ព្រលែងពស់វែកក្នុងយន្ដហោះ ភ័យលោះព្រលឹងចុងសក់ (VDO)
- ដោយ: សេក មនោរកុមារ
- កែប្រែចុងក្រោយ: November 08, 2013
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
យុវជនជាតិអង់គ្លេសអាយុ២៤ឆ្នាំមួយរូប បានបង្កឲ្យមានការភិតភ័យព្រលឹងចុងសក់មួយ នៅក្នុងយន្ដហោះ ដោយសារយុវជនរូបនេះ បានព្រលែងចេញពីកាបូបរបស់ខ្លួន នូវពស់វែកមួយក្បាល ដែលបុរសដាក់ឈ្មោះឲ្យថា «មៃគី»។
រូបថតជំនួសដែលថតនៅក្នុងភាពយន្ដរឿង ពស់វែកនៅលើយន្ដហោះ។ (រូបថតភាពយន្ដ)
ចម្លែកតែពិត - ហេតុការណ៍ដ៏ភ័យរន្ធត់បានកើតឡើង នៅសប្ដាហ៍កន្លងទៅ នៅលើយន្ដហោះនៃក្រុមហ៊ុនអាកាសចរណ៍ អ៊ីស៊ីចេត (EasyJet) ដែលហោះភ្ជាប់ទីក្រុងតែលអាវីវ ប្រទេសអ៊ីស្ត្រាអែល និងទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស។ អាដាម ហ្គូបាយ (Adam Gubbay) អាយុ២៤ឆ្នាំ មានមុខរបរជាអ្នកបើករថយន្ដក្រុង បានធ្វើឲ្យអ្នកដំណើរជាមួយគាត់ជាច្រើននាក់ភ័យបុកពោះ ដោយសារតែគាត់បានព្រលែង ពស់វែកមួយក្បាល ចេញពីក្នុងកាបូប ខណៈពេលដែលយន្ដហោះកំពុងហោះនៅលើអាកាស។
អាដាម ហ្គូបាយ បាននិយាយពន្យល់ថា «ខ្ញុំបានដាក់ មៃគី នៅក្នុងប្រអប់ក្រដាសមួយ ដែលមានប្រហោងតូចៗនៅជុំវិញ ហើយប្រអប់នោះ នៅក្នុងកាបូបរបស់ខ្ញុំ»។ កាបូបមានពស់នោះ បានបន្លឺសម្លេងសញ្ញានៅពេលដែល អាដាម ហ្គូបាយ ឆ្លងកាត់ម៉ាស៊ីនត្រួតពិនិត្យ មុនពេលឡើងយន្ដហោះ តែគេបានឲ្យអាដាម ហ្គូបាយ បន្តដំណើរ ដោយមិនបានឃាត់ទុកអ្វីឡើយ។
នៅពេលយន្ដហោះបានមកដល់ពាក់កណ្ដាលផ្លូវ អាដាម ហ្គូបាយ មានបំណងចង់ឲ្យទឹកទៅសត្វរបស់ខ្លួនផឹក។ ប៉ុន្តែខណៈ អាដាម ដកពស់វែកចេញពីក្នុងកាបូប អ្នកដំណើរអង្គុយនៅក្បែរ បានស្រែកឆោរឡោឡើង។ អាដាមបានរំលឹកថា «ស្ត្រីម្នាក់បានស្រែកថា មានពស់វែកនៅលើយន្ដហោះ។ ពេលនោះ មនុស្សមួយចំនួននាំគ្នាផ្អើលឆោឡោតាមដែរ តែទាំងអស់គ្នានៅតែរក្សាភាពស្ងប់ស្ងៀម។»
ស្ថិតក្នុងសភាពភ្លាមៗនោះ អ្នកបើកបរយន្ដហោះបានគម្រាមនឹងចុះចតជាបន្ទាន់។ តែអាដាម ហ្គូបាយ បានយកសត្វដែលអមដំណើរជាមួយខ្លួន ទុកដាក់ក្នុងប្រអប់វិញ ហើយបានធានាថានឹងមិនមានកើតនូវឧប្បត្តិវហេតុអ្វីទាំងអស់ រហូតដល់យន្ដហោះចុះចត ជាស្ថាពរនៅព្រលានយន្ដហោះក្រុងឡុងដ៍។ នៅពេលចេញពីយន្ដហោះ យុវជនម្ចាស់សត្វពស់ ត្រូវបាននគរបាលឃាត់ខ្លួន ហើយបានទទួលនូវការព្រមានមួយ ពីអាជ្ញាធរ។ យុវជនបានថ្លែងទាំងមួរម៉ៅថា «រឿងនេះកើតឡើងដោយការមិនយល់មួយ។ ខ្ញុំគ្រាន់ជាមនុស្សម្នាក់ដែលស្រឡាញ់សត្វប៉ុណ្ណោះ ប៉ុន្តែរឿងរ៉ាវ វាបានធ្វើឲ្យខ្ញុំក្ដៅក្រហាយមែនទែន។»
ចំណែកអ្នកនាំពាក្យរបស់ក្រុមហ៊ុនអាកាសចរណ៍ អ៊ីស៊ីចេត វិញ បានចេញមកធានាអះអាង នៅចំពោះមុខអ្នកដំណើរដែលប្រើសេវាកម្មរបស់ខ្លួនថា ជីវិតរបស់ពួកគេមិនបាន ស្ថិតក្នុងសភាពគ្រោះថ្នាក់នោះទេ។ ស្ត្រីអ្នកនាំពាក្យនោះ បានថ្លែងបញ្ជាក់ថា «ពស់វែកមិនមានធ្វើសកម្មភាពអ្វីឡើយ ហើយវាបាននៅក្នុងប្រអប់របស់វា រហូតដល់ការហោះហើរបានបញ្ចប់»។ ទោះយ៉ាងណាក៏ដោយ ក៏ការស៊ើបអង្កេតមួយ ត្រូវបានបង្កើតឡើង ដើម្បីរកឲ្យឃើញពីមូលហេតុ ដែលសត្វដ៏មានគ្រោះថ្នាក់ដូចយ៉ាងសត្វពស់វែកនេះ ត្រូវបានគេឲ្យឡើង«ជិះ»យន្ដហោះ៕
សូមទស្សនាវីដេអូ នៅពេលដែលអាដាមផ្ដល់សម្ភាសឲ្យអ្នកការសែត៖
-----------------------------------------------------
ដោយ៖ សេក មនោរកុមារ - ប៉ារីស ថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ