សហគមន៍អន្តរជាតិ អំពាវនាវអោយកូរ៉េខាងជើង «ឈប់លេងភ្លើង»
ខណៈពេលដែលកូរ៉េខាងជើង បានប្រកាសក្នុងរយៈពេលចុងក្រោយ ពីការដាក់ប្រទេសខ្លួន ក្នុង«ស្ថានភាពសង្គ្រាម» ទល់នឹងប្រទេសកូរ៉េខាងត្បូង សហគមន៍អន្តរជាតិក៏បានតម្លើងសម្លេងរបស់ខ្លួន ក្នុងការអំពាវនាវ អោយគ្រប់ភាគីទាំងអស់ ងាកមករកស្ថានភាពស្ងប់ស្ងៀមវិញ។
ព្យុះហយាត្រា បង្ហាញពីកាំជ្រួចម៊ីលស៊ីល របស់ប្រទេសកូរ៉េខាងជើង។
បន្ទាប់ភ្លាមៗ ពីការសេចក្ដីប្រកាសព័ត៌មាន របស់ទីក្រុងព្យុងយ៉ាង សហរដ្ឋអាមេរិកបានថ្លែងយកជាបានការ នូវការគម្រាមទាំងឡាយរបស់ប្រទេសកុម្មុយនីស។ «យើងបានដឹងពីសេចក្ដីថ្លែងការណ៍ថ្មីមួយមិនល្អ ពីសំណាក់ប្រទេសកូរ៉េខាងជើង។ យើងចាត់ទុកការគម្រាមទាំងនេះ យកជាបានការ ដោយរក្សាការទាក់ទង់យ៉ាងជិតដិត ជាមួយនឹងកូរ៉េខាងត្បូង សម្ព័ន្ធមិត្តរបស់យើង។» នេះជាការថ្លែងអោយដឹង របស់លោកស្រី កេតលីន ហេដេន (Caitlin Hayden) អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិ របស់សេតវិមាន។ លោកស្រីបន្ថែមថា «តែយើងសូមរំលឹកថា កូរ៉េខាងជើងមានទម្លាប់ ក្នុងការប្រើប្រាស់ពាក្យសម្ដី និងការគម្រាមធ្វើសង្គ្រាម ហើយការប្រកាសដែលបានធ្វើមកនេះ ធ្វើអោយដឹង ពីការបន្តរូបមន្ដបែបនេះជាថ្មីទៀត»។ មន្ទីប៉ង់តាហ្គោន (ក្រសួងការពារជាតិអាមេរិក) បានប្រាប់អោយដឹងដូចគ្នា ថាបានពង្រឹកនូវយុទ្ធសាស្ត្រការពារ ខ្លាំងជាងមុន នូវផ្នែកខាងលិចនៃសហរដ្ឋអាមេរិក។
ប្រទេសរ៉ូស្សី ឯណោះវិញ បានអំពាវនាវអោយប្រទេសកូរ៉េទាំងពីរ និងសហរដ្ឋអាមេរិក បង្ហាញនូវជំហរ«អត់ធ្មត់» និងការ«ទទួលខុសត្រូវ» អោយបានខ្ពស់បំផុត នៅក្នុងឧបទ្វីបកូរ៉េ។ សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសរ៉ូស្សី បានថ្លែងថា «យើងមិនយល់ស្របទៅនឹងសេចក្ដីថ្លែងការណ៍ ឬការសម្រេចចិត្តណាក៏ដោយ ដែលនៅគ្រប់រូបភាព នាំទៅដល់ការបង្កើតអោយមានភាពតានតឺង។ យើងកំពុងធ្វើការទាក់ទងជាប់ជាប្រចាំ ជាមួយដៃគូររបស់យើង ក្នុងការស្វែងរកការចរចារ៦ភាគី លើបញ្ហានុយក្លេអ៊ែរ របស់កូរ៉េខាងជើង ដើម្បីទប់កុំអោយស្ថានការណ៍ ឃ្លាតឆ្ងាយពីរង្វង់ នយោបាយ-ការទូត។»
សូមបញ្ជាក់ថា ភាគីចរចាទាំង៦នោះ រូមមាន ប្រទេសកូរ៉េទាំងពីរ ចិន សហរដ្ឋអាមេរិក រ៉ូស្សី និងជប៉ុន។
រីឯប្រទេសបារាំង បានថ្លែងពីការព្រួយបារម្ភ «យ៉ាងខ្លាំង» ជាមួយនឹងស្ថានភាពនៅក្នុងតំបន់ ហើយបានអំពាវនាវអោយប្រទេសកូរ៉េខាងជើង បញ្ឈប់នូវការបង្កហេតុណាជាថ្មីទៀត។ តាមរយះសេចក្ដីប្រកាសព័ត៌មានមួយ ចេញនៅថ្ងៃសៅរ៍ទី៣០ខែមិនា អ្នកនាំពាក្យនៃក្រសួងការបរទេស លោកហ្វីលីព ឡាលីយ៉ូ (Philippe Lalliot) បានអោយដឹងថា «ប្រទេសបារាំងបានសុំទៅប្រទេសកូរ៉េខាងជើង អោយបំពេញនូវកតព្វកិច្ចអន្តរជាតិរបស់ខ្លួន ជាពិសេសនៅក្នុងរង្វង់ នៃដំណោះស្រាយស្និតនឹងសំនុំរឿង របស់អង្គការសហប្រជាជាតិ និងចាប់បង្កើតអោយមាន នូវការជជែករកគ្នាឡើងវិញ»។
រដ្ឋមន្ត្រីការបរទេសអាឡឺម៉ង់ លោក ហ្គីដូ វេសធើវែល៍ (Guido Westerwelle) ឯណោះ បានប្រាប់របបក្រុងព្យុងយ៉ាង អោយឈប់«ប្រលែងលេងជាមួយនឹងភ្លើង» ដោយបានចាត់ទុកជា«បានការ» នូវរាល់ការគម្រាមទាំងឡាយ ដែលបានដាក់ទម្ងន់ក្នុងតំបន់។ កាសែតមួយបានស្រង់សម្ដីរបស់លោករដ្ឋមន្ត្រី មកសរសេរថា «ល្បែងមិនទទួលខុសត្រូវ របស់កូរ៉េខាងជើង ជាមួយនឹងភ្លើង ត្រូវតែបញ្ឈប់»។ លោកបានសម្ដែងនូវការព្រួយបារម្ភថា បើទោះជារូបភាព និងពាក្យសម្ដី បានធ្វើអោយគេគិតថា ប្រទេសកូរ៉េខាងជើង បានឈានជើង ចូលមកដល់សម័យកាលថ្មីនោះក៏ដោយ តែអ្វីៗទាំងអស់ដែលបានកើតឡើង ក្នុងរយះពេលចុងក្រោយនេះ បង្កអោយមាន នូវការគម្រាមយ៉ាងជាក់ច្បាស់មួយ សម្រាប់«សន្តិភាព» នៅក្នុងតំបន់ទាំងមូល៕
------------------------------------------------
ដោយ ៖ កេសរកូល - ភ្នំពេញ ថ្ងៃទី៣១ ខែមិនា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ