យន្ដហោះដើរដោយពន្លឺព្រះអាទិត្យមួយគ្រឿង បានសម្រេចការហោះហើរចម្ងាយឆ្ងាយ (VDO)
- ដោយ: សេក មនោរកុមារ
- កែប្រែចុងក្រោយ: June 06, 2013
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
យន្ដហោះដំបូងគេ ដែលដើរដោយពន្លឺព្រះអាទិត្យ មានឈ្មោះហៅថា សូលាអាមភូល្ស៍ (Solar Impulse) បានត្រឡប់មកកន្លែងដើមវិញ នៅក្រុងសាំងល្វី (Saint-Louis) នៃរដ្ឋមីស៊ូរី (Missouri) សហរដ្ឋអាមេរិក នៅថ្ងៃអង្គារកន្លងមកនេះ បន្ទាប់ពីបានធ្វើការហោះហើរ ដ៏ឆ្ងាយចេញពីក្រុងដាឡាស (Dallas) នៃរដ្ឋតិចសាសនោះមក។
ក្នុងដំណើរត្រឡប់មកវិញនេះ យន្ដហោះដើរដោយពន្លឺព្រះអាទិត្យ ត្រូវបានកាន់ចង្កូតដោយ អាកាសយានិកលោក ប៊ែរត្រង់ ពីការ (Bertrand Piccard) ជាជនជាតិស្វីសមួយរូប។ យន្ដហោះបានចុះចតដោយសុវត្ថិភាព នៅព្រឹកថ្ងៃអង្គារ ក្នុងក្រុងសាំងល្វី ហើយនេះជាការហោះហើរសាកល្បងលើកទី៣ហើយ ដែលគេបានបង្ហោះយន្ដហោះ បំពាក់ដោយបច្ចេកវិទ្យាថ្មីនេះ ឆ្លងកាត់ប្រទេសអាមេរិក ក្នុងចម្ងាយមួយឆ្ងាយជាងគេ ដោយប្រើពេលរហូតដល់២១ម៉ោង។
ពិភពមួយផ្សេងទៀត
ទោះជាមានព្រឹត្តិការណ៍ ព្យុះខ្យល់គួចកើតឡើងនៅ នៅព្រលានយន្ដហោះនៃទីក្រុងសាំងល្វីក៏ដោយ តែពួកអ្នករៀបចំ និងអ្នកបើកយន្ដហោះស្វីស នៅតែរក្សាជើងហោះហើរសាកល្បងរបស់ខ្លួន ចេញពីរដ្ឋតិចសាសនោះដដែល។ នៅពេលមកដល់ទីក្រុងសាំងល្វី លោកប៊ែរត្រង់ អ្នកបើកបរយន្ដហោះនេះ បាននិយាយដោយក្ដីអំណរ ផ្សាយក្នុងគេហទំព័រនៃអ្នករៀបចំការហោះហើរ ថា «ខ្ញុំមានអារម្មណ៍ ដូចទើបនឹងត្រឡប់ ពីពិភពមួយផ្សេងទៀត»។
ការហោះហើរសាកល្បង ត្រូវបានធ្វើក្នុងប្រាំជំហាន ហើយបានចាប់ផ្ដើមជំហានទីមួយតាំងពីខែឧសភាមុន នៅជិតក្រុងសាន់ហ្វ្រាន់ស៊ីស្កូ (San Francisco) នៃរដ្ឋកាលីហ្វ័នី (Californie) មុននឹងចេញផ្សាយយកជាការបាន ស្ដីពីបច្ចេកវិទ្យថ្មីមួយនេះជាសាធារណៈ។
យន្ដហោះនេះ បំពាក់ដោយប្រដាប់ទទួលពន្លឺព្រះអាទិត្យ ចំនួន ១២០០០បន្ទះ ហើយមានសមត្ថភាពបញ្ចូលភ្លើងទៅក្នុងអាគុយស្ងួត ដែលមានទំងន់៤០០គីឡូក្រាម ដើម្បីបញ្ជាទៅម៉ាស៊ីនប្រតិកម្មទាំងបួនគ្រឿង នៅខាងស្លាបសងខាងរបស់តួយន្ដហោះ។ យន្ដហោះទាំងមូលមានទម្ងន់១៦០០គីឡូក្រាម និងមានប្រវែងពីចុងស្លាបម្ខាងទៅម្ខាងទៀត ៦៣,៤ម៉ែត្រ ដែលប្រហាក់ប្រហែលនឹងយន្ដហោះ ប៊ូអីញ ប្រភេទ៧៤៧ (Boeing 747) មួយគ្រឿងដែរ។
សូលាអាមភូល្ស៍ ហោះបានកំពស់ខ្ពស់បំផុត ៨៥០០ម៉ែត្រពីកំពស់ទឹកសមុទ្រ និងមានល្បឿនជាមធ្យម ៧០គីឡូម៉ែត្រ ក្នុងមួយម៉ោង។ គម្រោងផលិតយន្ដហោះនេះ បានកើតជារូបរាងតាំងពីជាង១០ឆ្នាំមុន ប៉ុន្តែទើបនឹងដាក់ឲ្យហោះសាកល្បងលើកដំបូងគេ នៅខែមិថុនាឆ្នាំ២០០៩។ ក្នុងខណៈនេះ យន្ដហោះត្រូវបានផលិតឡើង សម្រាប់ដាក់បានតែអ្នកបើកបរវា តែម្នាក់ឯងប៉ុណ្ណោះ៕
ខាងក្រោមនេះ ជារូបមួយចំនួនទៀត និងវីដេអូ នៃការហោះហើរនៃយន្ដហោះពិសេសនេះ៖
-----------------------------------------------------------------
ដោយ សេក មនោរកុមារ - ប៉ារីស ថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ