតនៅក្នុងផ្លូវ​ ២៧១ ម្ដុំត្រឡោក​បែក រាជធានីភ្នំពេញ​។

លោក «វីតាមីនសេ» ត្រូវបានក្រុមគ្រួសារ សម្រេចបញ្ជូនចេញ ពីមន្ទីរពេទ្យកាលម៉ែត្រ កាលពីរសៀលថ្ងៃនេះ ដើម្បីយករូបលោក ត្រឡប់ទៅផ្ទះវិញ មុននឹងរៀបចំពិធី«សង្ឃទាន»មួយឡើង។ លោកមានជំងឺមហារីកថ្លើម ដ៏រ៉ាំរ៉ៃ ហើយនៅក្នុងរយៈពេលចុងក្រោយ ក្រុមគ្រួសារបានជ្រើសរើស ការព្យាបាលនៅក្នុងមន្ទីរពេទ្យក្នុងស្រុក ជាជាងបញ្ជូនលោក ទៅព្យាបាលនៅក្រៅប្រទេស ខណៈដឹងថា នឹងមិនមានគ្រូពេទ្យណា អាចព្យាបាលជំងឺលោក ឲ្យធូរស្រាលបានឡើយ។

អ្នកនាង «ប៉េងប៉ោង» ដែលជាកូនស្រីរបស់លោក បានថ្លែងពីក្ដីអស់សង្ឃឹម របស់អ្នកនាង និងគ្រួសារ នៅមុនពេលលោក មាស សាមឿន ត្រូវដឹកចេញពីមន្ទីរពេទ្យថា៖ «ប៉ា​នៅ​បន្ទប់​សង្គ្រោះ​បន្ទាន់​ កាល់ម៉ែត្រ​។ ពេទ្យ​ថា យើង​អស់​សង្ឃឹម​ មែន​ទែន​ហើយ​បង ខ្ញុំ​កំពុង​ឲ្យ​គេ​រៀបចំ​ផ្ទះ​ ដឹក​គាត់​ទៅ។»។

ដំណឹងពីដង្ហើមចុងក្រោយ របស់លោក «វីតាមីនសេ» បានបង្កឲ្យមានភាពរន្ធត់ ជាទូទៅ ក្នុងចំណោមអ្នកសិល្បៈ និងអ្នកគាំទ្រ រាប់ចាប់តាំងពីលោក ជួន ជី ហៅនាយកុយ ដែលបានរួមអាជីព ជាមួយលោក «វីតាមីនសេ» អស់រយៈពេល ជាង៣០ឆ្នាំមកនោះ។ ស្ថិតក្នុងសភាព រលីងរលោងទឹកភ្នែក ពេលរូបលោក មាស សាមឿន ត្រូវបានបញ្ជូនទៅដល់ផ្ទះ «នាយកុយ» បានថ្លែងឡើងទាំងអួលអាក់ថា លោកចង់និយាយពាក្យប៉ុន្មានម៉ាត់ ជាលើកចុងក្រោយ ប្រាប់ទៅលោក «វីតាមីនសេ» តែមិនអាចនិយាយបានទៀតទេ៕

 
Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...