ដោះទាំងអាវទ្រនាប់ ព្រោះខឹងនឹងបញ្ជាសន្តិសុខព្រលានយន្ដហោះ (VDO)
ស្ត្រីពីរនាក់ទើបនឹងត្រូវបាន ចាប់បង្ខំឲ្យបង់ប្រាក់ពិន័យ ដ៏ខ្លាំងមួយ ពីបទដែលពួកគាត់បានបង្កើតផ្ទាំង«ទស្សនីយភាព» នៅកណ្ដាលចំណោមមនុស្ស ជាពិសេសអ្នកដំណើរ និងកងរក្សាសន្តិសុខនៅព្រលានយន្ដហោះ នៃទីក្រុងមែនឆេស្ទើរ (Manchester) ប្រទេសអង់គ្លេស នៅខែធ្នូរឆ្នាំ២០១២កន្លងទៅ។ ការសែតអង់គ្លេស ដេល្លីមែល (Daily Mail) បានចុះផ្សាយព្រឹត្តិការណ៍ដ៏ហួសចិត្តនេះ កាលពីសប្ដាហ៍មុន។
រូបភាពនៅពេលស្ត្រីទាំងពីរនាក់ដោះអាវទាំងស្រុងពីខ្លួន។ (រូបថត ចម្លងពីអេក្រង់វីដេអូ)
ពីនេះពីនោះ - នៅវេលាម៉ោង ៦ ព្រឹក ថ្ងៃទី៣ខែធ្នូ ឆ្នាំ ២០១២ អ្នកស្រី ខេលី ហាដហ្វៀល-ហីដ (Kelly Hadfield-Hyde) អាយុ៥០ឆ្នាំ និងមិត្តភ័ក្ររបស់គាត់ អ្នកស្រី អាន ឆាដវិដ (Ann Chadwick) អាយុ៤៨ឆ្នាំ បានឆ្លងកាត់តំបន់ត្រួតពិនិត្យ នៅផ្នែកចេញដំណើរទី១ នៃព្រលានយន្ដហោះ មេនឆេស្ទើរ ដើម្បីឡើងយន្ដហោះឆ្ពោះទៅកាន់ ទីក្រុងម៉ាឡាហ្គា នៃប្រទេសអេស្ប៉ាញ។ ដូចក្នុងរបៀបរបបក្រិត្យក្រមទូទៅ នៅតាមព្រលានយន្ដហោះនានាដែរ អ្នកស្រីទាំងពីរនាក់ចាំបាច់ ដោះអាវធំចេញ ខ្សែក្រវ៉ាត់ និងស្បែកជើងចេញពីខ្លួន រួចយកទៅដាក់នៅលើកញ្ច្រែងមួយ ដើម្បីដាក់ឲ្យឆ្លងម៉ាស៊ីនត្រួតពិនិត្យ។
ប៉ុន្តែផ្ទាំងទស្សនីយភាព ដែលត្រូវបានថតជាប់ដោយកាម៉េរ៉ាសុវត្ថិភាព នៅព្រលានយន្ដហោះនោះ មិនបានដូចទៅនឹងអ្វីដែលក្រិត្យក្រមនៅក្នុងព្រលានបង្គាប់ឲ្យអ្នកស្រីទាំងពីរធ្វើនោះទេ។ ព្រោះមើលទៅដោយទំនងជាក្ដៅក្រហាយនឹងការសុំឲ្យដោះសម្លៀកបំពាក់ចេញច្រើនរឿងពេក អ្នកស្រីហាដហ្វៀល-ហីដ បានបន្តដោះអាវពាក់ជាប់នឹងខ្លួន ហើយ... បានបន្តដោះអាវទ្រនាប់របស់គាត់ចេញពីទ្រូងថែមទៀត។ សកម្មភាពនេះត្រូវបានមិត្តរបស់គាត់ អ្នកស្រី ឆាដវិដ ធ្វើតាមដូចគ្នាដែរ។ បន្ទាប់ពីនោះមក អ្នកស្រី ហាដហ្វៀល-ហីដ បានលើកដៃទាំងពីរឡើងលើ ដែលទំនងជាចង់ប្រាប់ថា «មើលទៅ ខ្ញុំគ្មានអ្វីទេ» ហើយបង្វិលខ្លួនមួយជុំនោះផង នៅពីមុខភ្នាក់ងារសន្តិសុខរបស់ព្រលានយន្ដហោះ។
ភ្លាមៗនោះ ភ្នាក់ងារសន្តិសុខជាច្រើននាក់ផ្សេងទៀត បានធ្វើអន្តរាគមន៍ដោយសុំឲ្យស្ត្រីទាំងពីរនាក់ ពាក់អាវឡើងវិញ។ នៅប៉ុន្មាននាទីក្រោយ ទើបពួកគាត់បានធ្វើតាមការបង្គាប់នោះ តែត្រូវបាននគរបាលឃាត់ខ្លួន ពីបទរំខានដល់សណ្ដាប់ធ្នាប់សាធារណៈ។
«ខ្ញុំគ្រាន់តែធ្វើតាមអ្វី ដែលគេសុំឲ្យខ្ញុំធ្វើ»
អ្នកស្រី ហាដហ្វៀល-ហីដ បានថ្លែងរៀបរាប់ថា «ភ្នាក់ងារសន្តិសុខនោះ បានកំណត់មកខ្ញុំដោយនិយាយដដែលៗ ថា"ដោះចេញ !"។ ខ្ញុំបានឆ្លើយទៅវិញថា "អ្នកឯងចង់ឲ្យខ្ញុំដោះចេញត្រឹមតែអាវធំខាងក្រៅ?" តែភ្នាក់ងាររូបនោះ នៅតែស្រែកដដែលៗទៀតថា "ដោះចេញ ! ដោះចេញ ! ដោះចេញទាំងអស់ !"។» អ្នកស្រីបាននិយាយដោយចោទប្រកាន់ ទៅលើភ្នាក់ងាររូបនោះ ដែលមានឈ្មោះថា អាបដុលាស ម៉ាយ៉េ (Abdullah Mayet) ដោយថែមទាំងធ្វើតម្រាប់តាម ភាសាដែលភ្នាក់ងារនោះនិយាយអង់គ្លេសមិនច្បាស់ផងទៀត។ ការចោទប្រកាន់នេះ ត្រូវបានច្រានចោលដោយភ្នាក់ងារសន្តិសុខរូបនោះ ដែលបានចូលមកធ្វើការតាំងពីរ៥ឆ្នាំមកហើយ នៅក្នុងព្រលានយន្ដហោះ។
ប៉ុន្តែនៅទីបំផុតទៅ ស្ត្រីទាំងពីរនាក់ត្រូវបានបង្ខំឲ្យបង់ប្រាក់ពិន័យ ៩២៥ផោន សម្រាប់អ្នកស្រី ហាដហ្វៀល-ហីដ និង៥១៧ផោន សម្រាប់អ្នកស្រី ឆាដវិដ។ អ្នកស្រី ហាដហ្វៀល-ហីដ បាននិយាយទទួលខ្លួនថា «ច៎ា ខ្ញុំបានដោះអាវផ្នែកខាងលើចេញ ហើយវាដូចជាជ្រុលបន្តិចមែន។ តែខ្ញុំមិនបានធ្វើអ្វីដែលបង្កជាបញ្ហានោះទេ ខ្ញុំគ្រាន់តែធ្វើតាមអ្វី ដែលគេសុំឲ្យខ្ញុំធ្វើប៉ុណ្ណោះ៕»
សូមទស្សនាវីដេអូ នៃការដោះអាវចេញរបស់ស្ត្រីទាំងពីរដូចតទៅ៖
--------------------------------------------------
ដោយ៖ សុបិន្ត - ម៉ុងរ៉េអាល់ ថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ