យន្ដហោះដើរដោយពន្លឺព្រះអាទិត្យមួយគ្រឿង បានសម្រេចការហោះហើរចម្ងាយឆ្ងាយ (VDO)
យន្ដហោះដំបូងគេ ដែលដើរដោយពន្លឺព្រះអាទិត្យ មានឈ្មោះហៅថា សូលាអាមភូល្ស៍ (Solar Impulse) បានត្រឡប់មកកន្លែងដើមវិញ នៅក្រុងសាំងល្វី (Saint-Louis) នៃរដ្ឋមីស៊ូរី (Missouri) សហរដ្ឋអាមេរិក នៅថ្ងៃអង្គារកន្លងមកនេះ បន្ទាប់ពីបានធ្វើការហោះហើរ ដ៏ឆ្ងាយចេញពីក្រុងដាឡាស (Dallas) នៃរដ្ឋតិចសាសនោះមក។
ក្នុងដំណើរត្រឡប់មកវិញនេះ យន្ដហោះដើរដោយពន្លឺព្រះអាទិត្យ ត្រូវបានកាន់ចង្កូតដោយ អាកាសយានិកលោក ប៊ែរត្រង់ ពីការ (Bertrand Piccard) ជាជនជាតិស្វីសមួយរូប។ យន្ដហោះបានចុះចតដោយសុវត្ថិភាព នៅព្រឹកថ្ងៃអង្គារ ក្នុងក្រុងសាំងល្វី ហើយនេះជាការហោះហើរសាកល្បងលើកទី៣ហើយ ដែលគេបានបង្ហោះយន្ដហោះ បំពាក់ដោយបច្ចេកវិទ្យាថ្មីនេះ ឆ្លងកាត់ប្រទេសអាមេរិក ក្នុងចម្ងាយមួយឆ្ងាយជាងគេ ដោយប្រើពេលរហូតដល់២១ម៉ោង។
[...]