កាតា អ៊ែរវ៉េស នឹងបើកជើងហោះហើររបស់ខ្លួន មកកម្ពុជា
- ដោយ: សេក មនោរកុមារ
- កែប្រែចុងក្រោយ: October 26, 2012
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ក្រុមហ៊ុនអាកាសចរណ៍របស់ប្រទេសកាតា នឹងបើកការហោះហើរក្នុងពេលខាងមុខរបស់ខ្លួន ឆ្ពោះទៅកាន់រាជធានីភ្នំពេញ ប្រទេសកម្ពុជា ដោយឆ្លងកាត់តាម ទីក្រុងហូជីម៉ិញប្រទេសវៀតណាម។
យន្ដហោះប្រភេទ អ៊ែប៊ូស អា៣៣០-២០០ របស់ក្រុមហ៊ុនអាកាសចរណ៍ កាតា អ៊ែរវេស្ស។
ចាប់ពីថ្ងៃទី ២០កុម្ភះឆ្នាំ២០១៣ទៅ ក្រុមហ៊ុនអាកាសចរណ៍របស់ប្រទេសកាតា ក្នុងឈូងសមុទ្រពែក នឹងបើកការហោះហើរ ប្រចាំថ្ងៃរបស់ខ្លួន ភ្ជាប់ពីប្រទេសរបស់ខ្លួន មករាជធានីភ្នំពេញ នៃប្រទេសកម្ពុជា ជាមួយនឹងយន្ដហោះប្រភេទ អ៊ែប៊ូស អា៣៣០-២០០ (Airbus A330-200) ដែលអាចទទួលអ្នកដំណើរបាន ២៤នាក់ សំរាប់ថ្នាក់អ្នកធ្វើជំនួញ និង២៤៨នាក់ សំរាប់អ្នកដំណើរធម្មតា។ ការហោះហើរនឹងកំណត់ធ្វើក្នុងជំហ៊ានដំបូង នៅថ្ងៃពុធ ព្រហស្បត្តិ៍ និងថ្ងៃសុក្រ ហោះចេញពីទីក្រុងដូហា ប្រទេសកាតា នៅម៉ោង១ម៉១៥នាទីភ្លឺ ហើយឆ្លងកាត់ប្រទេសវៀតណាម (ទីក្រុងហូជីម៉ិញ) ដោយឈប់សំចតនៅទីនោះ ចំនួន៨០នាទី មុននឹងហោះមកដល់រាជធានីភ្នំពេញ នៅម៉ោង១៤ម៉១៥នាទី។ យន្ដហោះដដែល នឹងចាកចេញពីភ្នំពេញ នៅថ្ងៃដដែល នៅម៉ោង១៦ម៉៥០ ដើម្បីត្រឡប់ទៅកាន់ទីក្រុងដូហាវិញ នៅម៉ោង២៣ម៉៣០យប់។ ចំណែកនៅថ្ងៃច័ន្ទ អង្គារ និងថ្ងៃសុក្រ យន្ដហោះនឹងចាកចេញពីទីក្រុងដូហា នៅម៉ោង៧ម៉៣០នាទីព្រឹក ដើម្បីមកដល់រាជធានីភ្នំពេញនៅម៉ោង ២០ម៉៣០នាទីយប់ រួចនឹងចាកចេញពីប្រទេសកម្ពុជាវិញ នៅម៉ោង២២ម៉៥០នាទីយប់ ដើម្បីហោះឆ្ពោះទៅកាន់ទីក្រុងដូហា នៅម៉ោង៥ម៉៣០នាទីស្អែក ដោយកាត់តាមជានិច្ចជាកាល ទីក្រុងហូជីម៉ិញប្រទេសវៀតណាម។
នេះជាទិសដៅនៃការហោះហើរ ទី១១ របស់ក្រុមហ៊ុន កាតា អ៊ែរវេស្ស មកកាន់បណ្ដាប្រទេសអាស៊ីអាគ្នេយ៍។ ហើយការហោះហើរភ្ជាប់មករាជធានីភ្នំពេញនេះ នឹងក្លាយជាការហោះហើរលើកដំបូងគេបង្អស់ ពីក្នុងបណ្ដាប្រទេស នៅឈូងសមុទ្រពែក។ ក្រុមហ៊ុនអាកាសចរណ៍ ដែលធ្វើការហោះហើរមកកាន់ប្រទេសកម្ពុជា សុទ្ធសឹងជាក្រុមហ៊ុនអាកាសចរណ៍ នៅអាស៊ី លើកលែងតែក្រុមហ៊ុនអាកាសចរណ៍បារាំង អ៊ែរហ្វ្រង់ (Air France) តែមួយប៉ុណ្ណោះ ដែលបានភ្ជាប់ការហោះហើររបស់ខ្លួន (ក្នុងពេលនេះ ១ដង ក្នុងមួយសប្ដាហ៍) រវាងពីភ្នំពេញ ទៅទីក្រុងប៉ារីស ក្នុងទ្វីបអ៊ឺរ៉ុប។
គួរកត់សំគាល់ថា រាជធានីភ្នំពេញបានទទួលអោយមានការហោះហើររួចហើយ នូវក្រុមហ៊ុនអាកាសចរណ៍ មានតំលៃថោកជាច្រើន ដូចជា អ៊ែរ អេស៊ីយ៉ា (AirAsia) ចេតស្ដា អេស៊ីយ៉ា អ៊ែរវ៉េស (Jetstar Asia Airways) និងថៃហ្គើរ អ៊ែរវ៉េស (Tiger Airways) បន្ថែមពីលើការហោះហើរផ្សេងទៀត របស់ក្រុមហ៊ុនអាកាសចរណ៍ក្នុងតំបន់ ដូចជា បាងកក អ៊ែរវ៉េស (Bangkok Airways) ថៃ អ៊ែរវ៉េស (Thai Airways) ឆាណា អ៊ែរឡាញ (China Airlines) ឆាណា អ៊ើស្ទើន (China Eastern) ឆាណា សោធើន (China Southern) ដ្រាហ្គូនអ៊ែរ (Dragonair) អេវ៉ា អ៊ែរ (Eva Air) កូរ៉េ អ៊ែរ (Korean Air) អាស៊ីយ៉ាណា អ៊ែរឡាញ (Asiana Airlines) ម៉ាឡេស៊ីយ៉ា អ៊ែរឡាញ (Malaysia Airlines) ស៊ីល អ៊ែរ (SilkAir) និងវៀតណាម អ៊ែរឡាញ (Vietnam Airlines)៕
ទិដ្ឋភាពទូទៅ ក្នុងបន្ទប់សំរាប់ភ្ញៀវចំណាត់ថ្នាក់ធម្មតា។
ទិដ្ឋភាពទូទៅ ក្នុងបន្ទប់សំរាប់ភ្ញៀវចំណាត់ថ្នាក់ ជាអ្នកធ្វើជំនួញ។
------------------------------------------------
ដោយ៖ សេក មនោរកុមារ - ប៉ារីស ថ្ងៃទី ២៦ ខែតុលា ឆ្នាំ២០១២
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ